តំណក់ប្រេងដំបូងនៅកម្ពុជា រង់ចាំតាំងពីឆ្នាំ២០១២ ពេលនេះត្រូវបានចាប់ផ្ដើមផលិតចេញនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០!

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហោះសារជម្រាបជូនបងប្អូនជនរួមជាតិ ជុំវិញដំណើរការចាប់ផ្ដើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលទន្ទឹងរង់ចាំជាយូរមកហើយ ចាប់ពីឆ្នាំ២០១២ មក ហើយត្រូវបានផលិតចេញជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាម នាំមកនូវឯកភាពជាតិ ឯកភាពទឹកដី តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។  

ក្នុងឱកាសនោះដែរ សម្តេចតេជោ បានជម្រាបរំលឹកដល់ប្អូនជនរួមជាតិឲ្យបានដឹងអំពីប្រវត្តិនិងដំណើរការនៃការផលិតដំណក់ប្រេងដំបូងនៅកម្ពុជា ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងប្រេងកាតដំបូងជាមួយសម្ព័ន្ធក្រុមហ៊ុន ដែលរួមមាន ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd, ក្រុមហ៊ុន LG Caltex Oil Corporation, ក្រុមហ៊ុន Moeco Cambodia Co., Ltd និងក្រុមហ៊ុន KrisEnergy តាំងពីឆ្នាំ២០០២ ហើយសម្ព័ន្ធក្រុមហ៊ុនទាំងនេះត្រូវបានដឹកនាំដោយក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិច។ មកដល់ឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេងលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងនៅកម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលកម្ពុជាពិនិត្យនិងសម្រេច ហើយតាមផែនការនោះ ផលិតកម្មប្រេងដំបូងនៅកម្ពុជា គ្រោងនឹងចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះបានតម្រូវឲ្យភាគីទាំង ២ ត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ធ្វើឲ្យដំណើរការអនុវត្តផែនការផលិតប្រេងខែធ្នូ ឆ្នាំ២០១២ ត្រូវបានរាំងស្ទះមិនអាចអនុវត្តិបាន។ 

កិច្ចព្រមព្រៀងប្រេងកាតខាងលើនោះ ក៏ត្រូវប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំង២ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់បច្ចេកទេស និងសេដ្ឋកិច្ច។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd, ក្រុមហ៊ុន LG Caltex Oil Corporation, និងក្រុមហ៊ុន Mocco Cambodia Co., Ltd បានស្នើសុំដកខ្លួនចេញជាបន្ដបន្ទាប់ចាប់ពីឆ្នាំ២០១៤-២០១៦។ រហូតមកដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍអាជីវកម្មអណ្ដូងប្រេងថ្មី ដែលអាចចាប់ផ្ដើមដំណើរការផលិតប្រេងបាននៅថ្ងៃនេះ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ 

១. ផ្លាតហ្វមអណ្ដូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្ដើមសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២០ បានដឹកនិងតម្លើងរួចរាល់នៅតំបន់ប្លុក A នៅថ្ងៃទី ៩ វិច្ឆិកា ២០២០។ 

២. កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែកញ្ញា ឆ្នាំ២០២០ នៅប្រទេសសិង្ហបុរី បានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A ហើយបានរៀបចំត្រៀមរួចរាល់នៅថ្ងៃទី ៩ វិច្ឆិកា ២០២០។ 

៣. អណ្ដូងប្រេងទី ២ បានបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ និងចាប់ផ្ដើមផលិតចេញប្រេងដំបូងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ នេះ។ ក្រៅពីនេះ មានអណ្ដូងប្រេងចំនួន ២ ទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ 

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចាប់ផ្ដើមផលិតកម្មប្រេងដំបូងនេះ គឺជាពរជ័យសម្រាប់ប្រទេសកម្ពុជា ជាជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា ដែលបម្រើជាផលប្រយោជន៍សំខាន់ៗរួមមាន៖ ចំណូលថវិកាជាតិ, ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតនូវពិពិធកម្មខឿនឧស្សាហកម្មប្រេងកាត, និងការកសាងសមត្ថភាពជាតិក្នុងវិស័យនេះ។