មុខទំនិញជាច្រើននៅចិន ចាប់ផ្ដើមឡើងថ្លៃមុនពិធីបុណ្យចូលឆ្នាំចិនចូលមកដល់!

ប៉េកាំង៖ មុនថ្ងៃបុណ្យចូលឆ្នាំចិន ដែលជាពិធីបុណ្យប្រពៃណីជាតិ និងជាទំនាមទម្លាប់ដ៏សំខាន់បំផុតមួយសម្រាប់ប្រជាជនចិន នឹងឈានមកដល់នាខែកុម្ភៈ ខាងមុខ តម្លៃផលិតផល និងមុខទំនិញយ៉ាងច្រើនចាប់ផ្ដើមឡើងថ្លៃ ខណៈទីផ្សារចាប់ផ្ដើមមានតម្រូវការផលិតផលខ្ពស់ ក្នុងទំហំច្រើន។

តាមរយៈរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលចិនបានបង្ហាញឱ្យដឹងថា ផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនពិសេសគឺបន្លែស្រស់ និងសាច់ បានចាប់ផ្ដើមហក់ឡើងខ្ពស់ នៅពេលដែលតម្រូវការទីផ្សារនៅចិនចាប់ផ្ដើមមានការកើនឡើងជាបន្តបន្ទាប់។ នាយកដ្ឋានស្ថិតិជាតិចិន បានបញ្ជាក់ឱ្យដឹងថា កើនឡើងថ្លៃនៃមុខទំនិញនេះមានអត្រា ០.២% បើធៀបទៅនឹងឆ្នាំ ២០២០ កន្លងទៅ ដោយមុខទំនិញឡើងថ្លៃភាគច្រើនគឺជាប្រភេទអាហារ សាច់ និងបន្លែស្រស់។

ការកើនឡើងនៃតម្រូវការទីផ្សារ បានហក់ឡើងខ្ពស់នៅចិន ឈរនៅលើមូលដ្ឋានសំខាន់ចំនួន ២ គឺអាកាសធាតុត្រជាក់ខ្លាំង ដែលពិបាកក្នុងការស្វែងរក ពិបាកក្នុងការដឹកជញ្ជូន និងទិញផលិតផលស្រស់ៗ ពិសេសគឺការទិញក្នុងចំនួនច្រើនស្តុកទុកសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ មិនតែប៉ុណ្ណោះ សាច់ជ្រូក និងសាច់គោ បានឡើងថ្លៃផងដែរ ហើយកាន់តែឡើងថ្លៃបន្ថែមទៀតនាខែកុម្ភៈខាងមុខ នៅទូទាំងប្រទេស ដោយសារមានតម្រូវការសែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន។

ទិន្នន័យដដែលបានបង្ហាញឱ្យដឹងទៀតថា តម្លៃមុខទំនិញចេញពីរោងចក្រ បានធ្លាក់ចុះ ០,៤% កាលពីខែធ្នូកន្លងទៅ តែជាតម្លៃប្រសើរជាង បើធៀបនឹងខែវិច្ឆិកា ក្នងអត្រា ១,៥% នាឆ្នាំ២០២០ កន្លងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្ដីសន្និដ្ឋានរបស់នាយកដ្ឋានស្ថិតិជាតិចិន កំណត់ថា តម្លៃមុខទំនិញទាំងនោះនឹងវិលទៅរកតម្លៃធម្មតាវិញ នារដូវក្ដៅខាងមុខ ហើយតម្រូវការក្នុងស្រុកនឹងកាត់បន្ថយទៅវិញផងដែរ។

គួររំលឹកថា ប្រទេសចិនបានទិញផលិតផលជាច្រើនពីដៃគូអន្តរជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុករបស់ពលរដ្ឋរបស់ខ្លួន ហើយក្នុងឱកាសថ្ងៃចូលឆ្នាំម្ដងៗ ផលិតផលសាច់ និងបន្លែបានឡើងថ្លៃគ្រប់ទីកន្លែង ដោយសារទីផ្សារមានតម្រូវការខ្ពស់ជាងរាល់ដង។ ជុំវិញរឿងនេះ អាជ្ញាធរចិនក៏បានដាក់ចេញវិធានការដើម្បីរក្សាតម្លៃផងដែរ ទើបមិនធ្វើឱ្យតម្លៃមុខទំនិញប៉ោងឡើងខ្លាំងហួសដែលកំណត់បាន៕