វៀតណាម ត្រូវចំនាយប្រមាណជា ១២៨ ពាន់លានដុល្លារសម្រាប់អភិវឌ្ឍន៍វិស័យថាមពល ៩ ឆ្នាំទៅមុខ

ហាណូយ៖ រាជរដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការអំពីផែនការ និងចក្ខុវិស័យវែងឆ្ងាយរបស់ខ្លួន ជុំវិញវិស័យថាមពលអគ្គិសនី នៅទូទាំងប្រទេសសម្រាប់រយៈពេល ៩ ឆ្នាំទៅមុខទៀត ដោយត្រូវចំនាយថវិការ ក្នុងការវិនិយោគច្រើនជាង ១២៨ ពាន់លានដុល្លារអាមេរិក។

ផែនការមេ ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលវៀតណាម ក្នុងការធ្វើឱ្យប្រសើរឡើងនៅក្នុងវិស័យថាមពល ដែលមិនអាចខ្វះបាន បានដាក់ចេញ និងអានុម័តជាផ្លូវការហើយ ដោយគ្រោងនឹងចំនាយថវិការ សម្រាប់ការវិនិយោគច្រើនជាង ១២៨ ពាន់លានដុល្លារអាមេរិក។ ដឹកនាំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) ផែនការធ្វើឱ្យប្រសើរឡើងនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ខាងមុខ និងបន្តចក្ខុវិស័យរហូតដល់ឆ្នាំ ២០៤៥ ដើម្បីសម្រេចបានផែនការមេដ៏សំខាន់សម្រាប់ប្រទេសជាតិ។

តាមការវាយតម្លៃរបស់ (MoIT) របស់វៀតណាមបានឱ្យដឹងថា កម្រិត GDP នឹងឈានដល់អត្រា ៦.៦% ក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០៣១ ទៅឆ្នាំ ២០៤៥ ដែលពេលនោះតម្រូវការថាមពលនឹងមានការកើនឡើងខ្ពស់ អាចឈានដល់កម្រិត ៤៩១ ពាន់លាន kWh នៅក្នុងឆ្នាំ ២០៣០ និងកើនដល់ទៅ ៨៧៧ ពាន់លាន kWh នៅឆ្នាំ ២០៤៥។ តាមរយៈការព្យាករណ៍នេះដែរ វៀតណាមតាមរយៈសេចក្ដីព្រៀងផែនការមេ រំពឹងទុកថា នៅឆ្នាំ២០៣០ កម្លាំងថាមពលនៅក្នុងប្រទេស នឹងកើនឡើងដល់ ១៣៧.២ GW។

ក្នុងរយៈពេល ៩ ឆ្នាំទៅមុខទៀតនេះ ២៩% នៃកម្លាំងថាមពលនឹងបង្កើតចេញពីថាមពលធ្យូងថ្ម មាន ២១% បានមកពីថាមពលកើតចេញពីឧស្ម័ន (Thermal Gas Power) មាន ១៨% បានមកពីវារីអគ្គីសនី មាន ២៩% បានមកពីកម្លាំងខ្យល់ ផ្ទាំងសូឡា មាន ៤% បានមកពីការទិញថាមពលពីប្រភពខាងក្រៅ និង ១% បានមកពីថាមពល ដែលរក្សាទុកនៅក្នុងឧបករណ៍ ឬម៉ាស៊ីនផ្សេងៗ។ សម្រាប់ឆ្នាំ ២០៤៥ វិញ ថាមពលដែលវៀតណាមអាចផលិតបាននឹងឈានដល់ទំហំប្រមាណ ២៧៦.៧ GW ដោយក្នុងនោះមាន ១៨% បានមកពីថាមពលធ្យូងថ្ម ២៤% បានមកពីថាមពលកើតចេញពីឧស្ម័ន (Thermal Gas Power) មាន ៩% បានមកពីវារីអគ្គីសនី មាន ៤៤% បានមកពីកម្លាំងខ្យល់ ផ្ទាំងសូឡា មាន ២% បានមកពីការទិញថាមពលពីប្រភពខាងក្រៅ និង ៣% បានមកពីថាមពល ដែលរក្សាទុកនៅក្នុងឧបករណ៍ ឬម៉ាស៊ីនផ្សេងៗ។

តាមផែនការដែលបានព្យាករណ៍ទុកមុននេះ ទឹកប្រាក់វិនិយោគ ១២៨.៣ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ឆ្នាំទៅមុខនេះ នឹងប្រើប្រាស់ ៩៥.៤ ពាន់លានដុល្លារសម្រាប់ថាមពលអគ្គិសនី និង ៣២.៩ ពាន់លានដុល្លារសម្រាប់ឧបករណ៍ប្រើប្រាស់ ស្ថានីយ៍ សេវាបច្ចេកទេស ជាអាទិ៍។ ដោយឡែកសម្រាប់ ១៥ ឆ្នាំទៅមុខ ពោលដល់ឆ្នាំ ២០៤៥ ត្រូវការទឹកប្រាក់វិនិយោគ ១៩២.៣ ពាន់លានដុល្លារ ដោយទឹកប្រាក់ប្រមាណ ១៤០.២ ពាន់លានដុល្លារនឹងប្រើប្រាស់សម្រាប់ថាមពលអគ្គិសនី និង ៥២.១ ពាន់លានដុល្លារសម្រាប់ឧបករណ៍ប្រើប្រាស់ ស្ថានីយ៍ សេវាបច្ចេកទេស ជាដើម៕