អារ៉ាប់ ប្រកាសគម្រោងស្ថានីយ៍ផលិតថាមពល ដោយពន្លឺព្រះអាទិត្យធំជាងគេបំផុតលើផ្ទៃប្រទេស

អារ៉ាប់៖ ស្ថានីយ៍ផលិតថាមពលអគ្គិសនី ដ៏ធំមួយផ្សេងទៀតរបស់អារ៉ាប់ មហាសេដ្ឋីប្រេងកាត បានប្រកាសចេញជាផ្លូវការហើយ កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីផ្គត់ផ្គង់ទៅដល់តម្រូវការថាមពល ដែលកំពុងតែកើនឡើងជាបន្តបន្ទាប់ ខណៈប្រទេសមួយនេះ បានកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងសាងសង់អគារជាច្រើនបន្ថែមទៀត ដើម្បីប្រយោជន៍សេដ្ឋកិច្ច។

មូលនីធិវិនិយោគសាធារណៈរបស់អារ៉ាប់ ហៅកាត់ថា (PIF) បានប្រកាសឱ្យដឹងអំពីផែនការ នៃការបង្កើតស្ថានីយ៍ផលិតថាមពលអគ្គិសនី ដោយពន្លឺព្រះអាទិត្យ តាមរយៈការបំពាក់ផ្ទាំងសូឡាជាច្រើនលានបន្ទះ ដើម្បីមានលទ្ធភាព អាចផលិតកម្លាំងថាមពល សម្រាប់ផ្គត់ផ្គង់ទៅដល់តម្រូវការថាមពលសម្រាប់ទីក្រុងនានា ពិសេសគឺរោងចក្រឧស្សាហកម្ម ដែលរដ្ឋាភិបាលប្រទេសនេះ បានខិតខំធ្វើកំណែទម្រង់ច្បាប់ និងកំណត់គោលដៅនយោបាយកាលពីចុងឆ្នាំ ២០២០ កន្លងទៅ។

ស្ថានីយ៍មួយនេះត្រូវបានឱ្យដឹងថា ជាស្ថានីយ៍ធំជាងគេបំផុតនៅក្នុងប្រទេសអារ៉ាប់ សម្រាប់ពេលបច្ចុប្បន្ននេះ ដែលមានអានុភាពផលិតថាមពលបានដល់ទៅកម្លាំង ១.៥ ជីហ្គាវ៉ាត់ (GW) ឯណោះ មានទីតាំងស្ថិតនៅ ទីក្រុងឧស្សាហកម្ម (Sudair Industrial City)។ ស្ថានីយ៍មួយនេះ គឺជាការបោះទុនវិនិយោគមួយនៅក្នុងវិស័យថាមពល​ ដែលកកើតឡើងវិញបានរបស់វិនយោគិនជាតិ និងអន្តរជាតិ ហើយក៏មានចំណែករបស់រដ្ឋអារ៉ាប់ផងដែរ ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលក្នុងការដាក់ឱ្យដំណើរការស្ថានីយ៍ខ្នាតយក្សមួយនេះ សម្រាប់រយៈពេល ២៥ ឆ្នាំ ក្រោមគម្រោងនៃកម្មវិធីជាតិរបស់អារ៉ាប់ (National Renewable Energy Program)។

ប្រភពព័ត៌មានក្នុងស្រុករបស់អារ៉ាប់បានឱ្យដឹងថា គម្រោងស្ថានីយ៍ដ៏ធំមួយនេះ គឺជាកិច្ចខិតខំប្រឹងប្រែង និងជាលទ្ធផលជោគជ័យដ៏សំខាន់មួយ ក្នុងការឆ្ពោះទៅរកគោលដៅ ដែលអារ៉ាប់បានរំពឹងទុកនាឆ្នាំ ២០៣០ ខាងមុខ ដោយធ្វើយ៉ាងណាថាមពលដែលប្រើប្រាស់ក្នុងផ្ទៃប្រទេស មានយ៉ាងហោចណាស់ ៧០% គឺបង្កើតឡើងចេញពីថាមពលដែលអាចកកើតឡើងវិញបាន។ ស្ថានីយ៍នេះ រំពឹងថា នឹងដាក់ឱ្យដំណើរការសម្រាប់ដំណាក់កាលទី១ របស់ខ្លួននាឆ្នាំ ២០២២ ខាងមុខ ជាមួយនឹងតម្លៃលក់ថោកបំផុតត្រឹមតែ ១.២៤ សេនដុល្លារអាមេរិកតែប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង។

សូមបញ្ជាក់ផងដែរថា គម្រោងទាំងមូលនៃស្ថានីយ៍ខ្នាតយក្សមួយនេះនឹងចំនាយដើមទុនវិនិយោគប្រមាណ ៩០៧ លានដុល្លារអាមេរិក ដែលវាអាចផ្គត់ផ្គង់តម្រូវការថាមពលសម្រាប់ការប្រើប្រាស់នៅតាមផ្ទះបានប្រមាណ ១៨៥,០០០ ខ្នង ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសបានជាង ២.៩ តោន ក្នុងមួយឆ្នាំៗ។ ក្រៅពីគម្រោងធំមួយនេះ អារ៉ាប់ ក៏នៅមានគម្រោងជាច្រើនផ្សេងទៀត នៅតាមតំបន់ជាច្រើន លើផ្ទៃប្រទេស ដែលកំពុងរៀបចំបង្កើតឡើង សម្រាប់ផែនការប្រើប្រាស់ថាមពលបៃតង៕