រាជរដ្ឋាភិបាល នឹងពិចារណាវិធានទេសចរណ៍សុវត្ថិភាពសៀមរាបអង្គរអំឡុងត្រីមាសទី៤ សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច!

តាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ឯកឧត្តមបានស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ អាចមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រឹមត្រីមាសទី៤ ឆ្នាំ២០២១។ 

សំណើរខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រសួងទេសចរណ៍ចាប់ផ្ដើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាពីលទ្ធភាព និងបើិកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលបានចាក់វ៉ាក់សាំងរួចហើយ នៅត្រីមាសទី៤ ឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខ។ ឯកឧត្តម បានលើកឡើងថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយ ដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្ដល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងគោលដៅនេះបានដំណើរការទៀត កាន់តែផ្ដល់ភាពកក់ក្ដៅចំពោះភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច។ កញ្ចប់ទស្សនិច្ចនេះ អាចនឹងរៀបចំជាកញ្ចប់ទេសចរដែលបានចាក់វ៉ាក់សាំងហើយមុន ជាពិសេសសម្រាប់ទេសចរដែលធ្វើដំណើរតាមជើងហោះហើរត្រង់ មិនបានផ្លាស់ប្ដូរនៅប្រទេសជិតខាង ឬអាចពិចារណាតាមជើងរថយន្ដពីប្រទេសជិតខាងផងដែរ។ យ៉ាងណាមិញ ផែនការខាងលើនេះ មានការងារច្រើនដែលត្រូវពិភាក្សាដោយហ្មត់ចត់ ដែលមានដូចជា៖ 

១. ការបង្កើតនូវជំនឿជឿជាក់ទុកចិត្តដល់ទេសចរ (Build Trust and Confident)

២. គុណភាព សេវាកម្ម និងតម្លៃសមរម្យ

៣. ការសម្រួល ការធ្វើដំណើរ តាមច្រកទ្វារអន្តរជាតិ ដែលត្រូវគោរពតាមគោលការណ៍សុខាភិបាលផង និងភាពងាយស្រួលផង។

សូមបញ្ជាក់ផងដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ រមណីដ្ឋានអង្គរ សៀមរាប បានធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិយ៉ាងគំហុក ដែលលក់ប័ណ្ណចូលទស្សនាបានត្រឹមតែ ៤,៤៨២ នាក់ប៉ុណ្ណោះ ដែលគិតជាប្រាក់ចំណូលគឺ ១៨៥,០៧៩ ដុល្លារ បើធៀបទៅនឹងឆ្នាំមុន មានការធ្លាក់ចុះ ៩៨.៨៤% ក្នុងនោះខែមីនា ឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ ២៨៤ នាក់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នៅក្នុងខែមេសានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទរមណីដ្ឋានទេសចរណ៍ទាំងអស់ក្នុងប្រទេសកម្ពុជា និងប្រើប្រាស់បម្រាមនៃការធ្វើដំណើរឆ្លងខេត្តពីមួយទៅមួយ ជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃគិតចាប់ពីថ្ងៃទី០៧ ខែមេសានេះ រហូតដល់ថ្ងៃ ២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ដូចនេះ យើងអាចដឹងយ៉ាងច្បាស់ថា រមណីដ្ឋានអង្គរ នឹងធ្លាក់ចុះចំនួនភ្ញៀវទេសចរកាន់តែទាបបន្ថែមទៀត។