របាយការណ៍ថ្មីបានបង្ហាញឲ្យដឹងថា កម្រិតឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងខ្យល់ ចាប់ផ្តើមត្រឡប់ទៅកាន់កម្រិតមួយ ដូចមុនពេលមានការរាតត្បាតកូវីដ-១៩ ហើយ!

បើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency - IEA) បាននិយាយកាលពីថ្ងៃអង្គារថ្មីៗនេះថា ការបំភាយឧស្ម័នកាបូនិកពិភពលោក បានវិលត្រឡប់មក ក្នុងកម្រិតមួយ ដូចទៅនឹងមុនពេលមានរោគរាតត្បាតកូវីដ-១៩ បន្ទាប់មកកម្រិតនៅតាមតំបន់ខ្លះ កំពុងតែគំរាមកំហែងទៅលើអាកាសធាតុ និងធ្វើឲ្យកម្រិតនៃកំដៅពិភពលោកមានការកើនឡើងវិញទៀតផង។ 

IEA បាននិយាយនៅក្នុងរបាយការណ៍មួយថា ការបំភាយចំហេះឧស្ម័ន មានការកើនឡើង ២% ខ្ពស់ជាងកម្រិតនៅក្នុងខែធ្នូឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជម្រុញឡើង ដោយការស្ទុះងើបនៃសេដ្ឋកិច្ច និងកង្វះគោលនយោបាយ នៃប្រភពថាមពលសុវត្ថិភាព (Clean energy policies)។

នាយកប្រតិបត្តិរបស់ IEA លោក Fatih Birol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស្ទុះងើបឡើងវិញនៃការសាយភាយកាបូនកម្រិតសកល រហូតដល់ដំណាច់ឆ្នាំនេះ គឺជាការព្រមានដ៏ខ្លាំងមួយ ដែលមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីពន្លឿនដំណើរផ្លាស់ប្តូរថាមពលស្អាត នៅទូទាំងពិភពលោក នៅឡើយទេ។ ប្រសិនបើរដ្ឋាភិបាលមិនធ្វើសកម្មភាព ឲ្យបានឆាប់រហ័សជាមួយនឹងគោលនយោបាយថាមពលត្រឹមត្រូវទេ វាអាចនឹងបង្កហានិភ័យដល់ ពិភពលោកជាប្រវត្តិសាស្ត្រ បានធ្វើឱ្យឆ្នាំ ២០១៩ ក្លាយជាឆ្នាំកំពូល ដែលមានកម្រិតខ្ពស់បំផុត នៃការបំភាយឧស្ម័នពិភពលោក។”

 

កាលពីមួយឆ្នាំមុន ទីភ្នាក់ងារអន្តររដ្ឋាភិបាលបានអំពាវនាវដល់រដ្ឋាភិបាលនានា ឱ្យដាក់ប្រើគោលការណ៍ប្រភពថាមពលស្អាត មានសុវត្ថិភាពនៅក្នុងបេះដូងនៃផែនការជម្រុញសេដ្ឋកិច្ច ប៉ុន្តែការអំពាវនាវនេះ ហាក់ដូចជាមិនមានប្រសិទ្ធភាពឡើយ។ លោក Birol បាននិយាយបន្តថា “ចំនួនតួលេខរបស់យើង បានបង្ហាញថាយើងកំពុងវិលត្រឡប់ទៅរកការធ្វើជំនួញ ដែលប្រើចំហេះកាបូនដូចធម្មតា។”

នៅប្រទេសចិន ការបំភាយនៃចំហេះកាបូនកាលពីឆ្នាំមុន បានកើនឡើងដល់កម្រិតនៃឆ្នាំ ២០១៩ ជាងកន្លះភាគរយ បើទោះបីជាមានភាពតឹងរ៉ឹងយ៉ាងណាក៏ដោយ ដូចជាការបិទទ្វារប្រទេស ដើម្បីរារាំងការរីករាលដាលនៃមេរោគកូវីដ-១៩។ ប្រទេសចិនដែលមានទិន្នផលចំហេះឧស្ម័នកាបូនិកចំនួនជាង ១/៤ នៃ កម្រិតទាំងមូលរបស់ពិភពលោក គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំតែមួយគត់ ដែលបានរីកចម្រើននៅឆ្នាំ ២០២០។ របាយការណ៍នេះ បានរកឃើញថាប្រទេសផ្សេងទៀត ក៏កំពុងមើលឃើញការសាយភាយនៃសារធាតុកាបូន កើនឡើងលើសកម្រិត មុនពេលមានវិបត្តិកូវីដ-១៩ ផងដែរ។

យ៉ាងណា ការបំភាយឧស្ម័នរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១០% ក្នុងឆ្នាំ ២០២០ ប៉ុន្តែនៅខែធ្នូ ក៏បានឈានដល់កម្រិតមួយ ដូចកាលពីឆ្នាំមុនដូចគ្នា។

