គម្រោងរថភ្លើងល្បឿនលឿន ចំនួន ៣ កំពុងសាងសង់នៅប្រទេសអាស៊ាន!

រថភ្លើងល្បឿនលឿន យើងធ្លាប់តែឃើញមាននៅតាមបណ្ដាប្រទេសជឿនលឿនប៉ុណ្ណោះ ដូចជានៅប្រទេសចិន ជប៉ុន អាល្លឺម៉ង់ បារាំង អេស្ប៉ាញ -ល- ប៉ុន្តែពេលនេះ គម្រោងរថភ្លើងល្បឿនលឿនទាំងនោះ កំពុងសាងសង់នៅក្នុងប្រទេសតំបន់អាស៊ានយើង ដែលចាប់ផ្ដើមមានចំនួន ៣ ខ្សែ ត្រូវបានគេតភ្ជាប់ទីក្រុងសំខាន់ៗរបស់គេ ដើម្បីបម្រើវិស័យសេដ្ឋកិច្ច ការដឹកជញ្ជូនអ្នកដំណើរយ៉ាងឆាប់រហ័ស កាត់បន្ថយបញ្ហាស្ទះចរាចរណ៍ និងភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។ 

១. គម្រោងរថភ្លើងល្បឿនលឿន ទីក្រុងហ្សាកាតា-បានដុង 

គម្រោងរថភ្លើងល្បឿនលឿន ទីក្រុងហ្សាកាតា-បានដុង មានប្រវែងសរុប ១៤២.៣ គីឡូម៉ែត្រ ដែលត្រូវបានសហការជាមួយរដ្ឋាភិបាលចិន បង្កើតក្រុមហ៊ុនវិនិយោគ Kerata Cepat Indonesia China (KCIC) និងទទួលសាងសង់ដោយក្រុមហ៊ុន China Railway Corporation គិតមកដល់ពេលនេះ សម្រេចការងារបាន ៦៤% មកហើយ ទាំងផ្លូវក្រោមដី និងផ្លូវអាកាស គ្រោងនឹងចំណាយទឹកប្រាក់សរុប ៥,៦៧០ លានដុល្លារ ដោយអាចនឹងជញ្ជូនអ្នកដំណើរពីទីក្រុងហ្សាកាតា-ទីក្រុងបានដុង ប្រើពេលត្រឹមតែ ៤០ នាទីប៉ុណ្ណោះ។ 

២. គម្រោងរថភ្លើងល្បឿនលឿន ទីក្រុងបាងកក-ខេត្តនគររាជសីមា

គម្រោងរថភ្លើងល្បឿនលឿន បាងកក-នគររាជសីមា មានប្រវែងសរុប ២៥៣ គីឡូម៉ែត្រ ដែលត្រូវបានសហវិនិយោគដោយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលចិន ដើម្បីភ្ជាប់ទីក្រុងបាងកក ទៅកាន់ខេត្តសំខាន់ៗនៃភាគខាងជើងប្រទេសថៃ រហូតដល់ព្រំដែនប្រទេសឡាវ ហើយក៏ជាគម្រោងនៃផ្លូវដែកអាស៊ាន ក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវផងដែរ។ គម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Railway International គ្រោងចំណាយទឹកប្រាក់ ៥០.៦៣ ពាន់លានបាត (ប្រមាណ ១,៧០០ លានដុល្លារ) ដែលគេអាចប្រើប្រាស់រថភ្លើងល្បឿនលឿន ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ 

៣. គម្រោងរថភ្លើងល្បឿនលឿន ទីក្រុងគូឡាឡាំពួ-សិង្ហបុរី

រថភ្លើងល្បឿនលឿនឆ្លងប្រទេសម៉ាឡេស៊ី-សិង្ហបុរី កំពុងស្ថិតនៅក្នុងការចចាររវាងរដ្ឋាភិបាលប្រទេសទាំង ២ នឹងអាចឈានដល់ការអនុម័តក្នុងពេលឆាប់ៗ ដើម្បីអាចសម្រេចការភ្ជាប់រថភ្លើងល្បឿនលឿនរវាងទីក្រុងដ៏សំខាន់ទាំងពីរនៅអាស៊ីអាគ្នេយ៍នេះបាន។ រថភ្លើងល្បឿនលឿន គូឡាឡាំពួ-សិង្ហបុរី ត្រូវបានគេសិក្សាមានប្រវែងសរុប ៣៥០ គីឡូម៉ែត្រ ដោយប្រវែង ៣៣៥ គីឡូម៉ែត្រស្ថិតនៅប្រទេសម៉ាឡេស៊ី និងប្រវែង ១៥ គីឡូម៉ែត្រនៅប្រទេសសិង្ហបុរី រួមមានស្ថានីយចំណតចំនួន ៨ កន្លែងដូចជា៖ នៅក្រុង Bandar Malaysia (ជាយក្រុងគូឡាឡាំពួ), ក្រុង Putrajaya, ក្រុង Seremban, ក្រុង Ayer Keroh, ក្រុង Muar, ក្រុង Batu Pahat, ក្រុង Iskandar Puteri និងទីក្រុងសិង្ហបុរី ហើយគេអាចចំណាយពេលត្រឹមតែ ៩០ នាទីប៉ុណ្ណោះ សម្រាប់ធ្វើដំណើរភ្ជាប់ទីក្រុងគូឡាឡាំពួ-សិង្ហបុរី។