ប្រទេសជប៉ុន ហាមឃាត់អ្នកដំណើរបរទេស មកពីគ្រប់ប្រទេសទាំងអស់ចូលមកក្នុងប្រទេសរបស់ខ្លួន!

ទីក្រុងតូក្យូ: រដ្ឋាភិបាលរបស់ជប៉ុនបានធ្វើការប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះ នឹងហាមឃាត់អ្នកដំណើរបរទេស មកពីគ្រប់ប្រទេសទាំងអស់ចូលមកក្នុងប្រទេសរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពបំផុត ចាប់ពីថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស។

បើយោងតាមភ្នាក់ងារសារព័ត៌មាន Nikkei របស់ជប៉ុនបានលើកឡើងថា ច្បាប់នៃការហាមឃាត់នេះ នឹងចូលជាធរមានរហូតដល់ចុងខែមករា ឆ្នាំ ២០២១។ មានតែជនជាតិជប៉ុន និងជនជាតិបរទេសដែលស្នាក់នៅស្របច្បាប់ក្នុងប្រទេសជប៉ុនប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ចូលមកវិញ ដោយត្រូវបានបញ្ជាក់ថានឹងបញ្ជូនលទ្ធផលតេស្តមេរោគអវិជ្ជមាន ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីចេញដំណើរ និងក៏ឆ្លងកាត់ការធ្វើតេស្តិ៍ម្តងទៀតនៅពេលមកដល់ផងដែរ ចាប់ពីថ្ងៃពុធ រហូតដល់ចុងខែមករា។

រដ្ឋាភិបាលបាននិយាយថា ខ្លួនបានសម្រេចចិត្តចាត់វិធានការណ៍នេះឡើង ខណៈដែលមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ កំពុងតែចាប់ផ្តើម រីករាលដាលនៅក្នុងប្រទេសមួយចំនួន នៅលើពិភពលោកហើយ។ 

លើសពីនេះ ទីក្រុងតូក្យូបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៩៤៩ ករណីកាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរ បានជម្រុញឱ្យប្រជាជនស្នាក់នៅផ្ទះ បើសិនជាមិនចាំបាច់ត្រូវចេញទៅណា។ ក្រុមមន្រ្តីក៏បាននិយាយផងដែរថា មនុស្សពីរនាក់ទៀត នៅក្នុងប្រទេសជប៉ុន ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសប្រភេទថ្មីនេះ ដែលធ្វើឱ្យចំនួនសរុបមកដល់ពេលនេះ ឡើងដល់ ៧ នាក់ហើយ។

ក្រសួងសុខាភិបាលរបស់ជប៉ុនបាននិយាយថា ការឆ្លងមួយក្នុងចំណោមករណីឆ្លងពីររបស់ជប៉ុន ដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ ត្រូវបានគេនិយាយថា ជាករណីឆ្លងដំបូងគេបំផុតនៅក្នុងសហគមន៍។ អ្នកជំងឺចុងក្រោយពីរនាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុងតូក្យូ គឺជាអ្នកបើកយន្ដហោះដែលមានអាយុជាង ៣០ ឆ្នាំ បានវិលត្រឡប់មកពីប្រទេសអង់គ្លេស នៅថ្ងៃទី ១៦ ធ្នូ និងស្ត្រីម្នាក់ទៀតមានអាយុជាង ២០ ឆ្នាំជាសមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់ ដោយមិនមានប្រវត្តិមកទស្សនាប្រទេសនោះទេ។ 

បុរសនោះមិនត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ពីព្រលានយន្តហោះទេដោយសារតែការកាតព្វកិច្ចរបស់គាត់ ហើយស្ត្រីម្នាក់នោះ ត្រូវបានគេជឿថាបានឆ្លងផ្ទាល់ពីគាត់។ យោងតាមក្រសួងបានឱ្យដឹងថា មានមនុស្ស ៣ នាក់ផ្សេងទៀត មានទំនាក់ទំនងជិតស្និតជាមួយនឹងអ្នកទាំងពីរ ហើយម្នាក់ក្នុងចំនោមពួកគេ បានធ្វើតេស្ត៍អវិជ្ជមាន រីឯស្ថានភាពរបស់មនុស្ស ២ នាក់ទៀតមិនទាន់ដឹងនៅឡើយ។

ប្រទេសជប៉ុនបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៣.៨៨១ ករណីនៅទូទាំងប្រទេស សម្រាប់ត្រឹម ៤ ថ្ងៃជាប់ៗគ្នាដោយគិតត្រឹមថ្ងៃសៅរ៍ និងមានអ្នកស្លាប់ចំនួន ៤៦ នាក់ ខណៈដែលទីក្រុងតូក្យូ និងបណ្តាខេត្តជាច្រើនទៀត បានរាយការណ៍ពីចំនួនអ្នកឆ្លងខ្ពស់បំផុត នៅដើមថ្ងៃឈប់សម្រាកចុងឆ្នាំ។ ដូចនេះ ចំនួនឆ្លងសរុបរបស់ប្រទេសនេះឡើងដល់ចំនួន ២១៩.០៧០ ករណីហើយ។

ចាប់តាំងពីខែតុលាមក ប្រទេសជប៉ុនបានអនុញ្ញាតឱ្យជនបរទេសចូលស្នាក់នៅរយៈពេលយ៉ាងតិចបីខែ ដោយមានលក្ខខណ្ឌ ដែលពួកគេត្រូវបានកំណត់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃជាមុនសិន។ បន្ទាប់ពីការលេចចេញនូវសំពាធនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះមក រដ្ឋាភិបាលបានទម្លាក់ចក្រភពអង់គ្លេសចេញពីបញ្ជីរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ បន្ទាប់មកមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃសៅរ៍។ ឥឡូវនេះការចេញទិដ្ឋាការរយៈពេលវែង នឹងត្រូវផ្អាកសម្រាប់ជនជាតិទាំងអស់តែម្តង។ យ៉ាងណាគោលការណ៍ដាក់នៅដាច់ដោយឡែក ១៤ ថ្ងៃក៏នឹងចាំបាច់ត្រូវប្រើលើជនជាតិជប៉ុនទាំងអស់ ដែលបានត្រឡប់ពីបរទេសវិញផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីចក្រភពអង់គ្លេសនិងជប៉ុន វីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញនៅប្រទេសសិង្ហបុរី បារាំង អ៊ីតាលី ហូឡង់ ដាណឺម៉ាក ស៊ុយអែត អូស្ត្រាលី និងអាឡឺម៉ង់ ហុងកុង គិតត្រឹមថ្ងៃសៅរ៍។

វីរុសប្រភេទថ្មីនេះ ត្រូវបានគេនិយាយថាអាចឆ្លងបានលឿនជាង ៧០% បើធៀបទៅនឹងវីរុសដើម ប៉ុន្តែអ្នកជំនាញខាងវេជ្ជសាស្ត្រ នៅមិនទាន់ជឿថា វាធ្វើឱ្យមនុស្សឈឺជាងមុន ឬមានអាទិភាពកាន់តែខ្លាំងជាងវ៉ាក់សាំងដែលមានស្រាប់នោះទេ។