រៀនតាមជំហ៊ានទាំងនេះ អាចនឹងនាំអ្នកឲ្យបង្កើតសំណាងបានដោយខ្លួនឯង!

នៅក្នុងពិភពលោកយើងនេះ អាចនិយាយបានថាមានមនុស្សពីរប្រភេទ មួយគឺជាប្រភេទមនុស្សដែលផ្សងនឹងឲ្យមានសំណាងល្អ និងមួយទៀតគឺជាមនុស្ស ដែលបង្កើតសំណាងដោយខ្លួនឯង។ យើងភាគច្រើន តែងតែបង្កើតការរំពឹងទុកជាក់លាក់ទៅលើអ្វីមួយ ឬតាមលំដាប់លំដោយ នៅក្នុងជីវិតរបស់យើង។ ជាក់ស្តែងដូចជា ការទៅរៀននៅមហាវិទ្យាល័យ ធ្វើការងារល្អ រៀបអាពាហ៍ពិពាហ៍ មានកូន ហើយរស់នៅ ក្នុងជីវិតប្រកបដោយសុភមង្គល និងនៅក្នុងដំណើរផ្សងព្រេងផ្សេងៗជាដើម។

នៅពេលដែលអ្វីៗ មិនដំណើរការដូចអ្វីដែលយើងបានគ្រោងទុក យើងភាគច្រើនបន្ទោសថា វាគឺជាសំណាងអាក្រក់ ឬកាលៈទេសៈមិនអំណោយផលទៅវិញ។ យ៉ាងណាមិញ អ្វីៗគួរតែមានរបៀបផ្សេង ដូចជាថា យើងគួរតែទទួលបានការឡើងតំណែង ឬសមនឹងទទួលបានតំឡើងប្រាក់ខែ។ 

ដោយឡែកនៅពេលដែលអ្វីៗមិនដំណើរការត្រឹមត្រូវ យើងមានជម្រើសពីរ។ យើងអាចធ្វើការត្អូញត្អែ ដោយចោតថាវាជាសំណាងអាក្រក់ ឬយើងអាចទាញគំនិត ពីអ្វីដែលមិនបានរំពឹងទុក ដោយឆ្លៀតយកប្រយោជន៍ពីកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន ជាការអភិវឌ្ឍផ្នត់គំនិតថ្មី ដែលអាចជួយឱ្យយើងរៀន ក្នុងការបង្កើតសំណាងល្អ ដោយខ្លួនឯងបាន។

បុគ្គលជោគជ័យមួយចំនួន តួយ៉ាងដូចជាលោក Christian Busch ជាកវីនិពន្ធ និងជានាយកក្នុងកម្មវិធី Global Economy នៃសាកលវិទ្យាល័យញូវយ៉ក បានបង្ហាញពីការស្វែងយល់ និងជំហ៊ានមួយចំនួន ក្នុងការរៀនសូត្រ និងអនុវត្តខ្លួនអ្នកដើម្បីក្លាយជាបុគ្គលមានសំណាងបានផងដែរ។ 

ការរៀនដើម្បីក្លាយខ្លួនជាមនុស្សមានសំណាង

ការរៀន ដើម្បីឱ្យបានក្លាយខ្លួន ជាមនុស្សមានសំណាង ចាប់ផ្តើមដោយការភ្ជាប់ព្រឹត្តិការណ៍ផ្សេងៗ ទៅនឹងអ្វីផ្សេងទៀតនៅក្នុងជីវិតរបស់អ្នក ដែលនៅពេលដំបូង មើលទៅហាក់ដូចជាមិនទាក់ទងអ្វីសោះឡើយ។ ជាក់ស្តែង ចូរគិតថាអ្នកចាប់ផ្តើមយឺត នៅពេលព្រឹករបស់អ្នក ប៉ុន្តែអ្នកនៅតែចង់ ឈប់បន្តិច នៅហាងកាហ្វេជិតផ្ទះរបស់អ្នក សម្រាប់ចូលទៅញាំអាហារពេលព្រឹក។

មនុស្សធម្មតា ដែលមិនមានសំណាង អាចនឹងប្រញាប់ធ្វើការងារឲ្យបានទាន់ពេលកំណត់ ដោយគ្រាន់តែទៅខ្ចប់អាហារ ហើយអាចនឹងជៀសវាងការជជែកជាមួយនរណាម្នាក់ ហើយចាកចេញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ផ្ទុយទៅវិញ មនុស្សដែលមានសំណាង អាចកត់សម្គាល់មនុស្សថ្មីមួយក្រុម ដែលពួកគេមិនធ្លាប់បានឃើញពីមុនមក និងអាចចាប់ផ្តើមការសន្ទនាជាមួយម្ចាស់អាជីវកម្ម ដែលគាត់កំពុងស្វែងរកអ្នកគ្រប់គ្រងហាង ឬបុគ្គលិក ដូចទៅនឹងជំនាញដែលអ្នកកំពុងតែស្វែងរក ក្នុងការផ្លាស់ប្តូរអាជីពថ្មី។

នៅក្នុងកាលៈទេសៈនេះ ការចាប់ផ្តើមយឺតៗនៅពេលព្រឹក បានផ្តល់ឱកាសដល់មនុស្សដែលមានសំណាង “Lucky Person” ក្នុងការសន្ទនាជាមួយម្ចាស់អាជីវកម្ម ខណៈពេលដែលមនុស្សធម្មតា មិនបានកត់សម្គាល់ឱកាសដែលមាន។

តើយើងអាចបង្រៀនខ្លួនយើង ឲ្យមានសំណាងដោយរបៀបណា?

