មួយសប្ដាហ៍កន្លងទៅ រមណីយដ្ឋានទេសចរណ៍មិនទាន់មានភ្ញៀវច្រើនទេ ហើយខ្លះមិនទាន់បើកនៅឡើយ

ភ្នំពេញ៖ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបើកដំណើរការឡើងវិញនូវរាល់រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស កាលពីសប្ដាហ៍កន្លងទៅនេះ ជាលទ្ធផលបង្ហាញថា ពុំទាន់មានភ្ញៀវទេសចរណ៍ច្រើន ចេញធ្វើដំណើរកំសាន្តនៅឡើយទេ ខណៈពេលដែលរមណីយដ្ឋានខ្លះមិនទាន់បើកនៅឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះបានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ពុំទាន់ទទួលបានភ្ញៀវទេសចរទៅកំសាន្តច្រើននៅឡើយទេ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឱ្យបើកដំណើរការឡើងវិញ។ ការសម្រេចបើករមណីយដ្ឋានទេសចរណ៍ឡើងវិញ គិតចាប់ពីថ្ងៃទី២៦ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ម្សិលមិញនេះ តាមរបាយការណ៍ប្រមូលបាន សបង្ហាញឱ្យឃើញអំពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរជាតិជាច្រើន។

តាមប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា រយៈពេល ១ សប្ដាហ៍គិតចាប់ពីថ្ងៃបើករមណីយដ្ឋានទេសចរណ៍រួចមក កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់តែប៉ុណ្ណោះ ដោយក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៨,៧៥៤ នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ២០៦ នាក់។ ឯកឧត្ដមបានបញ្ជាក់ឱ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងគឺស្ថិតក្នុងកម្រិតទាបនៅឡើយ បើធ្វើការប្រៀបធៀបទៅនឹងចំនួនមុនព្រឹត្តិការណ៍ ២០ កុម្ភៈ កន្លងទៅ ខណៈគោលដៅទេសចរណ៍ជាច្រើននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅមិនទាន់ទទួលបានការអនុញ្ញាតឱ្យបើកឡើងវិញនៅឡើយទេ។

សម្រាប់រមណីយដ្ឋានទេសចរណ៍នៅតាមបណ្ដាខេត្តវិញ រដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឱ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។ ក្នុងនោះ ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ ដោយរង់ចាំពិនិត្យមើលស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយបន្តិចទៀត ហើយម្យ៉ាងចរន្តភ្ញៀវទេសចរក៏នៅមានតិចតួចនៅឡើយ។

ម្យ៉ាងទៀត ដើម្បីឈានទៅដល់ការបើកដំណើរការរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសឡើងវិញ ក្រសួងទេសចរណ៍នឹងបន្តជំរុញដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តពង្រឹង និងបង្កើនកិច្ចសហការជាមួយរដ្ឋបាលខេត្ត ផ្នែកពាក់ព័ន្ធ និងម្ចាស់មូលដ្ឋានអាជីវកម្ម និងអ្នកគ្រប់គ្រងទាំងអស់ ដើម្បីបង្កើនការអប់រំពន្យល់ណែនាំឲ្យកាន់តែសុីជម្រៅ និងជាប់ជាប្រចាំដល់ទេសចរ និងបុគ្គលិកបម្រើការ និងអ្នកផ្តល់សេវាក្នុងរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងក្នុងមូលដ្ឋាអាជីវកម្មទេសចរណ៍ទាំងអស់ឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ ការពារ ដើម្បីធានាដល់សុវត្ថិភាព និងសុខភាពទេសចរនិងប្រជាពលរដ្ឋសហគមន៍ ពិសេសនៅពេលដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នាពេលខាងមុខ៕

 

 

ប្រភព៖ ក្រសួងទេសចរណ៍