វិទ្យាសាស្ត្របានពន្យល់ហើយ ពីមូលហេតុដែលអ្នកឃ្លានពេញ 24/7!

យើងទាំងអស់គ្នា ប្រាកដជាមានមិត្តម្នាក់ដែលតែងតែត្រៀមខ្លួន និងអាចញ៉ាំបានម្តងហើយម្តងទៀត បន្ទាប់ពីញ៉ាំបានទើបតែមួយម៉ោង ឬពីរម៉ោងមុននេះបន្តិច ឬអ្នកដែលកំពុងអានអត្ថបទនេះ ក៏អាចជាមិត្តម្នាក់នោះដែរហើយ។ ក្នុងករណីនេះ មានការសិក្សាថ្មីមួយទើបតែត្រូវបាន ចេញផ្សាយដោយមហាវិទ្យាល័យ King’s College London ដែលដូចជាបានរកឃើញពីមូលហេតុ ដែលមនុស្សមួយចំនួន តែងតែមានអារម្មណ៍ថាឃ្លានសឹងតែគ្រប់ពេលវេលា។

បើនិយាយអោយខ្លីទៅ ការរកឃើញទាំងអស់សុទ្ធតែមានពាក់ព័ន្ធជាមួយនឹងកម្រិតជាតិស្ករក្នុងឈាម។ អ្នកនិពន្ធការសិក្សាថ្មីនេះ បាននិយាយថាមនុស្សមួយចំនួនជួបប្រទះនូវការធ្លាក់ចុះ នៃកម្រិតជាតិស្ករក្នុងឈាមលឿនជាងអ្នកដទៃ បន្ទាប់ពីបរិភោគអាហាររួច ត្រឹមតែរយៈពេល ជាងពីរឬបីម៉ោងប៉ុណ្ណោះ។ បុគ្គលទាំងនោះត្រូវបានរាយការណ៍ជាទូទៅថា មានអារម្មណ៍ឃ្លានពេញមួយថ្ងៃ ដោយឧស្សាហ៍ញ៉ាំច្រើនដង ហើយជាទូទៅក៏ញ៉ាំច្រើនទៀតផង។

លោកស្រីវេជ្ជបណ្ឌិត Sarah Berry មកពីមហាវិទ្យាល័យ King នៅក្នុងទីក្រុងឡុងដ៍ (King’s College London) បាននិយាយថា “វាត្រូវបានគេសង្ស័យជាយូរមកហើយថា កម្រិតជាតិស្ករក្នុងឈាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងភាពស្រេកឃ្លាន ប៉ុន្តែលទ្ធផលពីការសិក្សាមុនៗ មិនមានលក្ខណៈគ្រប់គ្រាន់ទេ។ ឥឡូវយើងបានបង្ហាញថាការធ្លាក់ចុះស្ករ គឺជាការទស្សទាយយ៉ាងសាកសមនៃភាពស្រេកឃ្លាន និងការទទួលទានអាហារមានជាតិកាឡូរី គឺជាការឆ្លើយតបខ្ពស់បំផុត នៃកម្រិតជាតិស្ករក្នុងឈាម បន្ទាប់ពីការបរិភោគអាហាររួច ហើយវាក៏ជាការផ្លាស់ប្តូររបៀបដែលយើងគិត អំពីទំនាក់ទំនងរវាងកម្រិតជាតិស្ករក្នុងឈាម និងអាហារដែលយើងញ៉ាំផងដែរ។”

 

សរុបមក ក្រុមអ្នកស្រាវជ្រាវជឿជាក់ថាការងាររបស់ពួកគេ ទៅលើការពិតដែលថាការប្រព័ន្ធនៃការរំលាយអាហារផ្ទាល់ខ្លួន មានឥទ្ធិពលលើលទ្ធផលនៃការញ៉ាំនិង ទម្ងន់របស់មនុស្សដែលទទួលបាន ក៏ដូចជាទៅលើរបបអាហារ និងការធ្វើលំហាត់ប្រាណជាដើម។ ដោយសារតែមនុស្សពីរនាក់បរិភោគអាហារតែមួយដូចគ្នានោះ មិនមានន័យថារាងកាយរបស់ពួកគេ នឹងមានប្រតិកម្មដូចគ្នានោះទេ។

កត្តាសំខាន់បំផុតនៃការពិសោធន៍ ដែលបានបង្កើតការសិក្សានេះ គឺថាអ្នកចូលរួមទាំងអស់បានញ៉ាំអាហារពេលព្រឹក ដែលមានលក្ខណៈស្តង់ដារ។ តាមវិធីនេះ អ្នកនិពន្ធការសិក្សា អាចសង្កេតមើលពីរបៀបដែលរាងកាយរបស់មនុស្សខុសគ្នា រំលាយអាហារប្រភេទតែមួយ។

