កោះអណ្ដែតសិប្បនិម្មិត ដំបូងគេបំផុតរបស់ពិភពលោក នឹងចាប់កំណើតនៅ ម៉ាលឌីវ (Maldives) នាឆ្នាំ ២០២២

បញ្ហាបម្រែបម្រួលអាកាសធាតុផែនដី គឺជាអនាគតរួមរបស់មនុស្សជាតិនាពេលអនាគតដ៏ខ្លីខាងមុខនេះ ស្របពេលបច្ចុប្បន្ន បញ្ហាអាកាសធាតុបានកំពុងធ្វើឱ្យមានការខូចខាតផលប្រយោជន៍ជាច្រើននៅតាមបណ្ដាប្រទេសរងគ្រោះមួយចំនួន ពិសេសគឺការស្លាប់បាត់បង់ជីវិតរបស់មនុស្សជាទីស្រលាញ់ ជីវិតសត្វ រុក្ខជាតិ សម្បត្តិធម្មជាតិជាច្រើនក្នុងមួយឆ្នាំៗ។

សាងសង់ឡើង ដោយមានចក្ខុវិស័យវែងឆ្ងាយទៅថ្ងៃអនាគត ដែនកោះសិប្បនិម្មិតមួយ ដែលត្រៀមនឹងចាប់កំណើតនាពេលខាងមុខនេះ ត្រូវបានបង្កប់មកជាមួយមធ្យោបាយតទល់ទៅនឹងឥទ្ធិពលគ្រោះធម្មជាតិ ដែលត្រៀមនឹងកើតមានឡើង នេះបើយោងតាមការលើកឡើងរបស់រដ្ឋាភិបាលនៃប្រទេសម៉ាលឌីវ (Maldives)។ គម្រោងបង្កើតកោះអណ្ដែតសិប្បនិម្មិតនេះ គឺជាមហិច្ឆិតាដ៏ធំមួយរបស់រដ្ឋាភិបាលប្រទេសនេះ ដោយធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត ដោយបញ្ជៀសនូវហានិភ័យផ្សេងៗ ពិសេសគឺការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។

គម្រោងបង្កើតកោះអណ្ដែតនេះ គឺស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងគម្រោង Maldives Floating City ឬហៅកាត់ថា MFC និងក្រុមស្ថាបត្យករ Dutch Docklands របស់ប្រទេស Netherland ដែលមានភាពល្បីល្បាញ ជុំវិញការបង្កើតសំណង់អណ្ដែតលើផ្ទៃទឹក។ តាមការបង្ហាញឱ្យឃើញអំពីគំរូបឋម គឺដែនកោះនោះនឹងមានរូបដូចផ្លិតទឹករបស់ឃ្មុំ មានលំនៅដ្ឋានសាងសង់ជាពិសេសសម្រាប់ការរស់នៅ និងស្នាក់នៅ ជាមួយរុក្ខជាតិ ដើមឈរ ទីកន្លែងសម្រាប់ចំណតទូក ដែលអាចបង្កើតបានជាទីក្រុងលើទឹក ជាទីប្រជុំជនមានផាសុខភាពមួយសម្រាប់ការរស់នៅ។

ដើម្បីធានាទៅដល់សុខសុវត្ថិភាព ដែនកោះនោះក៏មានសេវាកម្មសាធារណៈជាច្រើនផងដែរ រួមមានមន្ទីរពេទ្យ សាលារៀន ក្លឹបហាត់ប្រាណ ផ្សារលក់ទំនិញ និងជាច្រើនផ្សេងៗទៀត ដែលជាផ្នែកយ៉ាងសំខាន់មិនអាចខ្វះបាតសម្រាប់ការរស់នៅ។ ម្យ៉ាងវិញទៀត ដើម្បីធានាទៅដល់សោភណ្ឌភាព និងសម្បត្តិធម្មជាតិសមុទ្រ ដែលប្រទេស Maldives មានស្រាប់ ការបង្កើតកោះអណ្តែតសិប្បនិម្មិត ត្រូវធ្វើយ៉ាងណារក្សានូវសភាពដើមនៃជីវចម្រុះនៅក្រោមសមុទ្រ ជីវិតសត្វ រុក្ខជាតិ ផ្កាថ្ម និងជាច្រើនផ្សេងៗទៀត។ សម្រាប់ដំណាក់កាលដំបូង នៃគម្រោងបង្កើតថ្មីនេះ ការវាយតម្លៃនៃតម្លៃផ្ទះមួយខ្នងនៅលើកោះអណ្តែតនោះ ថ្លៃប្រមាណ ២៥០,០០០ ម៉ឺនដុល្លារអាមេរិក ដោយការសាងសង់ត្រៀមនឹងធ្វើឡើងនាឆ្នាំ ២០២២ ខាងមុខនេះ។

គួរបញ្ជាក់ថា គម្រោងបង្កើតកោះនេះឡើង គឺជាមធ្យោបាយថ្មីមួយ ក្នុងការឆ្លើយតបទៅនឹងការកើនឡើងជាបន្តបន្ទាប់នៃកម្ពស់ទឹកសមុទ្រ ស្របតាមការវាយតម្លៃ និងព្យាករណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ ទៅលើការរលាយផ្ទាំងទឹកកកយក្សនៅប៉ូលខាងជើង និងខាងត្បូង ដែលអនាគតប្រទេសមួយចំនួននឹងរងគ្រោះ ដោយសារតែបញ្ហានេះ។ តាមការបញ្ជាក់របស់ក្រុមអ្នកវិទ្យាសាស្ត្រ NASA បានឱ្យដឹងថា ប្រទេសម៉ាលឌីវ មានកម្ពស់ដីគោកទាបមួយ ដែលអណ្តែលលើផ្ទៃមហាសមុទ្រឥណ្ឌា ប្រមាណ ១ ម៉ែត្រតែប៉ុណ្ណោះ មានន័យថាហានិភ័យនៃការកើនឡើងកម្ពស់ទឹកសមុទ្រ ជាបញ្ហាប្រឈមដ៏ធំមួយ ដោយដែនកោះយ៉ាងហោចណាស់ ១,០០០ កោះ អាចនឹងលិចលង់ ប្រសិនបើល្បឿននៃការកើនឡើងនេះនៅតែបន្ត៕