ការគិតគូរពីដំណើរនៃការរីកលូតលាស់ និងការបំភាយឧស្ម័ន លោក Birol បាននិយាយថា "ប្រសិនបើការរំពឹងទុកនាពេលបច្ចុប្បន្នសម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ត្រូវបានបញ្ជាក់ ហើយក្នុងករណីដែលគ្មានការផ្លាស់ប្តូរ គោលនយោបាយសំខាន់ៗនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកនោះ កម្រិតនៃការបំភាយឧស្ម័ននឹងកើនឡើងខ្លាំងនៅក្នុងឆ្នាំ ២០២១។"

ការកើនឡើងយ៉ាងខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច និងការបំពុលខ្យល់ ដែលកើតឡើងជាមួយវា គឺជាបទដ្ឋានច្រើនជាងការលើកលែង បន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ច។ ឧទាហរណ៍ជាក់ស្តែង កំណើន GDP ប្រចាំឆ្នាំ និងការបំភាយឧស្ម័នកាបូនិកបានកើនឡើង បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចដ៏ធំនៅឆ្នាំ ២០០៨។

លោក Birol បានកត់សម្គាល់ថា ប៉ុន្តែនៅពេលសម្ពាធបង្កើតឡើងដើម្បីដោះស្រាយវិបត្តិអាកាសធាតុនោះ យើងអាចនឹងមានសញ្ញាលើកទឹកចិត្តថា អ្នកបញ្ចេញឧស្ម័នសំខាន់ៗកំពុងបោះជំហាន ដើម្បីកាត់បន្ថយកំណើនសេដ្ឋកិច្ច ចេញពីការបំភាយកាបូនដែលធ្វើឲ្យឡើងកំដៅផែនដី។ លោកបាននិយាយថាការធ្វើឱ្យមានការភ្ញាក់ផ្អើលរបស់ប្រទេសចិន ក្នុងការប្រកាសខ្លួនជាការតាំងចិត្តថា នឹងធ្វើឲ្យប្រទេសរបស់ខ្លួន ក្លាយជាប្រទេសដែលប្រើកាបូនធម្មជាតិ (ឬគ្មានចំហេះកាបូន) នៅឆ្នាំ ២០៦០ បន្ទាប់មកគឺជា Agenda ទាក់ទងនឹងអាកាសធាតុរបស់រដ្ឋបាល Biden រួមជាមួយការចូលកិច្ចព្រមព្រៀងអាមេរិក ទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកិច្ចព្រមព្រៀង Green New Deal របស់សហភាពអឺរ៉ុប គឺស្ថិតនៅក្នុងទិសដៅដ៏ត្រឹមត្រូវបំផុត។

លោកបានបន្ថែមថា “ជោគជ័យគួរឱ្យភ្ញាក់ផ្អើលរបស់ឥណ្ឌា ជាមួយនឹងគម្រោងនៃប្រភពកកើតឡើងវិញ អាចផ្លាស់ប្តូរអនាគតថាមពលរបស់ប្រទេសនេះបាន។” គូសសម្គាល់ផងដែរថា ការបំភាយឧស្ម័នពិភពលោកបានធ្លាក់ចុះជិត ២ កោដិតោន (two billion tonnes) ក្នុងឆ្នាំ ២០២០ ដែលជាការថយចុះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។

ការធ្លាក់ចុះជាងពាក់កណ្តាលនៃការថយចុះនេះ គឺដោយសារតែការប្រើប្រាស់ប្រេងទាប សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក និងប្រព័ន្ធអាកាសចរណ៍។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ រួមបញ្ចូលបណ្តាប្រទេសនានា ដើម្បីទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោក “ទាបជាង” ២ អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិត preindustrial levels ដើម្បីទប់ទល់នឹងការឡើងកម្តៅ ១.៥C ប្រសិនបើអាចទៅរួច។ ផ្ទៃផែនដីមានសីតុណ្ហភាពក្តៅជាមធ្យម ១,១C ហើយអាចល្មមគ្រប់គ្រាន់ ដើម្បីបង្កើនសង្វាក់ និងអាំងតង់ស៊ីតេនៃរលកកម្តៅ អាចបង្កឲ្យមានគ្រោះរាំងស្ងួត និងព្យុះ ដែលអាចធ្វើឲ្យមានការបំផ្លិចបំផ្លាញកាន់តែច្រើន ដោយសារតែកម្រិតនីវ៉ូទឹកសមុទ្រក៏មានការកើនឡើង។

នៅខែឧសភា ខាង IEA នឹងផ្សព្វផ្សាយផែនទីបង្ហាញផ្លូវជាសកល (global road map) លើកដំបូងរបស់ខ្លួន ស្តីពីវិធីដែលអាចធ្វើឲ្យវិស័យផលិតថាមពលអាចឈានដល់សូន្យ (Net-zero) ត្រឹមឆ្នាំ ២០៥០។