រដ្ឋបាលខេត្ត បានសម្រេចផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បណ្ដោះអាសន្ន!

នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិិនិត្យវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលខេត្តព្រះសីហនុ បាននិងកំពុងរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ តួរលេខកើនឡើងជាបន្ដបន្ទាប់គួរឲ្យព្រួយបារម្ភ។ ជាក់ស្ដែងគិតមកទល់ពេលនេះ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានរកឃើញមាន ៩០២ នាក់មកហើយ ចំណែកនៅព្រឹកថ្ងៃទី០៤ ខែមីនានេះ មានករណីឆ្លងសហគមន៍មានចំនួន ២៨ នាក់ថែមទៀត ក្នុងនោះមានខេត្តព្រះសីហនុចំនួន ១៨ ករណី។ 

ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានសម្រេចផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្ដោះអាសន្ន លើកលែងរថយន្ដដឹកទំនិញ និងរថយន្ដសង្គ្រោះបន្ទាន់ (ត្រូវអនុញ្ញាតិឲ្យឆ្លងកាត់ក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យយ៉ាងម៉ត់ចត់)។ ការណ៍ដែលសម្រេចបែបនេះ រដ្ឋបាលខេត្តព្រះសីហនុបានលើកឡើងថា នេះជាកិច្ចខិតខំប្រឹងប្រែងរាំងខ្ទប់ករណីឆ្្លងសហគមន៍ ហើយក៏បើកឱកាសដល់រដ្ឋបាលខេត្តព្យាយាមគ្រប់គ្រងទីតាំង និងស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឲ្យបានចប់សព្វគ្រប់សិន។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ នេះករណីឆ្លងដែលបានរកឃើញនៅក្នុងខេត្តព្រះសីហនុ មានសរុប ៨០ នាក់មកហើយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្ត ក៏បានចេញលិខិតជូនដំណឹងសម្រេចបិទទីតាំងពាក់ព័ន្ធ រួមមានសណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប មន្ទីរពេទ្យឯកជន សរុបចំនួន ៣២ ទីតាំងមកហើយដែរ។

ស្របពេលជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីអំពាវនាវជាលើកទី៥ ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ឲ្យមានការផ្អាកកម្មវិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា ពិធីជប់លៀង ខួបកំណើត -ល- និងត្រូវពាក់ម៉ាសនៅតាមទីសាធារណៈ ឬចេញចូលហាងទំនិញនានា និងអនុវត្តការរស់នៅតាមគន្លងបែបថ្មី ជាមួយវិធានការ ៣ ការពារ ៣ កុំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា ឲ្យបានខ្ជាប់ខ្ជួនបំផុត។