ស្ដាតធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនាខែឧសភា ឆ្នាំ២០២០!

កាលពីម្សិលមិញនេះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យមើលដំណើរការសាងសង់កីឡដ្ឋានធំ ឬស្ដាតធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

នៅក្នុងដំណើរការត្រួតពិនិត្យ គម្រោងសាងសង់កីឡដ្ឋានធំ ខាងលើនេះ ឯកឧត្តម ថោង ខុន បានសម្តែងនូវសេចក្ដីរីករាយ ដោយមើលឃើញពីភាពខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនទទួលសាងសង់ ព្រមទាំងមានកម្មករខ្មែរ ៣០០ នាក់ និងកម្មករចិន ២០០ នាក់ ព្យាយាមខិតខំសាងសង់សំណង់កីឡដ្ឋានដ៏ធំនេះ ហើយវាគឺជាមោទនភាពជាតិ ជាចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាអនុស្សារីយ៍ដ៏ធំធេងនាពេលបច្ចុប្បន្ន និងសម្រាប់តទៅកូនចៅខ្មែរនាពេលអនាគតផងដែរ។ 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា កីឡដ្ឋានធំ នៃពហុកីឡដ្ឋានមរតកតេជោ នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងខែឧសភា ឆ្នាំ២០២១ ដោយមានការយឺតយ៉ាវបន្ដិចទៅលើការដឹកជញ្ជូនសម្ភារៈបំពាក់ដំបូលប៉ុណ្ណោះ ព្រោះត្រូវកុម្ម៉ង់ទិញមកពីអាល្លឺម៉ង់ ជាប្រភេទកៅស៊ូតង់ពិសេស ដែលធានាលើគុណភាពប្រើប្រាស់បានយ៉ាងតិច ៣០ ឆ្នាំ និងត្រូវបានរចនាជាក្បាច់ផ្កាចន្ទ។ នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ក្រុមការងារបច្ចេកទេស នឹងរៀបចំបំពាក់កៅអីអង្គុយ នៅក្នុងស្ដាតធំ ដោយបែងចែកតំបន់កៅអីចម្រុះពណ៌ កៅអី VIP ដោយមានសមត្ថភាពផ្ទុកអ្នកទស្សនាសរុបចំនួន ៦០,០០០ នាក់។ 

ក្រោយបញ្ចប់ការសាងសង់ពហុកីឡដ្ឋានធំ (Main Statdium) ខាងលើនេះ កម្ពុជានឹងរៀបចំកម្មវិធីជាច្រើនដូចជា៖ ពិធីសម្ពោធជាផ្លូវការ (ដែលនៅក្នុងពិិធីសម្ពោធនេះនឹងមានការប្រកួតមិត្តភាពកម្ពុជា-ចិន) និងសហការជាមួយសហព័ន្ធកីឡាបាត់ទាត់កម្ពុជា សម្រាប់ការប្រកួតជម្រុះអន្តរជាតិក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀត ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មី បរិយាកាសថ្មី។ ការប្រកួតបាត់ទាត់អន្តរជាតិផ្សេងៗ អាចនឹងចាប់ផ្ដើមធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ចាប់ពីអំឡុងពាក់កណ្ដាលឆ្នាំ២០២១។ 

គូសបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាគម្រោងសាងសង់ដ៏ធំមួយនៅកម្ពុជា ត្រូវបានប្រើប្រាស់ផ្ទៃដីទំហំ ៨៥ ហិតា ទទួលសាងសង់ដោយក្រុមហ៊ុន China State Construction Engineering Corporation (CSCEC) ក្រោមជំនួយឥតសំណងក្នុងរង្វង់ទឹកប្រាក់ ១៥៧ លានដុល្លារ ពីរដ្ឋាភិបាលចិន សម្រាប់កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣។