របាយការណ៍ថ្មី៖ ព្រៃអាម៉ាហ្សូនបានបំភាយឧស្ម័នពុលប្រមាណ ២០% ទៅកាន់បរិយាកាសផែនដី

ប៉ារីស៖ ព្រៃអាម៉ាហ្សូន គឺជាតំបន់ព្រៃមានអាយុកាលចំណាស់ជាងគេបំផុតលើភពផែនដី និងជាសួតដកដង្ហើមយ៉ាងសំខាន់មិនអាចខ្វះបាន តាមរយៈការស្រូបយកឧស្ម័នពុល និងបញ្ចេញមកវិញនូវខ្យល់បរិសុទ្ធទាក់ទាញទឹកភ្លៀង ធ្វើឱ្យដីមានលំនឹង និងទ្រទ្រង់ទៅដល់អាកាសធាតុផែនដីជាដើម។ យ៉ាងណាមិញ ព្រៃអាម៉ាហ្សូន ត្រូវបានគំរាមកំហែងអស់ជាច្រើនឆ្នាំមកហើយ ដោយសារតែជនខិលខូចលួចកាប់បំផ្លាញ និងបានរងគ្រោះដោយសារតែភ្លើងឆេះទៀតផងកាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។

បញ្ហារបស់ព្រៃអាម៉ាហ្សូន បានកំពុងចោលឡើងជាបញ្ហា ថាតើសួតរបស់ផែនដីដ៏ធំមួយនេះ ស្ថិតនៅទ្វីបអាមេរិកខាងត្បូង ជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបានរបស់ប្រទេសប្រេហ្ស៊ីល នឹងមានអនាគតយ៉ាងណា? តាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្របារាំង បានបង្ហាញថា ព្រៃអាម៉ាហ្សូន នៅតែបន្តសកម្មភាពស្រូបយកផ្សែងពុល និងដើរតួនាទីទ្រង់ទ្រង់ទៅដល់លំនឹងធម្មជាតិរបស់ផែនដីដដែល តែក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយនេះ ព្រៃអាម៉ាហ្សូន បែជាបានបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសផែនដីផងដែរ។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមអ្នកវិទ្យាសាស្ត្របារាំង មកពីវិទ្យាស្ថានស្រាវជ្រាវ (INRA) ចុះផ្សាយកាលពីសប្ដាហ៍មុននេះបានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០១៩ កន្លងទៅ ព្រៃអាម៉ាហ្សូនត្រូវស្រូបយកឧស្ម័នពុលពីបរិយាកាសផែនដីប្រមាណ ១៦.៦ ពាន់លានតោន តែជាក់ស្ដែងបានស្រូបយកឧស្ម័ន CO2 ប្រមាណជា ១៣.៩ ពាន់លានតោនតែបណ្ណោះ។ តាមការស្រាវជ្រាវបញ្ជាក់ថា នេះគឺជាបញ្ហាមួយដែលអ្នកវិទ្យសាស្ត្របានខិតខំសិក្សា គណនា និងតាមដានកន្លងមក ហើយក៏ជាលើកដំបូងដែរ ដែលសួតរបស់ផែនដីបញ្ចេញឧស្ម័នពុលប្រមាណ ២០% ទៅក្នុងបរិយាកាស។

ការបំភាយឧស្ម័នពុល CO2 នេះ ពុំត្រូវបានបង្ហាញនោះទេថា តើមកពីបញ្ហា ឬកត្តាអ្វី ទើបធ្វើឱ្យមានការប្រែប្រួលបែបនេះកើតឡើង។ យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវបានបង្ហាញអំពីការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ និងច្រើនកន្លែងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន ពិសេសកាលពីឆ្នាំ ២០១៩ កន្លងទៅ ការកាប់បំផ្លាញព្រៃឈើ កើនឡើងក្នុងល្បឿន ៤ ដង ឯណោះ។ ជាក់ស្ដែងព្រៃឈើប្រមាណជា ៣.៩ ពាន់លានហិចតា ត្រូវបានរងគ្រោះ ស្មើនឹងទំហំផ្ទៃដីសរុបនៃប្រទេស Netherlands ទៅហើយ។ បញ្ហានេះ ក៏រាប់បញ្ចូលផងដែរនូវការដុតបំផ្លាញ និងភ្លើងឆេះព្រៃ ដែលបង្កើតជាឧស្ម័នពុលបំភាយទៅក្នុងបរិយាកាសវិញ។

បញ្ហារបស់ព្រៃអាម៉ាហ្សូន ត្រូវបានបញ្ជាក់ដោយក្រុមអ្នកវិទ្យាសាស្ត្របារាំងថា មានហក់ឡើងខ្ពស់ខ្លាំង ស្របពេលដែលរដ្ឋាភិបាលថ្មីឡើងកាន់អំណាច ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Jair Bolsonaro។ បញ្ហានេះយ៉ាងណាមិញ បានធូស្បើយខ្លះឡើងវិញក្នុងពេលពិភពលោកជួបវិបត្តិជំងឺកូវីដ ១៩ តែសកម្មភាពកាប់បំផ្លាញ នៅតែបន្តកើតមានឡើងដោយការលួចលាក់។ អាមេរិក ក្រោមការដឹកនាំរបស់លោក Joe Biden នឹងរួមចំណែកក្នុងការថែរក្សាព្រៃអាម៉ាហ្សូនមួយនេះ តាមរយៈជំនួយជាច្រើន ស្របតាមការលើកឡើងរបស់លោកក្រោយពេលចូលកាន់ដំណែងជាប្រធានាធិបតីថ្មី។

អ្នកវិទ្យាសាស្ត្ររបស់បារាំង នៅតែបន្តតាមដានសកម្មភាព និងបម្រែបម្រួលថ្មីៗបន្ថែមទៀតនៃព្រៃអាម៉ាហ្សូននេះ ដែលនឹងបង្កើតជាហានិភ័យបន្តបន្ទាប់ទៀតនាពេលអនាគត។ គួរបញ្ជាក់ថា ព្រៃអាម៉ាហ្សូន មានព្រៃត្រូពិច ប្រមាណពាក់កណ្ដាលនៃតំបន់ព្រៃត្រូពិចសរុបរបស់ពិភពលោក ដែលព្រៃនេះមានប្រយោជន៍សំខាន់ខ្លាំងណាស់សម្រាប់ការស្រូបយកឧស្ម័នពុលពីបរិយាកាស ទាក់ទាញទឹកភ្លៀង និងជាច្រើនផ្សេងទៀត។ ពេលនេះព្រៃអាម៉ាហ្សូនកំពុងស្ថិតក្នុងការគំរាមកំហែង អនាគតនឹងបន្តមានគ្រោះធម្មជាតិជាច្រើនទៀត៕