មជ្ឈមណ្ឌលបង្រៀនបើកបររថយន្តធុនធ្ងន់ ត្រូវបានបើកសម្ភោធដាក់ឱ្យដំណើរការជាលើដំបូងនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្រេចបើកសម្ភោធ ដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលបើកបររថយន្តធុនធ្ងន់ជាលើកដំបូងរបស់កម្ពុជា ដើម្បីជម្រុញទៅដល់ការបើកបរ របស់រថយន្តធំៗកាន់តែប្រសើរឡើងបន្ថែមទៀត។

នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ  ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់ជាលើកដំបូង ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ មានទំហំផ្ទៃក្រឡា ១៦,៥៨៤ម៉ែត្រការ៉េ មានអគាររដ្ឋបាលទំហំ ៨៤០ម៉ែត្រការ៉េ ទីលានសម្រាប់បង្រៀន និងប្រឡងយកបណ្ណបើកបរយានយន្តធុនធ្ងន់ ទំហំ ៨,៩០៩ម៉ែត្រការ៉េ និងអគារស្នាក់នៅសម្រាប់សិស្សមកពីបណ្តាខេត្តនានា មានទំហំ ៣៤៥ម៉ែត្រការ៉េ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់នេះ មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រ១៨-១៩ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេសវត្តមានមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ គឺជាការរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់លើដងវិថី បណ្តាលមកពីអ្នកបើកបររថយន្តធុនធ្ងន់ដែលគ្មានជំនាញច្បាស់លាស់។

ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍ដូច្នេះថា “ការបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ថ្មីនេះ នឹងមានការបញ្ចុះតម្លៃចំនួន៥០% សម្រាប់អ្នកដែលមកចុះឈ្មោះចូលរៀនមុនគេបង្អស់ចំនួន៥០នាក់ ចំណែកថ្លៃសិក្សាធម្មតាមានចំនួន ៣៥០ដុល្លារ ជាតម្លៃសេវាសាធារណៈរបស់រដ្ឋ ហើយការបង្រៀនទ្រឹស្តីមានរយៈពេល ៣០ម៉ោង និងបង្រៀនដៃចង្កូត២០ម៉ោង ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ ឯកឧត្តមបន្តថា “ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបរយានយន្តធុនធ្ងន់ថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលអាចផ្ដល់សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋយើងបានលឿន មានប្រសិទ្ធភាព និងតម្លាភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

ជាមួយគ្នានោះដែរ ឯកឧត្ដមបានអំពាវនាវទៅកាន់អ្នកបើកបរដែលគ្មានបណ្ណបើកបរទៅតាមប្រភេទយានយន្ត សុំឈប់បើកបរយានយន្តនោះ។ បើគ្មានបណ្ណបើកបរត្រឹមត្រូវ សុំឈប់ ហើយសុំមករៀនបើកបរឱ្យបានត្រឹមត្រូវនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នៅទីនេះ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា “អ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនអាយុមិនគ្រប់ទៅតាមច្បាប់កំណត់នោះទេ បើយើងគ្មានបណ្ណបើកបរត្រឹមត្រូវ គ្មានបទពិសោធន៍ អាយុមិនទាន់គ្រប់ ដើម្បីបើករថយន្តធុនធ្ងន់បានប្រភេទ (ក) ត្រូវមានអាយុ ២២ឆ្នាំ, (ឃ) និង (ង) ទាល់តែមានអាយុ ២៤ឆ្នាំ។ ប៉ុន្តែបើយើងមើលអ្នកបើកបរសព្វថ្ងៃនេះប្រហែល ១៨ឆ្នាំ ១៩ឆ្នាំ ហើយខ្ញុំជឿថាគ្មានបណ្ណបើកបរត្រឹមត្រូវទេ”។ 

សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវបើករថយន្តធន់ធ្ងន់អាចមកចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ នៅអាសយដ្ឋានដូចបានរៀបរាប់ខាងលើ ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៩២ ៧១៩១០៦ និង ០១២ ៤៣៧ ៦៧៦៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន