ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់ការងារសាងសង់ប្រឡាយប្រវែង ១៦.៥ គីឡូម៉ែត្រតម្លៃជាង ១១ លានដុល្លារ នៅខេត្តពោធិ៍សាត់!

កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ មន្ត្រីការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់កិច្ចសន្យាជាលក្ខណៈអន្តរជាតិ (ICB-CAM-W02) លើការងារសាងសង់ប្រឡាយមេមួយខ្សែ ប្រវែង ១៦.៥ គីឡូម៉ែត្រស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ 

យោងតាមសេចក្ដីរាយការណ៍ពីមន្ទីរធនធានទឹកនិងឧតុនិយម បានបង្ហាញឲ្យដឹងថា ការងារសាងសង់ប្រឡាយមេមួយខ្សែនេះត្រូវបានចាប់ផ្ដើមកាលពីខែមិថុនា ឆ្នាំ២០១៧ ដោយមានប្រវែងសរុប ១៦.៥ គីឡូម៉ែត្រ ដែលគេបានចាក់បេតុងប្រវែង ២ គីឡូម៉ែត្រ មានបាតក្រោមប្រវែងពី ១៩ ទៅ ៩ ម៉ែត្រ ខ្នងលើសងខាងប្រវែង ៧ ទៅ ៥ ម៉ែត្រមានក្រាលគ្រួសក្រហមខ្នងលើ ដាំស្មៅជើងទេរសងខាង និងសាងសង់សិល្បការចំនួន ៥១ កន្លែងលើប្រឡាយនេះ។ ទំហំការងារសរុប ត្រូវបានបញ្ចប់នៅខែមករា ឆ្នាំ២០២១ នេះដោយចំណាយថវិកាសាងសង់អស់ជាង ១១,១៤៩,០០០ ដុល្លារ។ 

ប្រឡាយមួយខ្សែនេះ ត្រូវបានឆ្លងកាត់ភូមិចំនួន ៥១ ភូមិ ក្នុងឃុំចំនួន ៥ និងស្រុកចំនួន ២ គឺស្រុកក្រវាញ និងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ហើយប្រជាកសិករដែលរស់នៅតំបន់ភូមិខាងលើ សុទ្ធសឹងតែជាអ្នកទទួលផលរួមពីប្រឡាយនេះ។ មន្ត្រីការងារបច្ចេកនៃក្រសួងធនធានទឹក បានឲ្យដឹងថា គម្រោងនេះត្រូវបានអូសបន្លាយវែង ដោយសារតែការដោះផលប៉ះពាល់របស់គម្រោងប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ នៃគម្រោង GMS-Flood and Drought Risk Management and Mitigation ដែលមានសក្ដាពុលផលស្រោចស្រពលើផ្ទៃដីស្រែវស្សា ១៦,១០០ ហិកតា និងស្រែប្រាំង ៤,៥០០ ហិកតា។ 

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម