ពិភពលោកកំពុងព្រួយបារម្មណ៍អំពីកង្វះខាតស្បៀងអាហារ ដោយសាររោគរាតត្បាត សង្គ្រាម និងបម្រែបម្រួលអាកាសធាតុ

បារីស៖ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខជាមួយបញ្ហាជាច្រើន ហើយបញ្ហាធំៗបំផុត ដែលត្រូវធ្វើការដោះស្រាយជាចាំបាច់គឺ ជំងឺកូវីដ ១៩ និងបម្រែបម្រួលអាកាសធាតុ ខណៈប្រទេសមួយចំនួនតូច បានបន្ថែមបញ្ហាពីលើទៀត គឺសង្គ្រៀម។ បញ្ហាធំៗទាំង ២ ត្រូវបានធ្វើការចេញផ្សាយដោយសហភាពអឺរ៉ុប ដោយបង្ហាញអំពីការខ្វាយខ្វល់នូវកង្វះខាតស្បៀងអាហារ ស្របពេលដែលស្ថានភាពនោះបានកើនឡើងជាបន្តបន្ទាប់។

របាយការណ៍ចេញផ្សាយដោយសហភាពអឺរ៉ុប ចុះផ្សាយកាលពីថ្ងៃពុធកន្លងទៅនេះ បានបង្ហាញអំពីកង្វះខាតស្បៀងអាហារជាច្រើនទៅដល់មនុស្សរាប់លាននាក់នៅក្នុងពិភពលោក ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាទុក្ខកង្វល់មួយ ដែលត្រូវធ្វើការដោះស្រាយរួមគ្នា ព្រោះកត្តាបង្កើតជាបញ្ហាគឺជាបញ្ហារបស់មនុស្សជាតិ។ របាយការណ៍នោះ បានសង្កត់ធ្ងន់ទៅលើកង្វះខាតអាហារ ដែលបានកើនឡើងកាន់តែច្រើនកាលពីឆ្នាំ ២០២០ កន្លងទៅនេះ ដោយធៀបទៅនឹងឆ្នាំ២០១៩ កន្លងទៅ។

ប្រភពដដែលបញ្ជាក់ថា មនុស្សប្រមាណ ១៥៥ លាននាក់ មកពី ៥៥ ប្រទេស បានជួបវិបត្តិខ្វះស្បៀងអាហារ ដើម្បីទទួលទាន កាលពីឆ្នាំទៅ ដោយចំនួននេះគឺកើនឡើងបន្ថែមប្រមាណជា ២០ លាននាក់ បើធៀបទៅនឹងចំនួនអ្នកខ្វះខាតអាហារ កាលពីឆ្នាំ ២០១៩ ។ បញ្ហានេះ ចោទឡើងដោយសារតែជំងឺរាតត្បាត បញ្ហាបម្រែបម្រួលអាកាសធាតុ និងសង្គ្រៀម ដែលជាបញ្ហាក្ដៅ គប្បីត្រូវបានចាត់វិធានការដោះស្រាយជាជាងការខ្វះខាតធ្ងន់ធ្ងរជាងនេះ។ 

អង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងអង្គកាស្បៀងអាហារពិភពលោក (WFP) បានកំណត់ថា បញ្ហានេះកាន់តែលំបាកឡើងៗហើយ។ លោក Qu Dongyu អគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្ម បានបញ្ជាក់ថា "យើងត្រូវតែចាត់វិធានការជាមួយគ្នា ដើម្បីការពារអំពីការខ្សោះជីវជាតិបន្ថែំ នៃស្ថានភាពកង្វះខាតអាហាររបស់មនុស្សជាតិ"។ លោកបន្ថែមថា "យើងត្រូវធ្វើការដោះស្រាយ ដោយស្វែងរកនូវដើមហេតុនៃបញ្ហា ហើយត្រូវរកវិធីសាស្ត្រធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាពតទៅមុខ"។ 

ទន្ទឹមគ្នានោះដែរ បណ្ដាញសកលប្រឆាំងវិបត្តិស្បៀងអាហារ (Global Network Against Food Crisese) រួមគ្នាជាមួយនឹងអង្គការអន្តរជាតិចំនួន ៣ បានរកឃើញថា ពលរដ្ឋចំនួន ២៨ លាននាក់ ក្នុង ២៨ ប្រទែស បានរងគ្រោះដោយសារតែភាពអត់ឃ្លាន ព្រោះគ្មានអាហារគ្រប់គ្រាន់ដើម្បីទទួលទាន ដោយក្នុងប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេគឺ សាធារណរដ្ឋកុងហ្គោ យ៉ែមែន (Yemen) និងអាហ្គានីស្ថាន (Afghanistan)។ ជាងនេះទៅទៀត មនុស្សជាតិជាង ១៣៣,០០០ នាក់ ត្រូវបង្ខំចិត្តរស់នៅក្នុងតំបន់ ដែលងាយរងគ្រោះដោយសារតែគ្រោះធម្មជាតិ ចំណីអាហារគ្មានគុណភាពជាដើម ហើយក្នុងនោះអាហ្វ្រិក នៅតែជាទ្វីបឈរលេខ ១ ដែលជួបវិបត្តិស្បៀងអាហារខ្ពស់ជាងគេ ដោយមានពលរដ្ឋជាង ៩៨ លាននាក់បានរងផលប៉ះពាលតិច ឬច្រើន អាស្រ័យតាមតំបន់ ស្មើនឹងអត្រា ៦៣% នៃមនុស្សជាតិទូទាំងពិភពលោក។

ការតាមដានជុំវិញកង្វះខាតស្បៀងអាហារនេះ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ ដោយឆ្នាំ២០២១ ការព្យាករណ៍បឋម ក៏នៅតែបន្តមានកង្វះខាតស្បៀងអាហារបន្ថែមទៀតផងដែរ ព្រោះជំងឺកូវីដ ១៩ មិនទាន់ស្រាកស្រាន គ្រោះរាំងស្កួត ព្យុះ ទឹកជំនន់ រន្ទះ ភ្លើងឆេះព្រៃនៅតែបន្តកើតមានឡើង និងកាន់តែខ្លាំងក្លារជាងមុន ស្របពេលប្រទេសខ្លះទៀតជួបវិបត្តិសង្គ្រាមផ្ទៃក្នុងជាដើម។ បញ្ហានេះនឹងនៅតែបន្ត តែអាចនឹងធ្លាក់ចុះវិញប្រសិនបើជំងឺកូវីដ ១៩ អាចត្រូវបានដោះស្រាយបានជាមុន៕