អាមេរិក ធ្វើកំណែទម្រង់ឧស្សាហកម្មឡើងវិញ ដើម្បីបង្កើនផលិតកម្មក្នុងស្រុក សម្រាប់ប្រយោជន៍ជាតិ និងទីផ្សារការងារ

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាថ្មី កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ដើម្បីដោះស្រាយទៅដល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដោយផ្តោតសំខាន់ក្នុងការធ្វើកំណែទម្រង់ឧស្សាហកម្មក្នុងស្រុកឱ្យប្រសើរឡើងវិញ ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិ និងទីផ្សារការងាររបស់ប្រជាពលរដ្ឋ ខណៈកំពុងរងគ្រោះដោយសារតែជំងឺកូវីដ ១៩។

បច្ចុប្បន្នអាមេរិក កំពុងរងគ្រោះធ្ងន់ធ្ង ដោយសារតែការរាតត្បាត នៃជំងឺកូវីដ ១៩ ដែលបានប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋអាមេរិករាប់លាននាក់ តែយ៉ាងណាក៏ដោយ ដំណោះស្រាយថ្មីៗ បានកំពុងចាប់ផ្ដើមបន្តិចម្ដងៗហើយ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden។ ក្នុងនោះ កាលពីម្សិលមិញនេះ លោក Joe Biden បានចុះហត្ថលេខា លើបទបញ្ជាថ្មីមួយ ដែលមានចំណងជើងថា “Buy American” ជាការដាក់ចេញនូវបទបញ្ជា ក្នុងការធ្វើកំណែទម្រង់ឧស្សាហកម្មក្នុងស្រុកឡើងវិញ។

គោលបំណងនៃការដាក់ចេញនូវបទបញ្ជាថ្មីនេះ គឺដើម្បីជម្រុញ និងបង្កើនការផលិតនូវផលិតផលក្នុងស្រុក ពោលគឺនៅក្នុងទឹកដីអាមេរិក ឱ្យកាន់តែច្រើនបន្ថែមទៀត ដែលមិនត្រឹមតែជួយសេដ្ឋកិច្ចជាតិបានមួយចំនែកប៉ុណ្ណោះទេ តែក៏ជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ការងាររបស់ប្រជាពលរដ្ឋបានយ៉ាងច្រើនផងដែរ។ រដ្ឋាភិបាលរបស់លោក Joe Biden នឹងប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ដែលមានដើម្បីជម្រុញការអនុវត្តបទបញ្ជានេះ ស្របទៅតាមច្បាប់ (The Buy American Act) ឆ្នាំ ១៩៩៣។

តាមការគូសបញ្ជាក់របសសេតាក់វិមាន (White House) បានឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើងវិញនៃផលិតកម្មក្នុងស្រុក គឺជាផ្នែកយ៉ាងសំខាន់មួយក្នុងការស្រោចស្រង់សេដ្ឋកិច្ចជាតិ ដែលកំពុងរងគ្រោះ ដោយសារតែជំងឺឆ្លងកូវីដ ១៩ ហើយផលិតកម្មក្នុងស្រុកនេះ មានទំហំប្រមាណ ១២% នៃសេដ្ឋកិច្ចជាតិផងដែរ ជាគន្លឹះដ៏សំខាន់ដែលលោកប្រធានាធិបតី ត្រូវធ្វើកំណែទម្រង់ និងដោះស្រាយ ដើម្បីបង្កើតឱ្យមាននូវទីផ្សារការងារឡើងវិញ ក៏ដូចជាជួយទៅដល់អាជីវកម្មខ្នាតតូច និងខ្នាតកណ្ដាល ឱ្យដំណើរការប្រសើរជាងមុន។

លោក Joe Biden មានប្រសាសន៍ឡើងដូច្នេះថា “ការផលិតនូវផលិតផល របស់អាមេរិកគឺជាឃ្លាំងនៃលទ្ធិប្រជាធិបតេយ្យ ក្នុងសង្គ្រាមលោកលើកទី២ ហើយវាត្រូវតែជាផ្នែកមួយនៃក្បាលម៉ាស៊ីននៃវិបុលភាពរបស់អាមេរិកនាពេលបច្ចុប្បន្ន។ មានន័យថាយើងនឹងប្រើថវិការអ្នកជាប់ពន្ធ ដើម្បីកសាងអាមេរិចឡើងវិញ។ អាមេរិកមិនអាចអង្គុយនៅខាងក្រៅ ក្នុងការប្រកួតប្រជែងទៅថ្ងៃអនាគតបានទេ។ ដៃគូប្រកួតប្រជែងរបស់យើងមិនរង់ចាំយើងនោះទេ។ ដើម្បីធានាថា ការបង្កើតផលិតផល នៅអាមេរិក ស្រាប់ថ្ងៃអនាគត យើងមិនចាំបាច់យកឈ្នះមិនត្រឹមតែ ការងារសព្វថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែការងារនិងឧស្សាហកម្មនៅថ្ងៃស្អែកផងដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើកំណែទម្រង់ឧស្សាហកម្មក្នុងស្រុក ដើម្បីជម្រុញឱ្យផលិតកម្មមានការកើនឡើងនៅក្នុងទីផ្សារអាមេរិក កាន់តែប្រសើរជាងមុននោះ គឺជាការប្រកួតប្រជែង និងមានបញ្ហាប្រឈមច្រើន ពិសេសគឺចង្វាក់ផលិតកម្ម ដែលអាមេរិកត្រូវមានវត្ថុធាតុដើម ដែលអាច ឬត្រូវស្វែងរកពីប្រទេសនានា នៅទូទាំងពិភពលោក។ លោក Joe Biden បានកំពុងពិចារណា ទៅលើបទបញ្ជាជាច្រើនផ្សេងទៀតរបស់លោក Donald Trump តែត្រូវធ្វើឡើងដោយសន្សឹមៗ។