 

ជារួម មនុស្សចំនួន 1,070 នាក់ បានចូលរួមក្នុងការងារនេះ ហើយអស់រយៈពេលពីរសប្តាហ៍ពេញ បន្ទាប់ពីពួកគេបានបរិភោគអាហារដែលបានចាត់មកក្នុងកម្រិតស្តង់ដាដូចគ្នានោះ ពួកគេអាចទទួលទានអ្វី ដែលពួកគេចង់ញ៉ាំបន្ថែមទៀត បានពេញមួយថ្ងៃ។ នៅចុងបញ្ចប់នៃរយៈពេលអង្កេតនេះ អាហារពេលព្រឹកចំនួន 8 ពាន់ និងអាហារសម្រន់ខ្ទង់ 7 ម៉ឺនសរុបទាំងអស់ ត្រូវបានគេប្រើប្រាស់សម្រាប់ការតេស្តិ៍ពិសោធន៍នេះ។ អ្នកចូលរួមក៏បានធ្វើតេស្តិ៍ឆ្លើយតបនឹងកម្រិតជាតិស្ករក្នុងឈាម ដើម្បីកំណត់ថា តើរាងកាយរបស់ពួកគេអាចដំណើរការបានយ៉ាងដូចម្តេចទៅលើកម្រិតជាតិស្ករ ក្នុងកំឡុងពេលចូលរួមស្រាវជ្រាវនេះ។

ក្នុងកំឡុងនៃរយៈពេលសង្កេតការណ៍ អ្នកចូលរួមត្រូវតម្រូវឲ្យពាក់ឧបករណ៍តាមដានសារធាតុគ្លុយកូស (GCM) ដើម្បីតាមដានការផ្លាស់ប្តូរនៃកម្រិតជាតិស្ករក្នុងឈាមពេញមួយថ្ងៃ។ ឧបករណ៍ម៉ូនីទ័រផ្សេងទៀតក៏តម្រូវឲ្យពាក់ផងដែរ ក្នុងការ តាមដានការគេង និងសកម្មភាពរាងកាយ។ ទីបំផុត អារម្មណ៍នៃការស្រេកឃ្លាន ការដាស់តឿន និងពេលសម្រាប់ចន្លោះអាហារនីមួយៗដែលពួកគេចាប់ផ្តើមញ៉ាំនោះ នឹងត្រូវបានតាមដានតាមរយៈកម្មវិធីទូរសព្ទ។  

ការសិក្សាមុនៗ ភាគច្រើនផ្តោតលើការផ្លាស់ប្តូរជាតិស្ករក្នុងឈាម បានសិក្សាតែអ្វីដែលកើតឡើងពីមួយទៅពីរម៉ោង បន្ទាប់ពីអាហាររួចប៉ុណ្ណោះ។ ពេលនេះនៅជុំវិញអ្នកស្រាវជ្រាវទូទៅ បានពង្រីករយៈពេលនោះពី 2 ទៅ 4 ម៉ោង បន្ទាប់ពីបរិភោគអាហាររួច។ ការកែសម្រួលនេះ បានជួយឲ្យគេកត់សម្គាល់ថា មនុស្សមួយចំនួនជួបប្រទះនូវ “ការធ្លាក់ចុះជាតិស្ករយ៉ាងខ្លាំង” ពី 2 ទៅ 4 ម៉ោង បន្ទាប់ពីការឡើងដល់កម្រិតដំបូង ដែលគេបានឃើញ ក្រោយពេលបរិភោគ។ ក្នុងករណីទាំងនេះ ការធ្លាក់ចុះមានកម្រិតទាបជាង កម្រិតមូលដ្ឋានមុនពេលកើនឡើងវិញទៅទៀត។

 

មុខវិជ្ជាទាំងនេះដែលត្រូវបានគេហៅថា ជាការសិក្សាទៅលើក្រុមមនុស្សដែលឆាប់ឃ្លាន "Big dippers" ដោយអ្នកស្រាវជ្រាវបានបង្ហាញពីការកើនឡើងនៃភាពស្រេកឃ្លាន 9% ហើយរង់ចាំប្រហែលកន្លះម៉ោងតិចជាងអ្នកដទៃ មុនពេលអាហារបន្ទាប់។ លើសពីនេះទៅទៀត អ្នកដែលត្រូវបានគេហៅថា Big dippers នេះក៏បានញ៉ាំអាហារជាមធ្យមមាន 75 កាឡូរីបន្ថែមទៀត ក្នុងរយៈពេល 3 ទៅ 4 ម៉ោង បន្ទាប់ពីអាហារពេលព្រឹក និងប្រហែលច្រើនជាង 312 កាឡូរី ពេញមួយថ្ងៃ។ ប្រសិនបើគម្រូនេះ ត្រូវបានអនុវត្តពេញមួយឆ្នាំ វាអាចឱ្យមានការឡើងទម្ងន់ប្រមាណ 20 ផោន។

