ពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក កាលពីឆ្នាំ២០២០ កន្លងទៅ បានកើនឡើងបានប្រមាណ ១៦.៨៩%

ភ្នំពេញ៖ បើទោះបីជាកម្ពុជា បានរងគ្រោះដោយសារតែជំងឺកូវីដ ១៩ ក៏ដោយ តែក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងមានការរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ ស្ថានភាពនៃជំងឺឆ្លង បានធូស្បើយច្រើន ហើយផលប៉ះពាល់ទៅលើទំហំពាណិជ្ជកម្ម ក៏មិនបានរងគ្រោះធ្ងន់ធ្ងរនោះដែរ។ ក្នុងនោះ ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាលពីឆ្នាំកន្លងទៅ មានទំហំដល់ទៅជាង ៥.៥ ពាន់លានដុល្លារ។

តាមរយៈរបាយការណ៍ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញអំពីលទ្ធផលវិជ្ជមាន នៃទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានកើនឡើងដល់ទៅ ១៦.៨៩% កាលពីឆ្នាំ ២០២០ កន្លងទៅ បើធៀបទៅនឹងឆ្នាំ ២០១៩ ។ ការកើនឡើងក្នុងទំហំពាណិជ្ជកម្មដ៏ច្រើននោះ បើគិតជាទឹកប្រាក់មានប្រមាណ ៥,២៥៨ លានដុល្លារអាមេរិក ដែលកម្ពុជាបាននាំចេញផលិតផលជាច្រើនទៅ ពិសេសគឺសម្លៀកបំពាក់ កាបូប កង់ សម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀត។

ទន្ទឹមគ្នានោះដែរ កម្ពុជា ក៏បាននាំចូលនូវផលិតផលជាច្រើនប្រភេទពីសហរដ្ឋអាមេរិកផងដែរ ពិសេសគឺផលិតផលអេឡិកត្រូនិច រថយន្ត គ្រឿងបន្លាស់ សម្ភារៈប្រើប្រាស់សំខាន់ៗជាច្រើនផ្សេងទៀត សរុបជាទឹកប្រាក់ស្មើនឹងជាង ២៥០ លានដុល្លារ។ ក្រៅពីការកើនឡើងក្នុងតួរលេខមួយខ្ពស់ នាឆ្នាំកន្លងទៅនេះ បើយើងក្រលែកមើលរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សបង្ហាញឱ្យឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក បានបន្តកើនឡើងជាហូរហែ។

ទិន្នន័យបញ្ជាក់របស់ក្រសួងបានឱ្យដឹងថា អំពីទំហំពាណិជ្ជកម្មក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានការកើនឡើង និងធ្លាក់ចុះផងដែរដូចខាងក្រោម៖

១. ឆ្នាំ២០១៩ ទំហំទឹកប្រាក់ជាង ៤,៧១៣ លានដុល្លារ។ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ៤,៤០២ លានដុល្លារអាមេរិក រីឯអាមេរិកបាននាំចូលមកកម្ពុជា ជាង ៣១១ លានដុល្លារប៉ុណ្ណោះ

២. ឆ្នាំ ២០១៨ ទំហំទឹកប្រាក់ជាង ៣,៤៣៨ លានដុល្លារ។ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ៣,០៥១ លានដុល្លារអាមេរិក រីឯអាមេរិកបាននាំចូលមកកម្ពុជា ជាង ៣៨៦ លានដុល្លារអាមេរិក

៣. ឆ្នាំ ២០១៧ ទំហំទឹកប្រាក់ជាង ២,៦០៥ លានដុល្លារ។ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ២,៤០៨ លានដុល្លារអាមេរិក រីឯអាមេរិកបាននាំចូលមកកម្ពុជា ជាង ១៩៦ លានដុល្លារប៉ុណ្ណោះ

៤. ឆ្នាំ ២០១៦ ទំហំទឹកប្រាក់ជាង ២,៣២០ លានដុល្លារ។ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ២,១៤៧ លានដុល្លារអាមេរិក រីឯអាមេរិកបាននាំចូលមកកម្ពុជា ជាង ១៧៣ លានដុល្លារអាមេរិក

៥. ឆ្នាំ ២០១៥ ទំហំទឹកប្រាក់ជាង ២,៣៦៥ លានដុល្លារ។ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ២,១៣៦ លានដុល្លារអាមេរិក រីឯអាមេរិកបាននាំចូលមកកម្ពុជា ជាង ២២៨ លានដុល្លារអាមេរិក