អគារខ្ពស់បំផុតលំដាប់ទី២ លើពិភពលោក ត្រៀមបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ!

ទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី កំពុងពន្លឿនគម្រោងសាងសង់អគារខ្ពស់បំផុតរបស់ខ្លួន ឲ្យបញ្ចប់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២ បន្ទាប់ពីការបញ្ចប់គ្រឹះដល់សំណង់កំពូលកាលពីខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ហើយវាក៏ជាអគារខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងអគារខ្ពស់លំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពី Burj Khalifa (៨៣០ ម៉ែត្រ) ដោយដណ្ដើមដំណែងអគារខ្ពស់បំផុតទី២ ពី Shanghai Tower (៦៣២ ម៉ែត្រ) នៅប្រទេសចិន។ 

អគារ Merdeka 118 មានចំនួន ១១៨ ជាន់អគារ មានកម្ពស់សរុប ៦៤៤ ម៉ែត្រ ទើបបង្ហាញចេញជាផ្លូវការក្រោយបញ្ចប់គ្រឹះដល់សំណង់កំពូល គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Permodalan Nasional Berhad (PNB) ក្នុងទំហំទឹកប្រាក់ ៥ ពាន់រីងហ្គីត (ប្រហែល ១,២០០ លានដុល្លារ) រចនាប្លង់ដោយក្រុមហ៊ុន Fender Katsalidis និងទទួលសាងសង់ធំដោយក្រុមហ៊ុន Samsung C&T Corporation ជាមួយក្រុមហ៊ុន UEM Group។ អគារ Merdeka 118 ត្រូវបានសាងសង់ដំបូងកាលពីឆ្នាំ២០១៤ ធ្លាប់ត្រូវបានបង្អាក់ដំណើរការកាលពីខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែបានបន្ដឡើងវិញនៅខែឧសភា ២០២០ ហើយគិតបើមកដល់ខែមីនា ឆ្នាំ២០២១ សម្រេចការងារបាន ៧០% មកហើយ។ គម្រោងនេះមានទីតាំងនៅតំបន់អតីតឧទ្យាន Merdeka Park ដែលពាក្យ Merdeka មានន័យថាជ័យជំនះ ឯករាជ្យ និងភាពរីកចម្រើន ដើម្បីរំលឹកនៃថ្ងៃឯករាជ្យពីអង់គ្លេស និងមានរូបរាងដូចពេលដែលលោក Tunku Abdul Rahman អតីតនាយករដ្ឋមន្ត្រី គោរពភ្លេងជាតិថ្ងៃជ័យជំនះឯករាជ្យម៉ាឡេស៊ីដែរ។

សំណង់អគារដ៏ខ្ពស់មួយនេះ នឹងត្រូវបែងចែកចំនួន ១០០ ជាន់ទៅជាអគារពាណិជ្ជកម្មចម្រុះ រួមមាន៖ ៨៣ ជាន់សម្រាប់ជួយជាការិយាល័យ (ក្នុងនោះប្រមាណ ៦០ ជាន់គឺជាការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន PNB ផ្ទាល់), ១២ ជាន់សម្រាប់សណ្ឋាគារស្នាក់នៅ, ៥ ជាន់សម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម រួមមានផ្សារទំនើប និងរ៉េស៊ីដង់។ ចំណែក ១៧ ជាន់ខាងលើនឹងត្រូវបើកសម្រាប់សណ្ឋាគារ The Park Hyatt Kuala Lumpur ដែលរួមមាន ២៣២ បន្ទប់, ២៨ ស្វីត, និង ៣០ អាផាតមិន ចំណែកនៅជាន់កំពូលគេនឹងបើកជាភោជនីយដ្ឋានអាកាស VIP Lounge ហើយទីធ្លារនៃគម្រោងអគារនេះក៏មានចំណតសម្រាប់រថយន្ដបានដល់ ៨,៥០០ គ្រឿងផងដែរ។ 

គម្រោងអគារ Merdeka 118 គឺជាជោគជ័យដ៏ធំមួយសម្រាប់ប្រទេសម៉ាឡេស៊ី សម្រាប់បង្ហាញទៅកាន់ពិភពលោកអំពីលទ្ធភាពនៃការសាងសង់អគារខ្ពស់របស់ខ្លួន ខណៈរដ្ឋាភិបាលចិន បានបញ្ឈប់សំណង់អគារខ្ពស់ក្នុងប្រទេសខ្លួនទៅហើយ។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ រាតត្បាតដែលម៉ាឡេស៊ី ក៏ជាប្រទេសរងគ្រោះធ្ងន់ធ្ងរដែរ ធ្វើឲ្យគម្រោងនេះពន្យាពេលទៅដល់ពាក់កណ្ដាលឆ្នាំ២០២២។ យ៉ាងណាមិញ អតីតនាយករដ្ឋមន្ត្រី Najib Tun Razak បង្ហាញថាគម្រោងនេះនឹងជួយបង្កើតដល់ឱកាសរីកចម្រើនសេដ្ឋកិច្ចម៉ាឡេស៊ី និងទាក់ទាញទេសចរណ៍ ក៏ដូចជាការវិនិយោគរបស់ក្រុមហ៊ុនធំៗជាច្រើនទៀត ទោះជាមានមតិរិះគន់ខ្លះថា ក្រុមហ៊ុន PNB ដែលជាក្រុមហ៊ុនរបស់រដ្ឋ ចំណាយថវិកាជាតិខ្ជះខ្ជាយលើគម្រោងអគារខ្ពស់ ជាងការដោះស្រាយប្រព័ន្ធសុខាភិបាល និងវិស័យអប់រំក៏ដោយ។