IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើង ៤.២% នៅឆ្នាំ២០២១ ហើយហក់ឡើងដល់ ៦% នៅឆ្នាំ២០២២!

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៃសហរដ្ឋអាមេរិច បានព្យាករណ៍ថា កម្ពុជា អាចនឹងស្ថិតនៅក្នុងចំណោមប្រទេសដែលមានសន្ទុះកំណើនសេដ្ឋកិច្ចងើបឡើងវិញលឿនជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២១-២០២៦។ របាយការណ៍ World Economic Outlook របស់ IMF ដែលបានចេញផ្សាយពីទីក្រុង Washington ក្នុងសប្ដាហ៍នេះបង្ហាញថា កម្ពុជា អាចនឹងមានកំណើនសេដ្ឋកិច្ចឡើង ៤.២% នៅក្នុងឆ្នាំ២០២១ នឹងអាចឡើងដល់រង្វង់ ៦% នៅឆ្នាំ២០២២ បន្ទាប់ពីបានធ្លាក់ចុះកំណើនសេដ្ឋកិច្ច -៣% កាលពីឆ្នាំ២០២០។ 

របាយការណ៍ World Economic Outlook របស់ IMF បានបង្ហាញថាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២១-២០២២ នេះរួមមាន៖ 

១. ប្រទេសហ្វីលីពីន ៦.៩% នៅឆ្នាំ២០២១, និង ៦.៥% នៅឆ្នាំ២០២២

២. ប្រទេសវៀតណាម ៦.៥% នៅឆ្នាំ២០២១, និង ៧.២% នៅឆ្នាំ២០២២

៣. ប្រទេសម៉ាឡេស៊ី ៦.៥% នៅឆ្នាំ២០២១, និង ៦% នៅឆ្នាំ២០២២

៤. ប្រទេសសិង្ហបុរី ៥.២% នៅឆ្នាំ២០២១, និង ៣.២% នៅឆ្នាំ២០២២

៥. ប្រទេសឡាវ ៤.៦% នៅឆ្នាំ២០២១, និង ៥.៦% នៅឆ្នាំ២០២២

៦. ប្រទេសឥណ្ឌូនេស៊ី ៤.៣% នៅឆ្នាំ២០២១, និង ៥.៨% នៅឆ្នាំ២០២២

៧. ប្រទេសកម្ពុជា ៤.២% នៅឆ្នាំ២០២១, និង ៦% នៅឆ្នាំ២០២២

៨. ប្រទេសថៃ ២.៦% នៅឆ្នាំ២០២១, និង ៥.៦% នៅឆ្នាំ២០២២

៩. ប្រទេសប្រុយណេ ១.៦% នៅឆ្នាំ២០២១, និង ២.៥% នៅឆ្នាំ២០២២

១០. ប្រទេសមីយ៉ាន់ម៉ា នឹងធ្លាក់ចុះខ្លាំងបំផុតរហូតដល់ -៨.៩% ក្នុងឆ្នាំ២០២១ អាចងើបឡើងវិញ ១.៤% នៅឆ្នាំ២០២២

ស្រដៀងគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា ក៏បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចងើបឡើងវិញក្នុងរង្វង់ ៤% នៅក្នុងឆ្នាំ២០២១ នេះផងដែរ ដោយមើលឃើញពីភាពប្រសើរឡើងវិញនូវវិស័យសំណង់ អចលនទ្រព្យ ទុនវិនិយោគផ្ទាល់ពីបរទេស FDI និងភាពសកម្មនៃចរន្ដម៉ាក្រូសេដ្ឋកិច្ចប្រទេសកម្ពុជា។

ជាក់ស្ដែង នៅរយៈពេល ៣ ខែដើមឆ្នាំ២០២១ នេះកម្ពុជា បានអនុម័តនូវគម្រោងវិនិយោគប្រមាណ ២,១២០ លានដុល្លារ ដែលមានការសាងសង់រោងចក្រជាច្រើន ទាំងរោងចក្រអគ្គិសនី រោងចក្រផលិតឱសថ រោងចក្រផលិតគ្រឿងបន្លាស់យានយន្ដ រោងចក្រផ្គុំតម្លើងយានយន្ដ រោងចក្រគ្រឿងអេឡិចត្រូនិច រោងចក្រកាត់ដេរសម្លៀកបំពាក់ គ្រឿងសង្ហារឹមជាច្រើនទៀត។ លើសពីនេះ កម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូ រួមមានប្រទេសចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចក្នុងតំបន់ RCEP ជាដើម។ បូករួម ជាមួយគោលការណ៍បន្ដទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ឲ្យមានប្រសិទ្ធភាពទៀតនោះ កម្ពុជា រំពឹងមានកំណើនសេដ្ឋកិច្ចមធ្យមក្នុងឆ្នាំ២០២១ នឹងអាចមានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២២។