៦ សំនួរ ត្រូវសួរខ្លួនឯង ដែលអាចជម្រុញឱ្យអ្នកទៅដល់គោលដៅបានឆាប់រហ័ស

ឈានចូលឆ្នាំ ២០២១ នេះ ជាទូទៅយើងតែងតែដាក់ចេញនូវដំណោះស្រាយថ្មី ឬវិធីសាស្ត្រល្អៗ ដើម្បីជួយ ឬតម្រង់ផ្លូវខ្លួនឯងដើម្បីឈានទៅដល់គោលដៅ ខណៈឆ្នាំ ២០២០ កន្លងទៅ យើងបានទទួលនូវបទពិសោធន៍ជាច្រើន។ សម្រាប់ឆ្នាំថ្មីនេះ ផលវិបាកនៅតែបន្ត ព្រោះយើងកំពុងស្ថិតក្នុងសម័យកាល នៃបម្រែបម្រួលអាកាសធាតុផែនដី ការផ្លាស់ប្តូរមករបបវិទ្យាសាស្ត្រទំនើប ខួរក្បាលសិប្បនិមិត្ត ដែលជាការផ្លាស់ប្ដូរយ៉ាងខ្លាំង ជុំវិញការបំពេញការងារសម្រាប់ពេលអនាគត។

ដើម្បីដើរស្របទៅនឹងការវិវឌ្ឍន៍ខ្លួននៃបច្ចេកវិទ្យា អ្នកត្រូវមានភាពជាអ្នកដឹកនាំដ៏ល្អ ដែលមិនត្រឹមតែដឹកនាំខ្លួនឯងឱ្យទៅដល់គោលដៅប៉ុណ្ណោះទេ ភាពជាអ្នកដឹកនាំនោះនឹងប្រែក្លាយជាទម្លាប់មួយដែលអ្នកនឹងបន្តអនុវត្តជាប្រចាំ ជាសកម្មភាពមួយជម្រុញឱ្យយើងឈាន ឬទៅដល់គោលដៅបានឆាប់រហ័ស។ ខាងក្រោម គឺជាការចែករំលែកនូវបទពិសោធន៍ ដែលអាចជម្រុញឱ្យអ្នកឈានទៅដល់គោលដៅបានរហ័ស បើអ្នកព្យាយាមអនុវត្ត ដោយសួរនូវសំនួរទាំង ៦ ដូចខាងក្រោម៖

១. តើខ្ញុំបានចំនាយអស់ពីកម្លាំងកាយចិត្តក្នុងការមើលថែសុខភាពខ្លួនឯងឱ្យល្អប្រសើរហើយឬនៅ?

សុខភាពគឺជារឿងសំខាន់ ដែលអ្នកត្រូវគិតគូរខ្លាំងបំផុត។ តាមការចែករំលែកនូវបទពិសោធន៍ល្អពីអ្នកជំនាញ បានឱ្យដឹងថា អ្នកត្រូវតែបញ្ចេញសកម្មភាព ឱ្យរាងកាយទាំងមូលសកម្ម ហើយទទួលទានអាហារល្អៗ ដែលមានផាសុខភាព ពិសេសគឺទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ និងរៀបចំការគិតឱ្យបានល្អ ដើម្បីថែរក្សាខ្លួនឯងឱ្យបានល្អ។

២. តើខ្ញុំសរសើរចំណុចល្អរបស់ខ្លួនឯង និងចំណុចល្អរបស់អ្នកដ៏ទៃហើយឬនៅ?

ការសរសើរខ្លួនឯង គឺជាការលើកទឹកចិត្ត ដើម្បីជម្រុញឱ្យបំពេញកិច្ចការងារណាមួយ ដោយផ្ដល់ពេលវេលាសមរម្យ នៅក្នុងពេលវេលាមួយដែលលំបាក ហើយអនុវត្តគោលដៅដែលខ្លួនចង់បាន។ ការសរសើរអំពីចំណុចវិជ្ជមានរបស់អ្នកដ៏ទៃ បានបង្ហាញអំពីទំនាក់ទំនងល្អ ដែលអ្នកអាចបំពេញការងារជាក្រុមបានល្អ និងចំនាយពេលតិច ដោយឈានទៅដល់គោលដៅបានយ៉ាងឆាប់រហ័ស។

៣. តើខ្ញុំបានព្យាយាមអស់ពីលទ្ធភាពក្នុងការស្វែងរកពេលវេលាដ៏ល្អ និងគោលបំណងសម្រាប់ថ្ងៃនេះហើយឬនៅ?