- ចាប់យកអ្វីដែលមិនបានរំពឹងទុក:  

នៅពេលយើងចំណាយពេលដើម្បី “ភ្ជាប់ចំនុច” រវាងព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក ឬមិនបានទាយទុកមុន យើងត្រូវបានរៀបចំខ្លួនឱ្យកាន់តែប្រសើរ ដើម្បីកត់សម្គាល់ឱកាស ដែលអាចនឹងទទួលបាន។ ជំនួសឱ្យការសួរថា "ហេតុអ្វីបានជារឿងនេះ កើតឡើងចំពោះខ្ញុំ?" ផ្ទុយទៅវិញគួរតែសួរខ្លួនឯងថា "តើខ្ញុំអាចទាញយកឱកាសនេះដោយរបៀបណា?"

- សាកល្បងអ្វីដែលថ្មី: 

ការស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ថា ពួកយើងដែលជា “អ្នកដែលបង្កើតទម្លាប់” ឬប្រើវិធីសាស្ត្រថេរតែមួយ ដើម្បីដោះស្រាយបញ្ហា គឺមិនសូវបង្កើតដំណោះស្រាយសាមញ្ញ ឬមានតម្លៃទេ។ នៅពេលដែលយើងត្រូវបានកំណត់នៅក្នុងវិធីរបស់យើង ឬធ្វើអ្វីដដែលៗ ពីព្រោះនោះជាវិធីដែលយើងតែងតែធ្វើវា យើងមិនអើពើ នឹងឱកាសថ្មីដើម្បីកែលម្អដំណោះស្រាយ ឬស្ថានការណ៍ឲ្យបានប្រសើរ ដើម្បីទទួលបាន “សំណាង” ឡើយ។ 

- កាត់បន្ថយរឿងឥតប្រយោជន៍: 

ការប៉ះទង្គិចតិច ឬលះបង់រឿងគ្មានប្រយោជន៍ នៅក្នុងជីវិតរបស់យើងចោល ពេលវេលាកាន់តែច្រើនដែលយើងត្រូវប្រើដើម្បីកត់សម្គាល់ឱកាស និងចាប់យកការផ្លាស់ប្តូរវិជ្ជមាន។ ខួរក្បាលរបស់យើងមានទំនោរទៅរកចំនួន នៃផ្នែកទំនេរដែលមានកំណត់ សម្រាប់ដំណើរការ រកអ្វីដែលថ្មី និងបង្កើតអ្វីដែលមានប្រយោជន៍បានកាន់តែច្រើន។ រឿងល្អក់ កករនៅក្នុងចិត្ត និងខួរក្បាលរបស់យើងកាន់តែតិច នោះឱកាសក្នុងការបង្កើតសំណាង ក៏ដូចជាការធ្វើឲ្យជីវិតកាន់តែប្រសើរ មានកាន់តែច្រើន។

- ប្រើពេលវេលាសម្រាប់ខ្លួនឯង: 

ពេលវេលាតិចតួច គឺមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ មនុស្សដែលមានសំណាង។ ពេលវេលាស្ងប់ស្ងាត់ដោយខ្លួនឯង ផ្តល់ឱ្យខួរក្បាលរបស់យើងនូវឱកាស ដើម្បីដំណើរការព្រឹត្តិការណ៍ប្រចាំថ្ងៃឱ្យបានពេញលេញ និងអភិវឌ្ឍផ្នត់គំនិត ដែលមានភាពធូរស្រាល និងវិជ្ជមាន។

- ប្រជែងនឹងភាពលំអៀង: 

សួរខ្លួនឯងនូវសំណួរមួយ៖ ហេតុអ្វីខ្ញុំជឿអ្វីដែលខ្ញុំជឿ? ហើយតើមានអ្វីដែលអាច ផ្លាស់ប្តូរគំនិតរបស់ខ្ញុំទេ? ភាពលំអៀងរបស់យើង មានទំនោរទប់យើងដោយសញ្ញាណ ដែលបានដឹងទុកជាមុន អំពីការវិនិច្ឆ័យទៅលើអ្វីមួយ។ ឧទាហរណ៍ប្រសិនបើយើងជឿថា យើង «គ្មានសំណាង» នោះយើងប្រហែលជានឹងគ្មានសំណាងយ៉ាងពិតប្រាកដមែន។  ដោយឡែក ប្រសិនបើយើងជឿជាក់ថា យើងមិនមែនជាមនុស្សឆ្លាត ដូច្នេះយើងគប្បីនឹងរកឃើញភ័ស្តុតាង ដែលបញ្ជាក់យ៉ាងច្បាស់បែបនោះមែន។

រៀនដើម្បីឱ្យបានក្លាយខ្លួនជា មនុស្សមានសំណាង គឺជាការទទួលយកអ្វីដែលមិនបានរំពឹងទុក និងស្វែងរកមធ្យោបាយ ដើម្បីទាញយកប្រយោជន៍ពីឱកាសដែលអ្នកប្រហែល ជាមិនបានរំពឹងទុក។