ផ្លូវជាតិលេខ ១០ កំពុងសាងសង់កាត់ពីខេត្តកោះកុង រហូតដល់បាត់ដំបង កាត់បន្ថយការធ្វើដំណើរកាន់តែរហ័ស!

ការធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្ដាខេត្តក្រុងនានា មិនមែនជាបញ្ហាចោទនោះទេ ដោយសារយើងមានផ្លូវជាតិតភ្ជាប់ពីភ្នំពេញទៅកាន់គ្រប់ខេត្តទាំងអស់ ប៉ុន្តែបើនិយាយពីផ្លូវភ្ជាប់កាត់ពីខេត្តមួយទៅកាន់ខេត្តមួយទៀត យើងនៅមិនទាន់មានគ្រប់គ្រាន់ឡើយ។ ឧទាហរណ៍ ប្រសិនបើយើងចង់ធ្វើដំណើរពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប យើងត្រូវធ្វើដំណើរលើផ្លូវជាតិលេខ ៥ រហូតដល់ក្រុងសីរិសោភ័ណ ទើបអាចត្រលប់មកកាន់ខេត្តសៀមរាបតាមផ្លូវជាតិលេខ ៦។ ដូចនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកខ្ពស់លើគម្រោងសាងសាង់ផ្លូវកាត់ខេត្ត ផ្លូវភ្ជាប់ព្រំដែន ផ្លូវតាមបន្ទាន់ព្រំដែន ផ្លូវក្រវ៉ាត់ក្រុង -ល-។ 

ផ្លូវជាតិលេខ ១០ គឺជាឧទាហរណ៍យ៉ាងសំខាន់សម្រាប់លើកឡើងក្នុងប្រធានបទនេះ ព្រោះពេលនេះគម្រោងផ្លូវជាតិលេខ១០ កំពុងលេចរូបរាងចេញបណ្ដើរៗ ដោយសម្រេចការងារបានប្រមាណ ៤៣% មកហើយ គិតត្រឹមដំណាច់ឆ្នាំ២០២០ គ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៣។ ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាយ៉ាងយកចិត្តទុកដាក់ចំពោះការធ្វើដំណើរឆ្លងខេត្តភាគខាងលិចនៃប្រទេសកម្ពុជា ដែលជាតំបន់ភ្នំនិងខ្ពង់រាប ហើយកាលពីមុនយើងត្រូវធ្វើដំណើរលំបាកឆ្លងកាត់ភ្នំ ស្ពានចាស់ៗ អាចជាប់ផុងនៅរដូវវស្សាផងដែរ។ ប៉ុន្តែឥឡូវនេះ គេអាចធ្វើដំណើរពីកោះកុង ទៅដល់បាត់ដំបងត្រឹមតែខ្ទង់ ៥ ម៉ោងប៉ុណ្ណោះ តាមផ្លូវជាតិលេខ១០ ដោយផ្លូវនេះមានប្រវែង ១៩៧.៣៦៣ គីឡូម៉ែត្រត្រូវបានក្រាលកៅស៊ូបេតុង AC ដែលបានលាតសន្ធឹងកាត់ខេត្តកោះកុង ទៅកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ស្រុងសំឡូត ខេត្តបាត់ដំបង ដោយចំណាយថវិកាប្រមាណ ១៨៨ លានដុល្លារ និងទទួលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។ 

គម្រោងផ្លូវជាតិលេខ១០ ជាយុទ្ធសាស្ត្រនៃការតភ្ជាប់ពាណិជ្ជកម្មតាមបណ្ដោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃភាគខាងកើត ពោលគឺការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តកោះកុង-ខេត្តត្រាត រហូតដល់រហូតដល់ច្រកព្រំដែនកម្ពុជាថៃ ខេត្តបន្ទាយមានជ័យ-ខេត្តសាកែវ ដើម្បីបម្រើទៅដល់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម ទេសចរណ៍ និងសម្រួលការធ្វើដំណើរបានយ៉ាងរហ័សពីខេត្តមួយទៅខេត្តមួយ ហើយក្នុងនោះកាន់តែងាយស្រួលដល់ការរៀបចំច្រកព្រំដែនអន្តរជាតិថ្មី ដូចជាច្រកព្រំដែនថ្មដា ដែលត្រៀមនឹងតភ្ជាប់ឆាប់ៗនេះ។