សំណង់អគារ របស់អ្នកវិទ្យាសាស្ត្រ ក្នុងតំបន់ប្លែកៗត្រៀមចាប់កំណើតនាឆ្នាំ ២០២១

ជាទូទៅយើងធ្លាប់តែឃើញគំរូ ឬគំនិតច្នៃប្រឌិតប្លែកៗ នៃការបង្កើតសំណង់អគារ ដែលមានរូបរាងចម្លែក មិនធ្លាប់មានពីមុនមក តែសំណង់គារទាំងនោះជាទូទៅមានទីតាំងស្ថិតនៅតាមទីក្រុង ឬតំបន់ទីប្រជុំជនជាដើម។ យ៉ាងណាមិញ បើយើងមើលទៅលើសំណង់អគារ បង្កើតឡើងសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រវិញឃើញថា មិនត្រឹមតែប្លែកប៉ុណ្ណោះទេ តែវាមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានអាកាសធាតុប្លែក និងមិនមែនសម្រាប់មនុស្សទូទៅរស់នៅឡើយ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោក ជាពិសេសអ្នកដែលធ្វើការសិក្សាស្រាវជ្រាវ ជុំវិញការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្ដូរបរិស្ថានផែនដី ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ តែងតែចំនាយពេលវេលាយូ នៅក្នុងបរិស្ថានដែលមានអាកាសធាតុពិបាក ដូចជានៅទ្វីបទឹកកក ត្រជាក់ តំបន់វាលខ្សាច់ ដ៏សែនក្ដៅ ក្នុងសមុទ្រទឹកជ្រៅជាដើម ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ និងពិតប្រាកដ។ ខាងក្រោមគឺជាសំណង់អគារ ដែលត្រៀមនឹងចាប់កំណើតនាឆ្នាំ ២០២១ មានទីតាំងស្ថិតនៅចំណុច ដែលមានអាកាសធាតុលំបាក។

ក្រោមសមុទ្រ

ប្រភេទសំណង់ក្នុងទឹកជ្រៅ ដែលទំនើបជាងគេ ជាគម្រោងថ្មីនាឆ្នាំ ២០២១ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សាស្រាវជ្រាវ ជាស្ថានីយ៍ក្រោមបាទសមុទ្រ ដែលអាចទទួលភ្ញៀវពីខាងក្រៅ សម្រាប់ការទស្សនា និងជាទីកន្លែងប្រមូលផ្ដុំក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សានៅក្នុងបាតសមុទ្រ Fabien Cousteau Ocean។ អគារក្នុងសមុទ្រទឹកជ្រៅនេះ ឈ្មោះថា Proteus មានផ្ទៃក្រឡាសរុប ៣៧១ ម៉ែត្រក្រឡា ដំនើរការដោយកាំរស្មីព្រះអាទិត្យ ដោយផ្ទាំងសូឡា និងកម្លាំងខ្យល់ស្ថិតនៅផ្ទៃសមុទ្រខាងលើ ត្រូវបានឌីហ្សាញ និងរចនាឡើងដោយស្ថាបត្យករជនជាតិស្វីស Yves Beha។

តំបន់ត្រជាក់ -០ អង្សាសេ

ក្នុងឆ្នាំ ២០២១ នេះ ស្ថាបត្យករ Warsaw Kurylowicz និងសហការី នឹងធ្វើការជួសជុល ដោយកែច្នៃសំណង់អគារមានអាយុកាល ៤០ ឆ្នាំ ឱ្យក្លាយជាស្ថានីយ៍ស្រាវជ្រាវថ្មីមានឈ្មោះថា Henry Arctowski Antarctic Research Station។ អគារនេះ មានកម្ពស់ខ្ពស់ពីផ្ទៃរាប ៣ ម៉ែត្រ ស្ថិតនៅតំបន់ត្រជាក់បំផុត មានស៊ីតុណ្ហភាពក្រោម 0 អង្សាសេ និងអាចផ្ទុកមនុស្សបាន ២៩ នាក់ ដំនើរការដោយកម្លាំងខ្យល់ បង្កើតជាថាមពលអគ្គិសនី មានទីតាំងស្ថិតនៅលើកោះទឹកកក King George Island ស្ថិតនៅទ្វីបអង់តាក់ទិច។ ក្រៅពីនេះអគារនៅកណ្ដាលពិភពទឹកកកនេះ អាចដាំដំណាំ និងមានម៉ាស៊ីនកម្ដៅ សម្រាប់ការរស់នៅបានយ៉ាងស្រួលទៀតផង។

អគារអេកូធម្មជាតិ

អគារប្លែក និងមានលក្ខណៈបែបធម្មជាតិ នឹងចាប់កំណើតចេញជាមន្ទីរពិសោធន៍ នាឆ្នាំ២០២១ នេះ ដែលនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការស្រាវជ្រាវអំពីប្រព័ន្ធអេកូ។ មន្ទីរពិសោធន៍ Cape Horn Sub Antarctic Research Centre នោះមាន ៣ អគារ មានតំបូលបៃតង សម្រាប់ទាក់ទាញទឹកភ្លៀង មានតួរអគារជាលោហៈ ឌីហ្សាញឡើងដោយស្ថាបត្យករមកពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Ennead និងលោក Cristian Ostertag Chaves ស្ថិតនៅលើដែនកោះ Navarino នៃប្រទេស Chile។

តំបន់វាលខ្សាច់

អគារ មន្ទីពិសោធន៍ថ្មី នឹងសាងសង់ឡើងនៅក្នុងរដ្ឋកាលីហ្វញ៉ា ក្នុងឆ្នាំ ២០២១ នេះ ដែលហ៊ុមព័ទ្ធទៅដោយកញ្ចក់ ស្ថិតក្នុងតំបន់វាលខ្សាច់ ដែលមានបំពាក់បច្ចេកវិទ្យាទំនើប សម្រាប់ការផលិតអាហារ ទឹក អាចផ្គត់ផ្គង់អាហារ និងទឹកដល់មនុស្សចំនួន ១០០ នាក់។ សំណង់អគារ EBIOS ក៏ជាកន្លែងសម្រាប់ធ្វើការសាកល្បងនៃការរស់នៅប្លែក ក្នុងការទទួលបានបទពិសោធន៍ដូចរស់នៅក្នុងភពអាវកាសផ្សេងទៀត។ EBIOS នឹងបើកជួលក្នុងតម្លៃ USD ៦,០០០ ដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍ នៅពេលគម្រោងសាងសង់ត្រូវបានបញ្ចប់។