គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្ដុភារកម្មភ្នំពេញ ត្រូវបានចុះហត្ថលេខាជាផ្លូវការ!

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្ដុភារកម្មភ្នំពេញ ជាមួយក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ Indranee Rajah រដ្ឋមន្ត្រីទីពីរនៃក្រសួងហិរញ្ញវត្ថុនិងអភិវឌ្ឍន៍ជាតិរបស់សិង្ហបុរី, ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា, លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា, លោក Seth Tan នាយកក្រុមហ៊ុន Infrastructure Asia និងលោក Robert Yap ប្រធានក្រុមហ៊ុន YCH Group PTE Ltd ផងដែរ។  

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង IA របស់សិង្ហបុរីទាំង ២ ជាដៃគូរឯកជនដើម្បីសិក្សា និងអភិវឌ្ឍន៍សំណើគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ឬហៅថា Phnom Penh Logistics Complex (PP-LC) និងបានផ្ដល់ភារកិច្ចជូនដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានគណៈកម្មាធិការជាតិភ័ស្ដុភារកម្ម ដឹកនាំកិច្ចព្រមព្រៀងខាងលើនេះ ដែលមានទម្រង់ដូចគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ កិច្ចព្រមព្រៀងក្របខណ្ឌនេះផ្ដល់មូលដ្ឋានគ្រឹះនៃកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល និងក្រុមហ៊ុន YCH ដើម្បីរៀបចំ បង្កើត និងប្រតិបត្តិមជ្ឈមណ្ឌភ័ស្តុភារកម្មភ្នំពេញ (PPLC) ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប លំដាប់អន្តរជាតិ ធ្វើឲ្យប្រសើរឡើងដល់លំហូរដំណើរការភ័ស្ដុភារកម្ម រួមមានការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យភ័ស្ដុភារកម្មផងដែរ។ 

មជ្ឈមណ្ឌលភ័ស្ដុភារកម្មភ្នំពេញ (PPLC) នេះនឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព មានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជាពិសេសវានឹងក្លាយទៅជាកម្លាំងចលករប្រកបដោយសក្ដានុពលក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើបឡើង សំដៅសម្រេចឥ្យបាននូវចក្ខុវិស័យលើការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យលកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

នៅក្នុងពិធីចុះហត្ថលេខាលើនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញនូវសេចក្ដីស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភាពជាដៃគូរវាងក្រុមហ៊ុន YCH និងក្រុមហ៊ុន IA របស់សិង្ហបុរី ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយនឹងព្យាយាមកែប្រែប្រទេសកម្ពុជា ប្រទេសមានភាពជឿនលឿនក្នុងវិស័យភ័ស្ដុភារកម្មក្នុងតំបន់អាស៊ានមួយ ដូចមានចែងក្នុងផែនការមេ Masterplan បណ្ដោះអាសន្ន ដែលនឹងតភ្ជាប់បណ្ដាញដឹកជញ្ជូន និងភស្ដុភារកម្ម ដើម្បីប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង។ ឯកឧត្តម បានលើកឡើងថា អត្ថប្រយោជន៍នៃគម្រោងមជ្ឈមណ្ឌលភស្ដុរភារកម្មភ្នំពេញ ជាគម្រោងយុទ្ធសាស្ត្រមួយ មានទីតាំងនៅចំកណ្ដាលប្រទេស ជាមួយនឹងការគាំទ្រពីបណ្ដាញផ្លូវជុំវិញទីក្រុងភ្នំពេញ ហើយវាដើរតួនាទីជាចំណុចកណ្ដាលសម្រាប់បណ្ដាញចែកចាយទំនិញនៅក្នុងប្រទេស និងជាចំណុចតភ្ជាប់ការដឹកជញ្ជូនឆ្លងកាត់ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក, និងផ្លូវអាកាសផងដែរ។ ដោយហេតុថាប្រទេសកម្ពុជា មានទីតាំងស្ថិតនៅចំកណ្ដាលប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដូចនេះមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ នឹងអាចទាញប្រយោជន៍ច្រើនទៅលើវិស័យដឹកជញ្ជូននេះ។ លើសពីនេះទៀត មជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ នឹងជួយឲ្យកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទៅលើឆាកអន្តរជាតិផងដែរ។ 

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន