គម្រោងសាងសង់ផ្ទះនៅមាត់ជ្រោះ សម្រាប់អ្នកចង់ទទួលនូវអារម្មណ៍ប្លែកមិនធ្លាប់មាន!

ការរស់នៅក្នុងសំណង់អគារដែលខ្ពស់នៅសម័យថ្មីនេះ គឺជារឿងធម្មតាទៅហើយ ដោយសារតែបច្ចេកវិទ្យាបាននាំឱ្យមនុស្សជាតិអាចសាងសង់អគារខ្ពស់ៗបាន ដោយធានាបាននូវគុណភាព និងសុវត្ថិភាពក្នុងការរស់នៅ។ យ៉ាងណាមិញ សម្រាប់សំណង់អគារ ដែលនឹងនាំយកម្ចាស់របស់វា ទៅកាន់ទីវាល ហើយស្ថិតនៅមាត់ជ្រោះ គឺជារឿងថ្មីដែលស្ថាបត្យករម្នាក់កំពុងរៀបចំគម្រោង ដើម្បីសាងសង់។

លោក Milad Eshtiyaghi ស្ថាបត្យករអន្តរជាតិមកពីប្រទេស អែរ៉ាន (Iran) បានបង្កើតឱ្យឃើញអំពីក្ដីស្រម៉ៃ នៃទីលំនៅថ្មីមិនធ្លាប់មានពីមុនមក តាមរយៈការសាងសង់លំនៅដ្ឋានស្ថិតនៅមាត់ជ្រុះ សម្រាប់អ្នកចង់ផ្លាស់ប្ដូរបទពិសោធន៍ជីវិតថ្មីៗ និងសាកល្បងបែបបទនៃការរស់នៅនៅតាមមាត់ជ្រោះ ដែលមានសុខសុវត្ថិភាព។ ផ្ទះនៅមាត់ជ្រោះ នេះត្រូវបានមហាជនខ្លះបង្ហាញនូវការគាំទ្រ តាមរយៈរចនាបទឌីហ្សាញ ដែលត្រូវបានបង្កើតឡើងជារូបភាព 3D ហើយខ្លះទៀតក៏មិនពេញចិត្តប៉ុន្មានដែរ ព្រោះខ្លាចទៅដល់សុខសុវត្ថិភាពនៃការរស់នៅ។

តាមការឱ្យដឹងរបស់ស្ថាបត្យកររូបនោះបានឱ្យដឹងថា គម្រោងសាងសង់ផ្ទះនៅមាត់ជ្រោះ (The Suspended House) នោះគឺស្ថិតក្នុងក្ដីស្រម៉ៃជាយូឆ្នាំមកហើយ ហើយលោកគ្រោងនឹងសាសង់ឡើងនៅមាត់ជ្រោះមួយស្ថិតនៅតំបន់ Mendocino ក្នុងរដុ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក។ ផ្ទះនោះ នឹងលយចូលទៅមាត់ជ្រោះ ដោយពឹងផ្អែកដោយខ្សែកាប្លិ៍ចំនួន ៥ ដើម្បីទ្រទ្រង់ទម្ងន់ និងរាល់សម្ភារ គ្រឿងបរិក្ខាផ្សេងៗ និងធានាទៅដល់លំនឹង ពិសេសគឺទំនាញផែនដី ដែលត្រូវបានសិក្សា និងវាយតម្លៃរួចរាល់។

ស្ថាបត្យកម្មសំណង់មាត់ជ្រោះមួយនេះ បំពាក់មកជាមួយកញ្ចក់ជុំវិញ អាចឱ្យអ្នកស្នាក់នៅគយគុណជាមួយទេសភាពដ៏ត្រកាលនៃព្រៃនៅជំុវិញ ហើយក៏មានផ្នែកខាងក្រោមសម្រាប់ផ្ទះ ជាបន្ទប់ទឹកដ៏ប្រណិត លាយឡំជាមួយធម្មជាតិពិតៗ ស្ងប់ស្ងាត់ និងមានភាពឯករាជ្យ។ ផ្ទះពុំបានបញ្ជាក់អំពីទំហំ នៃការសាងសង់ ឬទម្ងន់ដែលវាអាចទ្រទ្រង់បាននោះទេ ដោយសារតែកំពុងស្ថិតក្នុងគម្រោងសិក្សាប៉ុណ្ណោះ តែវានឹងត្រៀមបង្កើតឡើងនាថ្ងៃអនាគតខាងមុខនេះ អាចជាផ្នត់គំណិតមួយសម្រាប់ការសាងសង់ជារីសត ក្នុងការស្នាក់នៅរយៈពេលខ្លី របស់អ្នកទេសចរដែលមានចង់ភ្លក់រស់ជាតិជីវិតថ្មី។

Suspended House អាចរស់នៅបាននៅគ្រប់ស្ថានភាពអាកាសធាតុ មិនថាក្ដៅ ភ្លៀងធ្លាក់ ឬធ្លាក់ទឹកកកនោះទេ ដោយមានបំពង់ផ្សែងសម្រាប់អាំងភ្លើងក្នុងផ្ទះ អាចបំពាក់មកជាមួយគ្រឿងសង្ហារឹមផ្សេងៗតាមចំណង់ចំណូលចិត្ត មានផ្ទាំងសូឡាសម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនី។ គួរបញ្ជាក់ថា នេះមិនមែនជាសំណង់អគារ ដែលលយចេញមកខាងក្រៅលើកដំបូងដែលពិភពលោកធ្លាប់បានឃើញនោះទេ តែវាគឺជាគំរូផ្ទះដ៏ប្រណិតមួយ នៅលើមាត់ជ្រោះដ៏ខ្ពស់ ដែលមានតែអ្នកក្លាហានប៉ុណ្ណោះទើបសម្រេចចិត្តស្នាក់នៅទីនោះ៕