សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ម៉ាឡេស៊ី ហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៤ ឆ្នាំកន្លងមក!

កូឡាឡាំពួ៖ ប្រទេសម៉ាឡេស៊ី ក៏មិនខុសពីបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅអាស៊ីអាគ្នេយ៍នោះដែរ គឺបានខាតបង់ទឹកប្រាក់រាប់រយលានដុល្លារ ដោយសារតែជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២០ កន្លងទៅ។ សម្រាប់ឆ្នាំនេះ ម៉ាឡេស៊ី រំពឹងថា នឹងស្រោចស្រង់ការខូចខាតរបស់ប្រទេសឡើងវិញ គួបផ្សំមានតម្រូវការពីទីផ្សារអន្តរជាតិបន្ថែម ធ្វើឱ្យការនាំចេញហក់ឡើងខ្ពស់ហួសពីការរំពឹងទុក។

តាមរបាយការណ៍ផ្លូវការ ចេញផ្សាយដោយនាយកដ្ឋានស្ថិតិជាតិ របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ ម្សិលមិញនេះបានឱ្យដឹងថា សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសខ្លួន ចាប់ផ្ដើមល្អប្រសើរឡើងវិញខ្លះហើយ ក្រោយការខាតបង់ជាច្រើនដោយសារតែជំងឺកូវីដ ១៩។ បើទោះបីជាជំងឺកូវីដ ១៩ នៅតែបន្តរាតត្បាតនៅលើផ្ទៃប្រទេស តែសេដ្ឋកិច្ចពាណិជ្ជកម្ម ចាប់ផ្ដើមល្អប្រសើរឡើងវិញ តាមរយៈតម្រូវការពីទីផ្សារអន្តរជាតិ ចាប់ផ្ដើមកើនឡើង។

ជាក់ស្ដែង ការនាំចេញរបស់ម៉ាឡេស៊ី បានហក់ឡើងយ៉ាងខ្ពស់កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ស្ថិតក្នុងអត្រាកើនឡើងដល់ទៅ ៣១% មិនធ្លាប់មានអស់រយៈពេល ៤ ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ ២០០៧ មក ដោយកាលនោះអត្រានាំចេញកើនឡើងដល់ ៣២,៥%។ ដោយឡែកការនាំចេញកាលពីខែកុម្ភៈស្ថិតក្នុងអត្រា ១៧,៦% ជាការកើនឡើងដូចគ្នាបើធៀបទៅនឹងឆ្នាំ ២០២០ កន្លងទៅ។ ការកើនឡើងនោះ គឺច្រើនហួសពីការរំពឹងទុក ដែលមានត្រឹមតែប្រមាណជា ២២,៩% តែប៉ុណ្ណោះ។

ក្រៅពីការនាំចេញមានលទ្ធផលវិជ្ជមាន ការនាំចេញទៅក្នុងប្រទេសក៏មានច្រើនដូចគ្នា ដោយកើនឡើងដល់ទៅ ១៨,២% បើធៀបទៅនឹងខែដដែលនាឆ្នាំ ២០២០ ខណៈខែកុម្ភៈកើនឡើង ១២,៧% ជាតម្រូវការបន្ថែមសម្រាប់ការប្រើប្រាស់ក្នុងស្រុក ការទិញវត្ថុធាតុដើម ដើម្បីផលិតចេញជាផលិតផលចុងក្រោយជាអាទិ៍។ ការកើនឡើងនៃសេដ្ឋកិច្ចពាណិជ្ជកម្មទាំងការនាំចេញ និងនាំចូលរបស់ម៉ាឡេស៊ី ត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងនាខែមេសាបន្ថែមទៀត តែរបាយការណ៍ និងការបូកសរុបលទ្ធផល នឹងចេញនាខែក្រោយ ឬខែបន្ទាប់។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរបស់ម៉ាឡេស៊ី នាខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ រួមមានទាំងការនាំចេញ និងការនាំចូល បានកើនឡើងហួសពីការរំពឹងទុករហូតដល់ទៅ ២៤.២ ពាន់លានរីងហ្គីត (Ringgit) ប្រមាណ ៥,៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើងពីទំហំសរុប ៤,៣ ពាន់លានដុល្លារកាលពីខែកុម្ភៈ៕