រយៈពេល ១០ ឆ្នាំកម្ពុជាមានកំណើនប្រជាជន ២.២ លាននាក់!

ក្នុងស្ថិតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ដែលបានចេញផ្សាយម្សិលមិញនេះ បានបង្ហាញថាគិតចាប់ពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០១៩ ចំនួនប្រជាជនអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា មានកំណើនឡើងប្រមាណ ២.២ លាននាក់ ពោលគឺមានកំណើនពីជាង ១៣.៤ លាននាក់ក្នុងឆ្នាំ២០០៨ មកដល់ ១៥.៥៥ លាននាក់នៅឆ្នាំ២០១៩។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានដឹកនាំកិច្ចប្រជុំនៅសាលធំនៃសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ដើម្បីប្រកាសផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ជាតិស្ដីពីលទ្ធផលចុងក្រោយជំរឿនលើកទី៣ ក្រោយឆ្លងកាត់សង្គ្រាម នៅឆ្នាំ២០១៩ បានបង្ហាញថាចំនួនប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ១៥,៥៥២,២២១ នាក់ ក្នុងនោះមានប្រុសចំនួន ៧,៥៧១,៨៣៧ នាក់ (៤៨.៧%) និងស្រីចំនួន ៧,៩៨០,៣៧៤ នាក់ (៥១.៣%) និងមានអត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំ ១.៤%។ របាយប្រជាជនរស់នៅទីប្រជុំជនមានចំនួន ៣៩.៤% និងជនបទ ៦០.៦% ដោយរាជធានីខេត្ត ចំនួន ៤ មានចំនួនប្រជាជនច្រើនជាងគេគឺ៖ រាជធានីភ្នំពេញ មានប្រជាជន ២.៣ លាននាក់, ខេត្តកណ្ដាល ១.២ លាននាក់, ខេត្តព្រៃវែង ១.១ លាននាក់, និងខេត្តសៀមរាប ១ លាននាក់។ ចំណែកស្ថិតិអាយុប្រជាជន បានបង្ហាញថា ប្រជាជនវ័យកណ្ដាល (១៥-៥៩ ឆ្នាំ) មានកំណើនឡើងដល់ ៦១.៧% (មេដ្យានអាយុប្រជាជនអាយុ ២២ ទៅ ២៧ ឆ្នាំមានចំនួនច្រើនបំផុត) ខណៈប្រជាជនវ័យក្មេង ១៤ ឆ្នាំចុះក្រោមមាន ២៩.៤% និងវ័យ ៦០ ឆ្នាំឡើងទៅមាន ៨.៩%។   

គូសបញ្ជាក់ផងដែរថា ការធ្វើជំរឿនឆ្នាំ២០១៩ នេះត្រូវបានប្រើប្រាស់ថវិកាជាតិប្រមាណ ៩.៩ លានដុល្លារ ក្រោមការដឹកនាំដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ហើយទិន្នន័យនេះនឹងអាចប្រើប្រាស់យ៉ាងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល ជាពិសេសមានសារៈប្រយោជន៍ចំពោះការធ្វើគោលនយោបាយ និងការដឹកនាំរៀបចំផែនការផ្សេងៗផងដែរ។ សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) ព្រមទាំងអង្គការ Sida ដែលបានផ្ដល់ជំនួយថវិកានិងបច្ចេកទេសគាំទ្រ រួមជាមួយរដ្ឋាភិបាលចិន ដែលបានផ្ដល់ជំនួយឧបករណ៍ក្នុងដំណើរការនេះ។ 

របាយការណ៍ជំរឿន ឆ្នាំ២០១៩៖