Quall Tower អគារប្រណិតអាចបង្វិលខ្លួន ៣៦០ ដឺក្រេ ត្រៀមបង្ហាញខ្លួននៅឌូប៉ៃ

ឌូប៉ៃ៖ សំណង់អគារជាច្រើន ដែលមានកម្ពស់ខ្ពស់ៗ និងមានរចនាបទប្លែក មិនធ្លាប់មានពីមុនមកក្នុងពិភពលោក បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងទីក្រុងមហាសេដ្ឋីប្រេងកាត ឌូប៉ៃ ប្រទេសអារ៉ាប់។ សម្រាប់ពេលអនាគតជាបន្ត សំណង់អគារចម្លែកៗ ដែលមានរចនាបទអស្ចារ្យ ក៏ត្រៀមនឹងចាប់កំណើតជាហូរហែផងដែរ ដូចគំរូឌីហ្សាញអគារ Squall Tower បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនទូទាំងពិភពលោក អំពីលក្ខណៈសម្បត្តិដ៏ល្អរបស់វា។

អគារ Squall Tower គឺជាគំនិតច្នៃប្រឌិត និងជាក្ដីស្រម៉ៃដ៏អស្ចារ្យរបស់ក្រុមស្ថាបត្យករ Hayri Atak Architectural Design Studio ដោយរំលេចជាតួអគារចំនួន ៣ គួបបញ្ចូលគ្នា ដោយភ្ជាប់ទៅនឹងសសរគ្រឹះមេ នៅចំកណ្ដាល និងមានរចនាបទកញ្ចក់ព័ទ្ធជុំវិញឡើងខ្ពស់ទៅលើ ខណៈជាន់កំពូលអាចធ្វើការចុះចត ឧទ្ធម្ភាគចក្រ បានចំនួន ៣ គ្រឿងសម្រាប់ទទួលភ្ញៀវលំដាប់កំពូល។

លក្ខណៈពិសេស និងអស្ចារ្យជាងគេបំផុតរបស់អគារមួយនេះ គឺវាអាចបង្វិលខ្លួនបាន ៣៦០ ដឺក្រេ បើកសិទ្ធិឱ្យអ្នកនៅក្នុងអគារទាំងអស់គ្នា អាចទស្សនាទេសភាពនៃទីក្រុងឌូប៉ៃ និងមហាសមុទ្រដ៏ធំល្វឹងល្វើយបាន តែរង្វិលជុំនោះមិនលឿន ដូចអ្វីដែលយើងបានគិតនោះទេ ព្រោះអាចនឹងប៉ះពាល់ទៅដល់កិច្ចការងារ និងសុខសុវត្ថិភាពអ្នកនៅខាងក្នុង។ ជាក់ស្ដែង អគារ Squall Tower អាចវិលបានមួយជុំដោយប្រើប្រាស់រយៈពេល ៤៨ ម៉ោងឯណោះ។

សំណង់អគារនេះ នឹងត្រូវបង្កើតឡើងសម្រាប់បម្រើទៅដក់ការងារការិយាល័យ ដែលមានទីកន្លែងលក់គ្រឿងបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ រមណីយដ្ឋាន និងមួយចំនួនផ្សេងទៀត។ តែសម្រាប់ព័ត៌មានលម្អិត ជុំវិញជាន់ បន្ទប់ ទីតាំង និងលក្ខណៈសម្បត្តិពិសេសៗផ្សេងទៀតនៅមិនទាន់ត្រូវបានលាទត្រដាងនៅឡើយទេ។ តែអគារដ៏ប្លែក Squall Tower នឹងត្រូវបង្ហាញខ្លួននៅក្នុងទីក្រុងឌូប៉ៃ នាពេលអនាគត៕