រាជរដ្ឋាភិបាល បង្ហាញពីវឌ្ឍនភាពកម្ពុជាកាលពីឆ្នាំ២០២០!

ក្នុងឆ្នាំ២០២០ កន្លងទៅនេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសនៅលើពិភពលោក បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហាសុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទន់បង្អាក់ដល់សេដ្ឋកិច្ច ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ។ យ៉ាងណាមិញ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ កម្ពុជា នៅតែបន្ដវឌ្ឍនភាពរបស់ខ្លួនទៅមុខជានិច្ច ទៅលើវិស័យផ្សេងៗទាំងហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម សំណង់ ថាមពលអគ្គិសនី កសិកម្ម សេដ្ឋកិច្ច ធនធានមនុស្សលើកកម្ពស់ទីផ្សារការងារ -ល-។ 

១. វិស័យសេដ្ឋកិច្ច

តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាបានមានកំណើនអវិជ្ជមានប្រមាណ -៣% កាលពីឆ្នាំ២០២០។ កម្ពុជា បានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ច មានស្ថេរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៦,៤០៨ លានដុល្លារ ចំណែកឯការនាំចេញមានប្រមានជាង ១៧,៤៣៦ លានដុល្លារ។ 

ផលិតផលក្នុងស្រុកសរុប ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១,៦៧៩ ដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ប្រមាន ១,៦៨៣ ដុល្លារក្នុងឆ្នាំ២០២០។ អត្រាប្ដូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតនៅក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបាន ហើយទុនបម្រុងអន្តរជាតិបន្ដកើនឡើង ២១.៣ ប៊ីលានដុល្លារ។

២. ហេដ្ឋារចនាសម្ព័ន្ធ 

សមិទ្ធផលជាច្រើនត្រូវបានអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០២០ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងនោះហេដ្ឋរចនាសម្ព័ន្ធដាក់ឲ្យដំណើរការរួមមាន៖ 

- ផ្លូវជាតិលេខ១១ ប្រវែង ៩៦.៤៨ គីឡូម៉ែត្រ

- ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ១ ប្រវែង ៩៥.៧០ គីឡូម៉ែត្រ

- ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ៦ ប្រវែង ៤៩.៨៨ គីឡូម៉ែត្រ

- ផ្លូវ៣៤ខ្សែ ក្រុងព្រះសីហនុ ប្រវែង ៨២.១៤ គីឡូម៉ែត្រ។ 

ថ្មីៗនេះត្រូវបានដាក់ឲ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែង ១,១៨១ ម៉ែត្រ និងការបើកការដ្ឋានសាងសង់ផ្លូវក្រុងសៀមរាប មានចំនួន ៣៨ ខ្សែប្រវែង ១០៨.៧៤ គីឡូម៉ែត្រ។ 

លើសពីនេះទៅទៀត ផ្លូវនៅតាមជនបទតាមបណ្ដាខេត្តមយយចំនួនបានស្ថាបនារួចរាល់ ១០០% រួមមាន៖ ផ្លូវ ៩ ខ្សែប្រវែង ១៩៣.៩ គីឡូម៉ែត្រ នៅខេត្តត្បូងឃ្មុំ, ផ្លូវ ១០ ខ្សែប្រវែង ១២៥.៥ គីឡូម៉ែត្រ ខេត្តពោធិ៍សាត់, ផ្លូវ ៨ ខ្សែប្រវែង ១០១.២ គីឡូម៉ែត្រ ខេត្តបាត់ដំបង, ផ្លូវ ៥ ខ្សែប្រវែង ៩០.៧ គីឡូម៉ែត្រ ខេត្តបន្ទាយមានជ័យ, និងផ្លូវ ៦ ខ្សែប្រវែង ៥០ គីឡូម៉ែត្រ ខេត្តកំពង់ចាម។

៣. វិស័យថាមពលអគ្គិសនី

ចំពោះវិស័យថាមពលអគ្គិសនីវិញ ត្រឹមឆ្នាំ២០២០ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជាសម្រេចបានជាង ៨,៥១២ លានគីឡូវ៉ាត់ម៉ោង ធៀបនឹងឆ្នាំមុន ដែលមានជាង ៨,៦៧៥ លានគីឡូវ៉ាត់ម៉ោង ថយចុះ ១.៨៧%។ ការតភ្ជាប់ខ្សែបណ្ដាញចរន្តដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីត្រឹមឆ្នាំ២០២០ សម្រេចបានកើនឡើងដល់ ២.៩១ លានខ្នងផ្ទះ ប្រហែល ៨១.០៦% នៃផ្ទះសរុបចំនួន ៣.៥៩ លានខ្នងផ្ទះទូទាំងប្រទេស និងគ្របដណ្ដប់ដល់ភូមិប្រមាណ ៩៧.៣៩% នៃចំនួនភូមិសរុប ១៤,៤៩៨ ភូមិទូទាំងប្រទេសកម្ពុជា។

៤. វិស័យឧស្សាហកម្ម

វិស័យឧស្សាហកម្ម យើងមានរោងចក្រសរុបចំនួន ១,៨៦៤ រោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មជាង ៤៣,០៨២ មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង ១.៥ លាននាក់។ 

៥. វិស័យសំណង់

វិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០២០ នៅតែបន្ដលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង ២,១៨០ អគារ ចាប់ពី ៥ ជាន់ឡើងទៅ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតាមបណ្ដាខេត្តមួយចំនួនទៀត។

៦. វិស័យទេសចរណ៍

វិស័យទេសចរណ៍ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៣១ លាននាក់ ថយចុះប្រមាណ ៨០.២% និងភ្ញៀវទេសចរជាតិចំនួន ៧.២៣ លាននាក់ ថយចុះប្រមាណ ៣៦.១% បើធៀបទៅនឹងឆ្នាំ២០១៩។ ចំណូលពីវិស័យទេសចរណ៍មានប្រមាណ ១.០២៣ លានដុល្លារ ថយចុះ ៧៩.២% ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរទទួលបានប្រមាណជាង ១៨ លានដុល្លារ និងមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០ ម៉ឺននាក់។