មជ្ឈមណ្ឌលសមុទ្រ ដែលមានរាងដូចជាត្រីបាឡែនមួយនេះ មិនត្រឹមតែប្លែកទេ តែវាក៏ផ្តល់កន្លែងទស្សនាទេសភាពសមុទ្រ និងជីវិតសត្វក្នុងទឹកផងដែរ!

ក្រុមហ៊ុនស្ថាបត្យកម្ម Baca Architects ត្រូវបានជួលដោយ Subcon ដែលជាក្រុមហ៊ុនទទួលបន្ទុកខាងនាវាអង្កេតការណ៍សមុទ្រ ដើម្បីដឹកនាំក្នុងការឌីហ្សាញ គម្រោងថ្មីនៃមជ្ឈមណ្ឌលនៃការរុករកក្រោមទឹករបស់អូស្ត្រាលី (AUDC)។ គម្រោងនៃមជ្ឈមណ្ឌលនេះ នឹងស្ថិតនៅចម្ងាយប្រមាណ 2km ពីចាំង និងមានផ្នែកខ្លះស្ថិតនៅក្រោមទឹក ដែលផ្តល់ឲ្យភ្ញៀវចូលមកទស្សនា នូវទេសភាពដ៏អស្ចារ្យនៅក្រោមទឹក និងដំណើររបស់ជីវិតសត្វសមុទ្រជាច្រើនប្រភេទទៀតផង។

ដោយបាននឹកគិតដល់គម្រោងក្រោមទឹក របស់ក្រុមហ៊ុនស្ថាបត្យកម្ម Snøhetta ការងារវិស្វកម្មកំពុងត្រូវបានដោះស្រាយ ដោយក្រុមដដែល ដែលបានរចនាភោជនីយដ្ឋានក្រោមទឹកដ៏ធំ ដែលមានឈ្មោះថា CoreMarine Engineering។ គម្រោងមជ្ឈមណ្ឌលថ្មីរបស់ AUDC នេះ នឹងមានទីតាំងស្ថិតនៅខាងចុង Busselton Jetty ដែលមានស្រាប់ ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Perth ប៉ែកខាងលិចរបស់ប្រទេសអូស្រ្តាលី។ 

តាមពិត គម្រោងនេះកំពុងបង្កើតឡើងដើម្បីជំនួសកន្លែងសង្កេតការណ៍ក្រោមទឹក ដែលមានភាពស្រដៀងគ្នាដែរ តែនៅលើទីតាំងដែលតូចពេក ពិបាកក្នុងការទៅដល់តម្រូវការ របស់មជ្ឈមណ្ឌល។ គោលបំណងរបស់វា គឺថានៅពេលការសាងសង់ត្រូវបានបញ្ចប់ វានឹងក្លាយជាកន្លែងសង្កេតការណ៍សមុទ្រធម្មជាតិ ធំជាងគេបំផុតនៅលើពិភពលោក។

ទម្រង់ទាំងមូលរបស់វា ត្រូវបានទាញចេញពីរូបរាងត្រីបាឡែន ដោយមានក្បាលរបស់វា ងើបចេញពីផ្ទៃទឹក។ ផ្ទៃខាងក្នុងនឹងមានទំហំ ៩០០ ម៉ែត្រការ៉េ  និងមានផ្ទាំងកញ្ចក់ជាច្រើន ផ្តល់ជូនអ្នកទស្សនានូវទេសភាព នៃជីវិតសមុទ្រ។  វាក៏នឹងមានដាក់បង្ហាញសិល្បៈនៅខាងក្នុង ភោជនីយដ្ឋានក្រោមទឹក និងការតាំងពិព័រណ៍មួយចំនួន បង្រៀនប្រជាជន អំពីការប្រែប្រួលអាកាសធាតុមហាសមុទ្រ ក៏ដូចជារូបចម្លាក់ក្រោមទឹកមួយចំនួនផងដែរ។

បើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ Baca Architects និយាយថាផ្នែកខាងក្រៅនៃរមណីយដ្ឋាននេះ នឹងនាំភ្ញៀវតាមលំដាប់លំដោយ រាប់តាំងពីពេល ដែលពួកគេបានមកដល់ និងទីតាំងដែលភ្ញៀវនឹងតម្រូវឲ្យចតរថយន្តនៅក្នុងសួនឧទ្យានមួយ ជាមួយសួនទឹកភ្លៀង (Rain gardens) ជាច្រើនទៀត។ នៅពេលដែលភ្ញៀវចូលទៅក្នុងមជ្ឈមណ្ឌលថ្មីនៃ AUDC នេះហើយ ពួកគេអាចចាប់ផ្តើមដំណើរកម្សាន្តដ៏ប្លែកមិនដែលមាន នៅជាន់ខាងក្រោមដែលគេហៅថា “Ocean floor level observatory”។ ឆ្លងកាត់កន្លែងតាំងរូបភាពសិល្បៈជាច្រើន និងកន្លែងតាំងពិព័រណ៍នៅលើទីធ្លាដែលមានទម្រង់ជារង្វង់ ហើយផ្នែកភ្នែក 'Cetecean' - ជារចនាសម្ព័ន្ធនៃបង្អួចកញ្ចក់ ដែលមានលិចចូលក្នុងទឹកដោយផ្នែកខ្លះ បង្ហាញពីទម្រង់នៃត្រីបាឡែនដែលបំរុង នឹងលោតពីលើផ្ទៃទឹកនៃមហាសមុទ្រ។

ក្រុមហ៊ុនស្ថាបត្យកម្ម Baca Architects មានបទពិសោធន៍ជាច្រើនរួចមកហើយ ជាមួយគម្រោងស្ថាបត្យកម្មដែលមានមូលដ្ឋានជាមួយទឹក ហើយគម្រោងនេះ មានថវិកាចំនួន ៣០ លានដុល្លារអូស្រ្តាលី (ប្រហែល ២៣ លានដុល្លារអាមេរិក) ដោយគេរំពឹងថា វានឹងបញ្ចប់នៅខែធ្នូឆ្នាំ ២០២២។