សារមន្ទីរល្បីល្បាញបំផុត The Musée du Louvre បានធ្លាក់ចុះអ្នកទស្សនា ៧២% កាលពីឆ្នាំមុន!

សារៈមន្ទីសិល្បៈដ៏ល្បីល្បាញជាងគេបំផុតលើលោក The Musée du Louvre ស្ថិតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ២០២០ ទទួលបានអ្នកចូលទស្សនាត្រឹមតែ ២.៧ លាននាក់ប៉ុណ្ណោះ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ បានផ្ទុះខ្លាំងនៅក្នុងទ្វីបអឺរ៉ុប ហើយនេះគឺជាចំនួនតួរលេខធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ បើទោះឆ្នាំ២០២០ មានការតាំងពិពណ៌សិល្បៈរបស់វិចិត្រករ Leonardo Da Vinci ក្នុងសតវត្សរ៍ទី១៥ ក៏ដោយ។ ចំនួននេះបានធ្លាក់ចុះ ៧២% បើធៀបនឹងឆ្នាំ២០១៩ ដែលគេទទួលបានអ្នកទស្សនា ៩.៦ លាននាក់ និងចំនួន ១០.២ លាននាក់ កាលពីឆ្នាំ២០១៨។ 

គូសបញ្ជាក់ថាសារមន្ទីរ The Musée du Louvre បានតាំងពិពណ៌របស់វិចិត្រករ Leonardo Da Vinci ដែលគេហៅថា Leonardo exhibition មានរយៈពេល ៤ ខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ កុម្ភៈ ឆ្នាំ២០២០ រយៈពេលនោះសារមន្ទីរ The Musée du Louvre ទទួលបានអ្នកទស្សនាច្រើនបំផុតរហូតដល់ ១,០៧១,៨៤០ នាក់។ នៅឆ្នាំ២០២០ សារមន្ទីរដ៏ល្បីល្បាញនេះ ទទួលបានអ្នកទស្សនាច្រើនតែដើមឆ្នាំប៉ុណ្ណោះ ដោយសារពិពណ៌សិល្បៈរបស់ Leonardo បន្ទាប់មកក៏បានផ្អាកបិទមិនឲ្យចូលទស្សនា រហូតដល់ជិត ៦ ខែទើបបើកឡើងវិញនៅរដូវក្ដៅកន្លងទៅ ដោយសារការអនុវត្តគោលការណ៍ lockdown ទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅទ្វីបអឺរ៉ុប។ ក្រោយពីបើកឲ្យចូលទស្សនាវិញ គេឃើញមានអ្នកចូលទស្សនាតិចតួច ហើយ ៧០% គឺអ្នកនៅប្រទេសបារាំងប៉ុណ្ណោះ មានភ្ញៀវអន្តរជាតិតិចតួចបំផុត។ ជារួមមក ការបាត់បង់អ្នកទស្សនាប្រមាណ ៧២% ខាងលើនេះ ត្រូវបានគេប៉ាន់ស្មានថា សារមន្ទីរ The Musée du Louvre បាត់បង់ចំណូលប្រមាណ ៩០ លានអឺរ៉ូ កាលពីឆ្នាំ២០២០។

លោក Jean-Luc Martinez ជានាយកនៃសារមន្ទីរ The Musée du Louvre បានឲ្យដឹងថា ទោះជាសារមន្ទីរ Louvre បានធ្លាក់ចុះចំនួនភ្ញៀវទស្សនាក៏ដោយ ក៏លោកនឹងបុគ្គលិកនៅតែធ្វើការជាធម្មតា ដើម្បីជួយលើកស្ទួយដល់វិស័យសិល្បៈ និងសិល្បៈករទូទាំងពិភពលោក ម្យ៉ាងទៀត The Musée du Louvre គឺជាសារមន្ទីរដ៏ល្បីល្បាញបំផុតលើលោក ដែលបានបើកដំណើរការតាំងពីសម័យបដិវត្តបារាំង ឆ្នាំ១៧៩៣ មានប្រវត្តិជាង ២០០ ឆ្នាំមកហើយ ដែលយើងពិតជាមិនអាចបញ្ឈប់ដោយសារបញ្ហាធ្លាក់ចំនួនអ្នកទស្សនាក្នុងវិបត្តិកូវីដ-១៩ នេះបានទេ។ យ៉ាងណាមិញ សារមន្ទីរ The Musée du Louvre ជាសារមន្ទីរទទួលបានអ្នកទស្សនាច្រើនជាងគេបំផុតនៅឆ្នាំ២០២០ រហូតដល់ ២.៧ លាននាក់ ប៉ុន្តែគេក៏មិនអាចរំពឹងថា សារមន្ទីរ The Musée du Louvre នឹងអាចទទួលភ្ញៀវទស្សនាដូចដើមឡើងវិញក្នុងពេលឆាប់ៗនេះដែរ ពោលគេអាចរង់ចាំដល់ត្រីមាសទី ៣ ឆ្នាំ២០២១។