រាជរដ្ឋាភិបាលថៃ៖ កំណើនសេដ្ឋកិច្ច ៤% ក្នុងឆ្នាំនេះ ប្រហែលមិនអាចទៅរួចនោះទេ!

រាជរដ្ឋាភិបាលថៃ បានបង្ហាញថាសម្រាប់ឆ្នាំ២០២១ ក្ដីរំពឹងនៃការព្យាករណ៍កំណើនសេដ្ឋកិច្ច ៤% ហាក់ដូចជាមិនអាចទៅរួចនោះឡើយ បើយោងទៅតាមស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះ។ ប្រទេសថៃ ក៏ដូចជាប្រទេសកម្ពុជាដែរ ចាប់តាំងពីដើមខែមេសាមកបានផ្ទុះឡើងនូវករណីឆ្លងជំងឹកូវីដ-១៩ ជាថ្មីម្ដងទៀតក្នុងទ្រង់ទ្រាយធំ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ គេរកឃើញករណីឆ្លងខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃ។ ស្ថានភាពបែបនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលថៃ បាត់បង់នូវជំនឿការព្យាករណ៍កំណើនសេដ្ឋកិច្ច ៤% ដែលបានដាក់ចេញកាលពីដើមឆ្នាំ។ 

លោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រីថៃ បានបង្ហាញថា ការផ្ទុះករណីឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំរយៈពេលចុងក្រោយនេះ ពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើក្ដីរំពឹងកំណើនសេដ្ឋកិច្ចរបស់ថៃ ដោយសារត្រូវការអនុវត្តវិធានសុវត្ថិភាពផ្សេងៗ និងហាមឃាត់អាជីវកម្មកម្សាន្ដមួយចំនួនធំ ប៉ុន្តែយើងនៅតែមានក្ដីសង្ឃឹមលើកំណើនសេដ្ឋកិច្ចបើធៀបទៅនឹងឆ្នាំ២០២០ ដែលសេដ្ឋកិច្ចយើងបានធ្លាក់ចុះខ្លាំងដល់ -៦.៥% ដោយសារតែឆ្នាំនេះ រាជរដ្ឋាភិបាលដាក់ចេញផែនការទប់ស្កាត់ច្រើន ដូចជាការចាក់វ៉ាក់សាំង បម្រាមគោចរ ពង្រីកឧស្សាហកម្មផលិតផលក្នុងស្រុក ការប្រើប្រាស់ និងការនាំចេញ លើកទឹកចិត្តដល់ការបញ្ចេញប្រាក់បញ្ញើដើម្បីចរាចរសាច់ប្រាក់ក្នុងស្រុក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ -ល-។ 

ទោះជាមានវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែផែនការបើកតំបន់ទេសចរណ៍សំខាន់នៅតែដំណើរការដដែល ជាក់ស្ដែងគោលដៅ Phuket, Krabi, Phang Nga, Pattatya, និង Chiang Mai នឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិមកកម្សាន្ដតាមផែនការ ដោយកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកត្រឹម ៧ ថ្ងៃប៉ុណ្ណោះ ដោយរំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥ លាននាក់នៅឆ្នាំនេះ។ សម្រាប់គោលដៅទេសចរណ៍កោះភូកេត នឹងក្លាយទៅជាខេត្តដំបូងគេ ចាប់ផ្ដើមអនុវត្តទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច មិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ អនុវត្តចាប់ពីខែកក្កដាខាងមុខនេះ។ 

ក្រសួងហិរញ្ញវត្ថុថៃ កាលពីចុងឆ្នាំ២០២០ បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចអាចកើនឡើង ៤.៥% នៅឆ្នាំ២០២១ ប៉ុន្តែមកដល់ដើមឆ្នាំ២០២១ បានទម្លាក់ការព្យាករណ៍នេះមកត្រឹមតែ ៤% ហើយការព្យាករណ៍នឹងបន្ដធ្លាក់ចុះទៀត ប្រសិនបើប្រទេសថៃ នៅមិនទាន់អាចទប់ស្កាត់ករណីឆ្លងសហគមន៍ឲ្យមានប្រសិទ្ធភាពទេនោះ ហើយសម្រាប់ក្ដីរំពឹង ប្រទេសថៃអាចមានកំណើនសេដ្ឋកិច្ចត្រឹម ២.៨% ប៉ុណ្ណោះនៅឆ្នាំ២០២១ នេះ។