ចិនដាក់គោលដៅចាក់វ៉ាក់សាំងឱ្យបាន ៤០% នៃចំនួនប្រជាជនសរុបនៅទូទាំងប្រទេស ត្រឹមខែមិថុនាខាងមុខ

រដ្ឋាភិបាលចិន បានដាក់ចេញនូវគោលដៅចំបង និងសំខាន់មួយក្នុងការផ្គត់ផ្គង់ការចាក់វ៉ាក់សាំង ទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នៅលើផ្ទៃប្រទេស ឱ្យបានក្នុងអត្រា ៤០% នៃចំនួនប្រជាជនសរុប ក្នុងរយៈពេលយ៉ាងយូរបំផុតត្រឹមខែមិថុនា ខាងមុខ។

ប្រភពព័ត៌មានអន្តរជាតិចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា រដ្ឋាភិបាលចិន ដឹកនាំដោយគណៈកម្មការសុខភាពជាតិ (National Heath Commission) បានដាក់ចេញនូវគោលដៅធំមួយ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋ ឱ្យបានក្នុងអត្រាយ៉ាងហោចណាស់ ៤០% នៃចំនួនប្រជាជនចិនសរុប នៅទូទាំងប្រទេស យ៉ាងយូរត្រឹមខែមិថុនាខាងមុខ។ តាមការលើកឡើងរបស់ Zhong Nanshan ថ្នាក់ដឹកនាំជាន់ខ្ពស់ NHC បានឱ្យដឹងថា បច្ចុប្បន្នយើងបានចាក់វ៉ាក់សាំងទៅដល់ពលរដ្ឋបាន ៥២.៤២ លានដូស គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ។

សម្រាប់ពេលបច្ចុប្បន្ន ការចាក់វ៉ាកសាំងនៅចិន គឺស្ថិតក្នុងល្បឿនមួយយឺតនៅឡើយ នោះក៏ដោយសារតែការគ្រប់គ្រងស្ថានការណ៍ និងអត្រានៃការឆ្លងនៅចិនគឺស្ថិតនៅក្នុងកម្រិតទាបបំផុត នេះបើយោងតាមការលើកឡើងរបស់លោក Zhang Wenhong អ្នកជំនាញខាងជំងឺឆ្លងប្រចាំការនៅទីក្រុងសៀងហៃ។ លោកបានបញ្ជាក់ថា វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានសម្រេចឱ្យប្រើប្រាស់ក្នុងប្រទេស បើអាចផលិតបានតាមផែនការ គឺអាចកើនដល់ ២.៦ ពាន់លានដូស នាចុងឆ្នាំ២០២១ នេះ។

អ្នកជំនាញផ្នែកសុខភាពរបស់ចិន បានឱ្យដឹងទៀតថា ប្រទេសចិនខ្លួនឯងមានលទ្ធភាពគ្រប់គ្រាន់ ដោយអាចផ្គត់ផ្គង់ចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋរបស់ខ្លួន បើទោះបីជាចិន បានសន្យាជាមួយនឹងប្រទេសជាមិត្តថានឹងផ្ដល់នួវជំនួយវ៉ាក់សាំងទៅក្រៅប្រទេស ដែលចំនួននោះច្រើនជាង ១០ ដង នៃចំនួនវ៉ាក់សាំង ដែលផ្ដល់ជូនពលរដ្ឋក្នុងប្រទេសក៏ដោយ។ ម្យ៉ាងបើក្នុងមួយថ្ងៃៗយើងអាចចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ១០ លាននាក់ក៏ដោយ ក៏យើងទាមទារពេលវេលាយ៉ាងហោចណាស់ ៧ ខែ ដើម្បីអាចចាក់បានក្នុងអត្រា ៧០% នៃចំនួនប្រជាជនសរុប។

យ៉ាងណាក៏ដោយ គោលដៅចាក់វ៉ាកសាំងឱ្យបាន ៤០% នៃចំនួនប្រជាជនចិនសរុប នៅទូទាំងប្រទេស នឹងត្រូវបន្តដោយនៅសល់ប្រមាណជិត ៤ ខែទៀត ដោយចិនរំពឹងថា ការវិលត្រឡប់ទៅកាន់សភាពដើម ដូចកាលពីឆ្នាំ ២០១៩ វិញ នឹងកើតមានឡើងនាឆ្នាំ ២០២២ ខណៈឆ្នាំ ២០២១ នេះ យើងទាំងអស់គ្នា កំពុងចាត់វិធានការទប់ស្កាត់ និងបង្ការជំងឺឆ្លងមួយនេះ៕