ត្រីមាសទី១ សេដ្ឋកិច្ចថៃ បន្តធ្លាក់ចុះ ដោយចោទឡើងអំពីបញ្ហាការឆ្លង និងរីករាលដាលជំងឺកូវីដ ១៩

បាងកក៖ ទោះបីជាសេដ្ឋកិច្ចរបស់ថៃ ល្អប្រសើរជាងឆ្នាំ ២០២០ ក៏ពិតមែន តែទំហំសេដ្ឋកិច្ចសរុប សម្រាប់រយៈពេល ៣ ខែដំបូង នាឆ្នាំ ២០២១ ក្រោយការបូងសរុបរួចរាល់ សបង្ហាញឱ្យឃើញថា ថៃនៅតែបន្តខាតបង់សេដ្ឋកិច្ចរបស់ខ្លួនដដែល គ្រាន់តែការខាតបង់នោះល្អជាងកាលពីឆ្នាំកន្លងទៅ។

តាមការចុះផ្សាយរបស់ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ កាលពីពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ក្រៅពីបញ្ហាក្នុងវិស័យទេសចរណ៍ ដែលរដ្ឋាភិបាលត្រូវដោះស្រាយហើយនោះ វិស័យពាណិជ្ជកម្ម ដែលជាសសរគ្រឹះយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ក៏ត្រូវបន្តចាត់វិធានការដោះស្រាយជាបន្ទាន់ផងដែរ នៅក្នុងត្រីមាសទី២ នាឆ្នាំ ២០២១ នេះ។ ក្នុងត្រីមាសទី១ ទំហំសេដ្ឋកិច្ចថៃនៅតែបន្តធ្លាក់ចុះ ដោយសារតែហេតុផលនៃការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសកលលោក កំពុងតែបន្ត។

តាមការវាយតម្លៃរបស់ធនាគារកណ្ដាល (ធនាគារជាតិថៃ) Bank of Thailand បានឱ្យដឹងថា បណ្ដាប្រទេសជាច្រើននៅអាស៊ីអាគេ្នយ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ ១៩ កាលពីពាក់កណ្ដាលឆ្នាំ ២០២០។ ក្នុងនោះ ការផ្ទុះឡើងសារជាថ្មីកាលពីខែធ្នូ កន្លងទៅ បានកំពុងជះឥទ្ធិពលទៅដល់សកម្មភាពអាជីវកម្ម និងពាណិជ្ជកម្មក្នុង និងក្រៅស្រុក នាត្រីមាសទី១ កន្លងទៅថ្មីៗនេះ។ ជាក់ស្ដែងកម្រិត GDP របស់ថៃ ក្នុងត្រីមាសដំបូង ឆ្នាំនេះមិនល្អដូចត្រីមាសទី១ ឆ្នាំមុនឡើយ។

លោកស្រី Chayawadee Chai-Anant នាយកជាន់ខ្ពស់ នៃនាយកដ្ឋានសេដ្ឋកិច្ច និងគោនយោបាយ របស់ធនាគារជាតិ បានបញ្ជាក់ឱ្យដឹងបន្ថែមថា យើងគិតថានេះគឺជាលទ្ធផលអវិជ្ជមានសម្រាប់ ២ ឆ្នាំនេះ ពោលគឺឆ្នាំ ២០២០ និង ២០២១។ ជាក់ស្ដែង កាលពីខែកុម្ភៈ កន្លងទៅ ការវិនិយោគក្នុងវិស័យឯកជន បានកើនឡើងបានបន្តិច បើធៀបនឹងខែមករា ខណៈការនាំចេញបានថយចុះមកវិញ តែយើងរំពឹងថា កម្រិត អតិផរណា នឹងស្ទុះឡើងវិញនៅក្នុងខែមេសា នេះបន្ទាប់ពីមានជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល។

ទន្ទឹមការរំពឹងទុកនោះដែរ ធនាគារកណ្ដាលថៃ សង្ឃឹមថាសេដ្ឋកិច្ចជាតិរបស់ថៃ នឹងល្អប្រសើរឡើងវិញ នៅពេលផែនការរបស់រាជរដ្ឋាភិបាលថៃ ទទួលបានជោគជ័យ ជុំវិញការបើកប្រទេសទទួល និងស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យមកកំសាន្តឡើងវិញ ដែលជាយុទ្ធសាស្ត្រដ៏ល្អប្រសើរមួយក្នុងការសង្គ្រោះ វិស័យទេសចរណ៍ ដែលបានធ្លាក់ដុនដាបជាងគេ។ ជាមួយគ្នានោះដែរ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ថៃនឹងពន្លឿនល្បឿនសេដ្ឋកិច្ចចន្លោះឆ្នាំ ២០២៣ ទៅ ២០២៤ ខាងមុខ ហើយក៏គ្មានផែនការកែប្រែតម្លៃអាការលើតម្លៃបន្ថែម ៧% នោះដែរ។

គួររំលឹកឡើងវិញផងដែរថា ឆ្នាំ២០២០ សេដ្ឋកិច្ចរបស់ថៃទាំងមូលបានធ្លាក់ចុះ ៦.១% គិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដោយសារតែជំងឺកូវីដ ១៩ បានកាត់ផ្ដាច់សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យទេសចរណ៍ក្នុងល្បឿនមួយយ៉ាងលឿនហួសពីការរំពឹងទុក។ ឆ្នាំ ២០២១ គឺជាឆ្នាំកសាងឡើងវិញ នូវការបាត់បត់ ហើយឆ្នាំក្រោយគឺជាឆ្នាំប្រយុទ្ធ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិឡើងវិញលើគ្រប់វិស័យ៕