ក្រុមហ៊ុនចល័តរបស់ចិន បានធ្វើការប្រកាសពីគម្រោងប៉មចំណតបញ្ឈរ (Vertical tower) សម្រាប់តាក់ស៊ីអាកាសខ្នាតតូច របស់ខ្លួន!

ទោះបីជាបណ្តាប្រទេសជឿនលឿនជាច្រើន បានស្រម៉ៃនិងគ្រោងទុកនូវគម្រោង “តាក់ស៊ីអាកាស” ជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនេះបញ្ហាដែលជាចំណតសម្រាប់តាក់ស៊ីទាំងនោះចុះចតជាក់លាក់ ទៅតាមការកំណត់ណាមួយ ក៏ត្រូវបានគិតផងដែរ។ ជាមួយនឹងគំនិតនេះ ក្រុមហ៊ុនចល័តរបស់ចិន (Chinese air mobility) EHang ក៏បានប្រកាសផែនការសម្រាប់ប៉មបញ្ឈរ (Vertical tower) ដែលជាទីតាំងចុះចតសម្រាប់យានយន្តខ្នាតតូចទាំងនោះតែម្តង។

បច្ចុប្បន្នប្រធានបទនៃទីផ្សារភាគហ៊ុនរបស់គម្រោងទាំងនេះ កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស់ ដោយក្រុមហ៊ុន EHang កំពុងតែធ្វើការផលិតយានយន្ត ខ្នាតតូច ឬគេស្គាល់ថាជាតាក់ស៊ីអាកាស ដើរដោយប្រព័ន្ធអេឡិចត្រូនិច អាចចុះចតបាន (eVTOL – electronic vertical takeoff and landing)។ យានយន្តខ្នាតតូចនេះ អាចផ្ទុកមនុស្សបានអាចម្នាក់ ឬពីរនាក់បាន អាស្រ័យទៅតាមម៉ូឌែលរបស់វា បន្ទាប់មកវានឹងធ្វើការបើកបរ ហោះឡើងដោយខ្លួនឯង ទៅកាន់ទីតាំងដែលបានកំណត់។ បើយោងតាមក្រុមហ៊ុនផ្ទាល់ ត្រូវបានគេរាយការណ៍ឲ្យដឹងថា EHang បានប្រគល់យានយន្តខ្នាតតូច ជាតាក់ស៊ីអាកាស (Air Taxi) ចំនួន 40 គ្រឿងទៅដល់អតិថិនជនរបស់ខ្លួនធ្វើការតេស្តិ៍ សាកល្បង និងដាក់បង្ហាញឲ្យកាន់តែទូលំទូលាយហើយ។

 

មិនត្រឹមតែប៉ុណ្ណោះ គម្រោងប៉មបញ្ឈរ (Vertiport) ដែលនឹងប្រើសម្រាប់ជាទីតាំងចំណតរបស់តាក់ស៊ីទាំងនោះ ក៏កំពុងតែធ្វើការរចនាជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្មរបស់អ៊ីតាលី Giancarlo Zema Design Group (GZDG) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន EHang ដើម្បីកសាងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារសហភាពអឺរ៉ុប។ គម្រោងនៃប៉មបញ្ឈរនេះត្រូវបានបំផុសដោយ African baobab tree ដែលរចនាសម្ព័ន្ធរបស់វានឹងមានទម្រង់ជាប៉មកម្ពស់ 30 ម៉ែត្រ សាងសង់ចេញពីដែកថែប និងឈើធ្នឹម។

អ្នកដំណើរនឹងតម្រូវឲ្យឡើងជណ្តើរយន្តទៅកន្លែងចុះចត នៅលើផ្នែកដំបូលរាបស្មើរបស់ប៉ម។ នៅខាងក្រោមរាបស្មើនោះ នឹងក្លាយជាបន្ទប់រង់ចាំមួយ និងមានភោជនីយដ្ឋានបែប Panoramic ដែលមានទំហំ 200 ម៉ែត្រការ៉េផងដែរ។

 

លើសពីនេះទៀតផែនការនៃប៉មនេះ នឹងមានបន្ទះ Photovoltaic ដើម្បីបង្កើតថាមពលលើសពី ៣០០ គីឡូវ៉ាត់ក្នុងមួយថ្ងៃ ដែលថាមពលបន្ថែមទាំងនេះ នឹងអាចសាកបញ្ចូល ឬផ្ទេរបានតាមរយៈ (three independent plug-and-play charging stations) សម្រាប់ប្រើជាមួយនឹងយានយន្តដែលអាចដឹកមនុស្សបានពីរនាក់ប្រភេទ EH216 eVTOLs ដែលនឹងចុះចតនៅលើដំបូលប៉ម។

គួរកត់សម្គាល់ថា ខណៈដែលក្រុមហ៊ុន EHang កំពុងផ្តោតសំខាន់លើយានយន្តរបស់ខ្លួន ក្នុងការប្រើប្រាស់នៅតាមទីក្រុង ប៉មចំណតបញ្ឈរ (Vertiport tower) កំពុងត្រូវបានរចនាឡើងដោយគោរពតាមស្តង់ដា ឧស្សាហកម្មទេសចរណ៍ធម្មជាតិ ដែលតាក់ស៊ីអាកាសនេះ នឹងទៅដឹកអ្នកដំណើរដែលឈប់ចាំនៅលើប៉ម  បន្ទាប់មកយកអ្នកដំណើរទាំងនោះ ទៅទស្សនាតំបន់ទេសចរណ៍ជុំវិញទីតាំងជនបទ ឬទីប្រជុំជនដែលបានកំណត់។ ទីតាំងជាក់ស្តែង នៃប៉មចំណតបញ្ឈររចនាបថរបស់អ៊ីតាលីនេះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថាសំណង់បន្ថែមនៃគម្រោងដដែលនេះ ត្រូវបានគ្រោងសម្រាប់កន្លែងផ្សេងទៀត នៅអឺរ៉ុបនិងអាស៊ីអាគ្នេយ៍។