ភ្ញៀវទេសចរអន្តរជាតិមកលេងនៅកម្ពុជា ធ្លាក់ចុះដល់ទៅ ៨០% កាលពីឆ្នាំ២០២០ កន្លងទៅ!

ភ្នំពេញ៖ កម្ពុជាក៏មិនខុសពីបណ្ដាប្រទេសជាច្រើននៅទូទាំងសកលលោកនោះដែរ គឺបានរងផលប៉ះពាល់ និងខាតបង់ជាច្រើននៅក្នុងវិស័យទេសចរណ៍ ដោយសារតែការរីករាលដាល និងរាតត្បាតនៃជំងឺកូវីដ ១៩ ធ្វើឱ្យធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរអន្តរជាតិ មកលេងនៅក្នុងប្រទេស និងភ្ញៀវទេសចរជាតិមួយចំនួនផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងវេទិការជាតិ អេកូទេសចរណ៍លើកទី២ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ បានគូសបញ្ជាក់ឱ្យដឹងថា ដោយសារតែជំងឺកូវីដ ១៩ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិបានចំនួនតែចំនួនជាង ១.៣១ លាននាក់តែប៉ុណ្ណោះ កាលពីឆ្នាំ ២០២០ កន្លងទៅ ជាលទ្ធផលអវិជ្ជមាន នៃការធ្លាក់ចុះមានរហូតដល់ទៅ ៨០% បើធៀបនឹងចំនួនភ្ញៀវទេសចរអន្តរជាតិ កាលពីឆ្នាំ ២០១៩។

 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់បន្ថែមទៀតថា ភ្ញៀវទេសចរផ្ទៃវិញក្នុងកាលពីឆ្នាំ ២០២០ មានប្រមាណតែជាង ៩ លាននាក់ប៉ុណ្ណោះ បានថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ ដោយអត្រានោះគឺជាការងើបឡើងវិញនៃការធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេស ពោលគឺក្រោយការធូស្រាលនៃការឆ្លង និងពលរដ្ឋមានការយល់ដឹង និងរួមគ្នាការពារ។ ទោះជាយ៉ាងណា និន្នាការនេះបានជួយទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាមួយផ្នែក ពិសេសបានជួយអាជីវកម្មទេសចរណ៍ក្នុងស្រុកមួយចំនួន ឱ្យមានលទ្ធភាពបើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

សម្រាប់ឆ្នាំ២០២១ នេះ វិស័យទេសចរណ៍កម្ពុជា អាចនឹងមានភាពល្អប្រសើរជាងឆ្នាំមុនបន្តិច ខណៈពេលដែលវ៉ាក់សាំងការពារ ត្រូវបានចាប់ផ្ដើមប្រើប្រាស់ ដើម្បីសង្រ្គោះពិភពលោករួមគ្នា ដោយរំពឹងថា អ្វីៗនឹងវិលទៅរកសភាពដើមវិញ ដូចកាលពីឆ្នាំ ២០១៩ តែត្រូវចំនាយពេលយូរបន្ថែមទៀត។ សូមរំលឹកថា វ៉ាក់សាំងជាជំនួយរបស់ចិន និងអូស្ត្រាលី នឹងមកដល់កម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយឥណ្ឌាក៏នឹងផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា នាពេលខាងមុខនេះផងដែរ៕

 

ប្រភព៖ ក្រសួងទេសចរណ៍