រដ្ឋាភិបាលជប៉ុន ត្រៀមបន្ថែមពេលដាក់ទីក្រុងតូក្យូក្នុងគ្រាអាសន្នមួយរយៈពេលខ្លីទៀត!

តូក្យូ៖ រដ្ឋាភិបាលជប៉ុន កាលពីសប្ដាហ៍មុននេះ បានសម្រេចជាផ្លូវការ ក្នុងការដាក់ប្រទេសរបស់ខ្លួន ដំណើរការជាធម្មតាវិញ បន្ទាប់ស្ថានភាពនៃជំងឺកូវីដ ១៩ បានថយចុះ ខណៈវ៉ាក់សាំងចាក់ការពារ និងបង្ការពីជំងឹកូវីដ ១៩ បានកំពុងចាប់ផ្ដើម។ យ៉ាងណាមិញ ទីក្រុងតូក្យូ ដែលជាក្បាលម៉ាស៊ីនរបស់ប្រទេស អាចនឹងត្រូវពន្យាពេលបន្ថែមទៀត។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីព្រឹកថ្ងៃទី០៥ ខែមីនា នេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន ត្រៀមនឹងបន្តដាក់ឱ្យទីក្រុងតូក្យូស្ថិតក្នុងគ្រាអាសន្នជាបន្តទៀត ដោយថែម ២ សប្ដាហ៍ ពីលើកាលវិភាគ ដែលត្រូវបានអានុម័ត កាលពីពេលកន្លងទៅថ្មីៗនេះ។ តាមការគូសបញ្ជាក់របស់លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន បានឱ្យដឹងថា ការពន្យាពេល ២ សប្ដាហ៍នេះ គឺជាផែនការ ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

បច្ចុប្បន្ននេះវិធានការដាក់ចេញដោយរដ្ឋាភិបាលជប៉ុន ក្នុងការរឹតបន្តឹងការរស់នៅរបស់ប្រជាពលរដ្ឋ នៅតែបន្តទៅមុខជាធម្មតា ពោលគឺបើពុំចាំបាច់នោះទេ គប្បីស្នាក់នៅក្នុងផ្ទះរៀងៗខ្លួន បើចេញក្រៅគប្បីរក្សាគម្លាត និងបញ្ជៀសពីការប្រមូលផ្ដុំជាដើម។ ក្នុងនោះផងដែរ រដ្ឋាភិបាលក៏បានស្នើសុំឱ្យម្ចាស់អាជីវកម្ម ជាច្រើនធ្វើការសហការណ៍ ដោយបិទម៉ោងប្រតិបត្តិការអាជីវកម្មចាប់ពីម៉ោង ៨ យប់តទៅ។ 

ផែនការណ៍ពន្យាពេល ២ សប្ដាហ៍ទៅមុខនៅទីក្រុងតូក្យូ នឹងត្រូវសម្រេច ហើយប្រកាសឱ្យពលរដ្ឋនៅក្នុងទីក្រុងបានដឹងនាពេលខាងមុខ ដោយលោកនាយករដ្ឋមន្ត្រី Yoshihide Suga ផ្ទាល់។ តាមប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលអាចនឹងបន្ថែមពេល ២ សប្ដាហ៍នោះ ក៏ដោយសារតែ ការភ័យខ្លាចក្នុងការផ្ទុះឡើង និងឆ្លងកាន់តែច្រើននៅក្នុងទីក្រុង ខណៈព្រឹត្តិការណ៍ Tokyo Olympic នឹងមកដល់ក្នុងរយៈពេល ៤ ខែកន្លះទៀតប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ ក្រុមអត្តពលិកបរទេសជាច្រើន បានកំពុងត្រៀមខ្លួន និងសម្រុកចូលទៅក្រុងតូក្យូ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈអត្រាឆ្លងនៅតែកើតមានឡើង ដោយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅមានចំនួនករណីឆ្លងថ្មី ២៧៩ នាក់ ខណៈកាលពីថ្ងៃទី៧ មករា មានរហូតដល់ទៅ ២,៥២០ នាក់ តែនៅក្នុងទីក្រុងតូក្យូតែប៉ុណ្ណោះ។ ហេតុនេះការពន្យាពេល ឬយ៉ាងណានោះ នឹងត្រៀមប្រកាសជាសាធារណៈក្នុងរយៈពេលដ៏ខ្លីខាងមុខ៕