ឥណ្ឌូនេស៊ី ប្រកាសអាសន្នពីគ្រោះទឹកជំនន់ និងការបាក់ដី ក្រោមឥទ្ធិពលខ្យល់ព្យុះ Odette

ហ្សាកាតា៖ ប្រជាពលរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី អាចនឹងប្រឈមមុខជាគ្រោះធម្មជាតិថ្មីមួយផ្សេងទៀតនៅក្នុងឆ្នាំ ២០២១ នេះ ក្រោយពីភ្នាក់ងារឧតុនិយមជាតិ ប្រកាសអាសន្ន ដែលនឹងមកដល់នាពេលខាងមុខ ជុំវិញការបាក់ដី និងគ្រោះទឹកជំនន់ ដោយសារតែឥទ្ធិពលខ្យល់ព្យុះ Odette។

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានបញ្ជាឱ្យកងទ័ព្ទ កងកម្លាំងសមត្ថកិច្ច និងក្រុមជួយសង្រ្គោះ ចាត់វិធានការក្ដៅ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ចេញពីគ្រោះធម្មជាតិ ដែលអាចនឹងត្រូវបង្ករឡើងដោយខ្យល់ព្យុះ Odette នាពេលខាងមុខដ៏ខ្លី។ សេក្ដីប្រកាសអាសន្នត្រូវបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមេសា កន្លងទៅនេះ ក្រោយពីធ្វើការវាយតម្លៃថា ខ្យល់ព្យុះមួយនេះ នឹងមានឥទ្ធិពលទៅលើកោះ ក៏ដូចជាតំបន់ជាច្រើនទៀតនៅឥណ្ឌូនេស៊ី។

តាមការឱ្យដឹងរបស់លោកស្រី Dwikorita Karnawati ប្រធាននៃភ្នាក់ងារឧតុនិយមជាតិ (BMKG) បានឱ្យដឹងថា ខ្យល់ព្យុះ Odette បានកំពុងបង្កើតឥទ្ធិពល កាន់តែខ្លាំង ហើយអាចនឹងមកដល់ខេត្ត Lampung ស្ថិតនៅលើដែនកោះ Sumatra នឹងពេលខាងមុខ ពិសេសគឺវានឹងឆ្ពោះទៅកាន់ខេត្តផ្សេងៗទៀត ស្ថិតនៅភាគខាងកើត និងចំកណ្ដាលកោះ Java ទៀងផង។ សម្រាប់កោះ Bali ក៏នឹងត្រៀមរងគ្រោះដោយសារតែខ្យល់ព្យុះទី២ នៅក្នុងឆ្នាំ ២០២១ ដែលបានវាយប្រហារឥណ្ឌូនេស៊ីនេះដែរ។

ប្រជាជននៅតាមខេត្តតូចធំ ពិសេសគឺនៅចំតំបន់ ដែលត្រូវបានសន្និដ្ឋានថា រងផលប៉ះពាល់ខ្លាំង ត្រូវបានព្រមានអំពីគ្រោះទឹកជំនន់ល្បឿនលឿន ខ្យល់កន្ត្រាក់ និងការបាក់ដី ដែលអាចជះឥទ្ធិពលអាក្រក់ទៅដល់អាយុជីវិត ទ្រព្យសម្បត្តិផ្សេងៗ។ សម្រាប់ក្រុមអ្នកនេសាទ ត្រូវបានប្រកាសអាសន្នភ្លាមៗ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយចូលទូកដើម្បីរកទីកន្លែងមានសុវត្ថិភាព ឱ្យបានទាន់ពេលវេលា។ 

ខ្យល់ព្យុះ Odette នេះ ត្រូវបានវាយតម្លៃថានឹងមិនមានកម្លាំងខ្លាំងក្លាដូចទៅនឹងខ្យល់ព្យុះ Seroja ដែលបានសម្លាប់អាយុជីវិតពលរដ្ឋឥណ្ឌូនេស៊ី ១៦៣ នាក់ ស្ថិតនៅភាគខាងកើតនៃប្រទេសនោះទេ។ យ៉ាងណាក៏ដោយ ភ្នាក់ងារឧតុនិយម បានឱ្យដឹងថា បច្ចុប្បន្ននេះខ្យល់ព្យុះ ដែលកម្រនឹងកើតមានឡើង បានចាប់ផ្ដើមជាញឹងញ៉ាប់ ហើយនេះសបង្ហាញឱ្យឃើញថា ផែនដីកំពុងតែចាប់ផ្ដើមប្រែប្រួលខ្លាំងឡើងៗហើយ ជាក្ដីកង្វល់ដ៏ធំមួយរបស់មនុស្សជាតិទូទាំងពិភពលោក៕