វៀតណាម រំពឹងថា សេដ្ឋកិច្ចជាតិនឹងល្អប្រសើរឡើងវិញ នាឆ្នាំ ២០២១ នេះ!

ហាណូយ៖ វៀតណាម រំពឹងថា ឆ្នាំ២០២១ នេះ សេដ្ឋកិច្ចជាតិ ដែលបានរងផលប៉ះពាលនៃជំងឺកូវីដ ១៩ នឹងងើបឡើង ប្រសើរឡើងវិញ ប្រសិនបើកិច្ចដំណើរការអាចប្រព្រឹត្តទៅបានរលូនល្អ និងមានការបោះទុកវិនិយោគបន្ថែម តាមរយៈការវិនិយោគបន្ថែមពីប្រភពអន្តរជាតិ ឬ FDI។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា សេដ្ឋកិច្ចវៀតណាម នឹងល្អប្រសើរឡើងវិញ ពោលគឺរួចផុតពីសម្ពាធ នៃការវាយប្រហារដោយជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២១ នេះ ដោយកម្រិត GDP អាចនឹងហក់ឡើងពី ៣.៤៨% ទៅ ៥.៤៩% ។ តាមការសិក្សាស្រាវជ្រាវ និងវាយតម្លៃ ដោយវិទ្យាសា្ថនសេដ្ឋកិច្ចជាតិវៀតណាម ហៅកាត់ថា (VIE) បានឱ្យដឹងថា ឆ្នាំ ២០២០ កន្លងទៅកម្រិត GDP របស់វៀតណាម បនធ្លាក់មកដល់ ២.៩% ជាអត្រាធ្លាក់ចុះទាបបំផុតមិនធ្លាប់មានពីមុនមក គិតចាប់ពីឆ្នាំ ១៩៨៦ មក។

តាមការគូសបញ្ជាក់របស់លោក Pham Sy An នៃ (VIE) បានបញ្ជាក់ថា បើទោះបីជាកម្រិត GDP ធ្លាក់ចុះក៏ពិតមែន តែយើងចាត់ទុកថា វាគឺជាលទ្ធផលជោគជ័យដ៏សំខាន់មួយ ខណៈពេលដែលជំងឺកូវីដ ១៩ បានកំពុងសាយភាយ និងឆ្លងពេញភពផែនដី ដែលធ្វើឱ្យប្រទេសជាច្រើនធ្លាក់ចុះ GDP ធ្ងន់ធ្ងរ។ លោកបានបន្ថែមថា កម្រិត GDP អាមេរិក ធ្លាក់ចុះដល់ទៅ (-5.9%) សហភាពអឺរ៉ុបទាំងមូល (-7.5%) និងអង់គ្លេស (-6.5%) ជាផលប៉ះពាល់យ៉ាងខ្លាំង។

ទន្ទឹមគ្នានោះដែរ ធនាគារពិភពលោក កាលពីពេលថ្មីកន្លងទៅនេះបានចេញរបាយការណ៍ថា វៀតណាម ស្ថិតក្នុងស្ថានភាពយ៉ាងប្រសើរ ដោយសារតែការកើនឡើងនៃកម្រិត GDP នៃត្រីមាសចុងក្រោយនាឆ្នាំ ២០២០ បានកើនឡើងដល់ទៅ ៤.៥% ធ្វើឱ្យវៀតណាម ក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងពិភពលោក ស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩។ ជាក់ស្ដែង កាលពីខែធ្នូ កន្លងទៅ ការនាំចេញរបស់វៀតណាមកើនឡើងដល់ទៅ ១៧.៨% និងការនាំចូលកើនឡើងបាន ២៣.១% ជាការកើនឡើងខ្ពស់ខ្លាំងបំផុតក្នុងរយៈពេលពេញមួយឆ្នាំ ក្នុងទំហំទឹកប្រាក់ដល់ទៅ ១៩.៣ ពាន់លានដុល្លារអាមេរិក។

បើទោះបីជាសេដ្ឋកិច្ចពាណិជ្ជកម្មល្អប្រសើរ និងឈានមុខគេក៏ពិតមែន តែវិស័យទេសចរណ៍ និងសុខាភិបាល នៅតែបន្តរងគ្រោះដដែល ហើយសម្រាប់ឆ្នាំ ២០២១ គោលនយោបាយថ្មីៗនឹងដាក់ចេញដើម្បីដោះស្រាយ និងសម្រួលឱ្យប្រសើរឡើងវិញ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល នឹងធ្វើកំណែទម្រង់នយោបាយ ដើម្បីសម្រួលទៅដល់វិស័យឯកជនឱ្យកាន់តែប្រសើរ ដើម្បីរួមចំនែកអភិវឌ្ឍន៍ ការច្នៃប្រឌិតថ្មីៗ ក៏ដូចជារៀបចំយុទ្ធសាស្ត្រ ក្នុងសម័យឌីជីថល៕