ការនាំចេញរបស់កូរ៉េខាងត្បូង ទៅទីផ្សារអន្តរជាតិហក់ឡើងបាន ៩,៥% បើធៀបនឹងឆ្នាំមុន!

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរងគ្រោះដោយសារតែជំងឺកូវីដ ១៩ មិនតិចនោះទេ កាលពីឆ្នាំ២០២០ កន្លងទៅ ហើយបានប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាជន សង្គម និងសេដ្ឋកិច្ច ដូចបណ្ដាប្រទេសនានាលើសកលលោកផងដែរ។ យ៉ាងណាមិញ របាយការណ៍ចុងក្រោយបានបញ្ជាក់ថា សេដ្ឋកិច្ចរបស់កូរ៉េ មានលទ្ធផលវិជ្ជមានហួសពីការរំពឹងទុក នាត្រីមាសទី៤ ឆ្នាំ២០២០ កន្លងទៅ ហើយកំពុងតែបន្តមានភាពវិជ្ជមានមកដល់ត្រីមាសទី១ ឆ្នាំ២០២១ នេះ។

ប្រភពព័ត៌មានក្នុងស្រុករបស់កូរ៉េខាងត្បូង ចុះផ្សាយកាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០១ នេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង មានភាពវិជ្ជមានកាលពីត្រីមាសទី៤ ឆ្នាំ២០២០ កន្លងទៅ ពោលគឺមានភាពល្អប្រសើរ ជាងត្រីមាសមុនៗនាឆ្នាំដដែលនោះ។ ផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែជំងឹកូវីដ ១៩ បានធ្វើឱ្យសេដ្ឋកិច្ចជាតិរបស់កូរ៉េខាងត្បូងទាំងមូលធ្លាក់ចុះ ក្នុងរយៈពេលដ៏ខ្លីបំផុត ទាំងការនាំចេញក៏មានការយឺតយ៉ាវ និងពុំមានតម្រូវការទីផ្សារ ហើយការនាំចូលក៏ធ្លាក់ចុះ ដោយសារតែការអនុវត្តវិធានការរបស់រដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ។

ប្រភពដដែលបានបញ្ជាក់ថា របាយការណ៍ចេញផ្សាយដោយធនាគារកណ្ដាលរបស់កូរ៉េខាងត្បូង (Bank of Korea) បានបង្ហាញថា សេដ្ឋកិច្ចជាតិរបស់កូរ៉េខាងត្បូង បានកើនឡើងបាន ១.២% កាលពីត្រីមាសទី៤ ខ្ពស់ជាងការរំពឹងទុក ០.១%.។ ការកើនឡើងនោះ ក៏ដោយសារតែមានការបន្ធូរបន្ថយការរឹតបន្តឹង នៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាមានតម្រូវការពីទីផ្សារអន្តរជាតិឡើងវិញ ធ្វើឱ្យការនាំចេញរបស់កូរ៉េខាងត្បូងកើនឡើងវិញ។

ឈានចូលឆ្នាំ ២០២១ នេះ ទិន្នន័យប្រមូលបានរបស់ធនាគារកូរ៉េខាងត្បូង បានឱ្យដឹងថា ទំហំនៃការនាំចេញផលិតផលរបស់កូរ៉េទៅទីផ្សារបរទេសបានកើនឡើង ៩,៥% កាលពីខែកុម្ភៈ កន្លងទៅ បើធៀបទៅនឹងអត្រានៃការនាំចេញកាលពីខែដដែល នាឆ្នាំ២០២០។ ការកើនឡើងនោះ គឺផ្សារភ្ជាប់ទៅនឹងលទ្ធផលវិជ្ជមានកាលពីត្រីមាសទី ៤ ឆ្នាំកន្លងទៅ ដោយការនាំចេញច្រើនជាងគេគឺជាប្រភេទបន្ទះឈីបអេឡិកត្រូនិក គ្រឿងបង្គុំ និងផលិតផលសំខាន់ៗផ្សេងទៀត ដែលតម្លើង និងផលិតឡើងនៅក្នុងប្រទេសផ្ទាល់ ដោយគ្រាន់តែផលិតផលឧស្សាហកម្មតែឯងកើនឡើងបាន ៣%។

សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ ក្នុងទ្វីបអាស៊ី កាលពីឆ្នាំ២០២០ កន្លងទៅនេះ បានធ្លាក់ចុះ ១% នៃទំហំសេដ្ឋកិច្ចសរុប ដោយគិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ។ ទន្ទឹមគ្នានោះដែរ ធនាគារកូរ៉េខាងត្បូង បានព្យាករថា កូរ៉េខាងត្បូង នឹងដើរទៅរកសភាពដើមវិញ ដោយពឹងផ្អែកទៅលើការនាំចេញផលិតផលទៅបរទេស ការបោះទុនវិនិយោគជាដើម តែទីផ្សារការងាររបស់ពលរដ្ឋកូរ៉េ នឹងងើបឡើងវិញក្នុងល្បឿនមួយយឺត ដោយសារតែជំងឺកូវីដ ១៩ នៅក្នុងសកលលោក ពុំទាន់ធូស្បើយនៅឡើយ៕