ក្បាច់ផ្កាច័ន្ទខ្មែរ បានយកមករចនាលើអគារចំនួន ២ ដែលនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២១!

តាំងពីសម័យបុរាណកាលមក ស្ថាបត្យកម្មរបស់ខ្មែរយើង តែងតែប្រើប្រាស់ក្បាច់រចនាផ្កាប្លែកៗជាច្រើន ដោយយើងអាចសង្កេតឃើញនៅតាមថែវនិងកំពែងប្រាសាទបុរាណ គ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់ផ្សេងៗ -ល- ដែលបង្ហាញអំពីអត្តសញ្ញាណ និងទម្រង់នៃសិល្បៈខ្មែរ។

នៅពាក់កណ្ដាលឆ្នាំ២០២១ នេះ យើងនឹងបានឃើញសំណង់អគារចំនួន ២ ដែលបញ្ចប់ការសាងសង់ ដោយប្រើប្រាស់ក្បាច់ផ្កាច័ន្ទ នោះគឺស្ដាតធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត។

១. ពហុកីឡដ្ឋានធំ

ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ ស្ដាតធំនេះ សម្រេចការងារបានប្រមាណ ៨៥% មកហើយ គ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងខែឧសភា ឆ្នាំ២០២១ ហើយពហុកីឡដ្ឋានទាំងមូលនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ដោយកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ាន លើកទី៣២ ឆ្នាំ២០២៣។ ពហុកីឡដ្ឋានធំ (Main Stadium) នេះមានការរចនាដំបូលជាក្បាច់ផ្កាច័ន្ទ ដែលគេត្រូវបំពាក់នូវតង់កៅស៊ូពិសេសមានអាយុកាលប្រើប្រាស់យ៉ាងតិច ៣០ ឆ្នាំ ហើយអាចផ្ទុកអ្នកទស្សនាបានដល់ ៦០,០០០ នាក់សម្រាប់ការប្រកួតបាត់ទាត់។ គូសបញ្ជាក់ផងដែរថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ៨៥ ហិកតា ដោយក្រុមហ៊ុន China State Construction Engineering Corporation ក្រោមជំនួយឥតសំណង់ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នូវទឹកប្រាក់ ១៥៧ លានដុល្លារ។ 

២. កំពង់ផែទេសចរណ៍អន្តរជាតិ

កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ក្រោយពីបានផ្អាកការសាងសង់រយៈពេលជាយូរមក ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានជំរុញការសាងសង់ឲ្យបញ្ចប់ទាំងស្រុងនៅត្រឹមខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះជាកំហិត។ កំពង់ផែនេះ ត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដី ៤ ហិកតា ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយមានជម្រៅ ៤.៥ ម៉ែត្រ និងផែប្រវែង ៣០០ ម៉ែត្រអាចសំចតនាវាទេសចរណ៍ខ្នាតអន្តរជាតិដែលដឹកអ្នកដំណើរចន្លោះពី ៣០០-៤០០ នាក់ មកពីប្រទេសជិតខាងមកឈូងសមុទ្រកម្ពុជា ដោយរំពឹងនឹងអាចទទួលអ្នកដំណើរក្នុងរង្វង់ ៣.៦ លាននាក់នៅឆ្នាំ២០២៣។ សម្រាប់អគារស្ថានីយអ្នកដំណើរ ត្រូវបានរចនាជាក្បាច់ផ្កាច័ន្ទ ដោយមានកម្ពស់ ២ ជាន់ ទទួលសាងសង់ដោយក្រុមហ៊ុន SBPH Engineering & Construction Co., Ltd ហើយគម្រោងនេះទាំងស្រុង គ្រោងចំណាយថវិកាសរុប ៨.៥ លានដុល្លារ ជាកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។