អ្នកត្រូវយល់ថា តើមូលហេតុអ្វីទើបបានជាអ្នកបន្តបំពេញ និងផ្ដោតលើការងារ ដែលអ្នកកំពុងតែធ្វើនាពេលបច្ចុប្បន្ន ទោះបីមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ? លទ្ធផលអវិជ្ជមាន ដែលប៉ះពាល់ដល់អ្នក បានធ្វើជះឥទ្ធីពលទៅដល់ការងាររបស់យើង ហេតុនេះ យើងត្រូវរកហេតុផល និងអត្ថន័យនៃចំណុចអវិជ្ជមានទាំងនោះ ទើបអ្នកអាចស្វែងរកពេលវេលាល្អសម្រាប់ខ្លួនឯង។

៤. តើខ្ញុំបានព្យាយាមអស់ពីលទ្ធភាពក្នុងការអនុវត្តអាទិភាពសំខាន់ទាំង ៣ របស់ខ្លួនឯងឬនៅ?

អ្នកជំនាញលើកឡើងថា គប្បីចំនាយពេលក្នុងការសរសេរគោលបំណងសំខាន់របស់យើង ហើយមើលឡើងវិញនៅរៀងរាល់ព្រឹក ដែលជាគន្លឹះផ្ដល់ឱ្យអ្នកនូវការបន្តដើរទៅមុខ និងចង់ចាំអ្វីដែលអ្នកចង់បាន ហើយប្រឹងធ្វើដើម្បីទៅដល់គោលដៅ។

៥. តើខ្ញុំបានព្យាយាមអស់ពីលទ្ធភាពក្នុងការចង់ចេះចង់ដឹង និងងើយឆ្ងល់ហើយឬនៅ?

អ្នកជំនាញបានចែករំលែកបទពិសោធន៍ថា យើងត្រូវចេះឆ្ងល់ និងចោទជាសំនួរ ដែលសកម្មភាពនោះ នឹងនាំយើងទៅរកទម្លាប់នៃការសិក្សា និងប្រមូលនូវព័ត៌មានសំខាន់ៗ។ យើងត្រូវសិក្សាស្វែងយល់បន្ថែម ជាជាងការវាយតម្លៃ និងការរំពឹងទុក។

៦. តើខ្ញុំបានព្យាយាមអស់ពិលទ្ធភាពក្នុងការអនុវត្តភាពជាអ្នកដឹកនាំ និងការឱ្យតម្លៃហើយឬនៅ?

យើងម្នាក់ៗមានគុណសម្បត្តិរៀងៗខ្លួន ដែលជាការឱ្យតម្លៃខ្លួនឯងក្នុងការជម្រុញ និងលើកទឹកចិត្ត ដើម្បីបង្កើតនូវក្ដីស្រម៉ៃធំមួយ មហិច្ឆិតា និងតម្រូវការផ្សេងៗទៀត។ អ្នកត្រូវអនុវត្តសកម្មភាព ដើម្បីទៅដល់គោលដៅ ឬតម្រូវការនោះ ដែលជម្រុញខ្លួនឯងឱ្យមានភាពជឿជាក់ ស្ងាត់ស្ងៀម និងឈានទៅដល់ការសម្រេចចិត្តមួយដ៏ល្អ។

សំនួរខាងលើ នឹងជម្រុញ ក៏ដូចជាក្រើនរំលឹកអ្នកដើម្បីឈានឆាប់គោលដៅ ដែលអ្នកប៉ងប្រាថ្នា ហើយក៏បានផ្ដល់ពេលវេលា សម្រាប់អ្នកក្នុងការមើលទៅលើការវិវឌ្ឍន៍ និងសកម្មភាព ដែលបានធ្វើកន្លងមក និងបានកំពុងតែធ្វើ មុននឹងទៅដល់ចំណុចដែលអ្នកចង់ទៅ៕