អ្នកដឹកនាំការសិក្សាយោបល់សាស្រ្តាចារ្យ Ana Valdes មកពីសាលាវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យ Nottingham បានផ្តល់យោបល់ថា “មនុស្សជាច្រើនមានបញ្ហាក្នុងការបញ្ចុះទម្ងន់ និងព្យាយាមរក្សាទម្ងន់ឱ្យនៅដដែល តែបើភ្លេចខ្លួន និងបានញ៉ាំអាហារដែលមានកាឡូរីបន្ថែម ពីរបីរយកាឡូរីក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលអាចឡើងទម្ងន់ ជាច្រើនផោន ក្នុងពេលមួយឆ្នាំ។ ការរកឃើញរបស់យើងថា ទំហំជាតិស្ករធ្លាក់ចុះ បន្ទាប់ពីបរិភោគអាហារនោះ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាពស្រេកឃ្លាន និងចំណង់អាហារ ដែលអាចជួយមនុស្សឱ្យយល់ដឹង ក្នុងការគ្រប់គ្រងទម្ងន់ និងអាចថែរក្សាសុខភាពបានក្នុងរយៈពេលវែង។”

អ្វីដែលសំខាន់ នៅពេលកត្តាដទៃទៀតដូចជាកម្រិតម៉ាស (BMI) អាយុ ឬទម្ងន់ រាងកាយ ត្រូវបានគេគិតថា មិនមានទំនាក់ទំនងរវាងទំនោរជាតិស្ករក្នុងឈាមទេ។ អ្នកស្រាវជ្រាវនិយាយថា ការរកឃើញទាំងអស់នេះ បង្ហាញថាប្រព័ន្ធរំលាយអាហាររបស់មនុស្សម្នាក់ ជាកត្តាតែមួយគត់ នឹងកំណត់ការប្រែប្រួលជាតិស្ករ ក្នុងឈាម។

លោក Tim Spector សាស្រ្តាចារ្យផ្នែករោគរាតត្បាតហ្សែននៅមហាវិទ្យាល័យ King's College London និងជាសហស្ថាបនិកវិទ្យាសាស្ត្រ ZOE ដែលជាក្រុមហ៊ុនវិទ្យាសាស្ត្រសុខាភិបាលដែលជួយអ្នកនិពន្ធស្រាវជ្រាវនេះ បានពន្យល់ថា “ទម្រង់នៃប្រភេទអាហារគឺមានច្រើន ហើយមនុស្សក៏មានភាពស្មុគស្មាញផងដែរ ប៉ុន្តែការស្រាវជ្រាវរបស់យើង កំពុងតែចាប់ផ្តើមបើកប្រអប់ខ្មៅរវាងអាហារ និងសុខភាព។ យើងរីករាយដែលបានប្រែក្លាយវិទ្យាសាស្ត្រដ៏ទំនើបនេះ ទៅជាការធ្វើតេស្តិ៍អាហារបំប៉ន និងមីក្រូជីវសាស្ត្រនៅតាមផ្ទះ ដូច្នេះអ្នករាល់គ្នាអាចរកឃើញចម្លើយដែលប្លែកពីគេ ចំពោះអាហារដើម្បីគាំទ្រ ដល់ការរំលាយអាហារនិងសុខភាពពោះវៀនផងដែរ។”

 

ប្រសិនបើអ្នកគិតថាអ្នកអាចធ្លាក់ខ្លួនទៅក្នុងទម្រង់ “Big dippers” ជាមនុស្សដែលឃ្លានច្រើន និងច្រើនពេល វានៅតែអាចរកឃើញនូវរបបអាហារដែលធ្វើឲ្យអ្នកពេញចិត្ត ដោយវាត្រូវការពេលយូរបន្តិច មុនពេលអ្នករកឃើញរូបមន្តត្រឹមត្រូវ សម្រាប់ជោគជ័យនៅក្នុងការរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នក ឲ្យមានសុខភាពល្អ។

អ្នកនិពន្ធការសិក្សា លោក Patrick Wyatt ពី ZOE បានសរុបថា “ការសិក្សានេះ បង្ហាញពីរបៀបដែលបច្ចេកវិទ្យាពាក់តាមដានសុខភាព អាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃ ដើម្បីជួយមនុស្សឱ្យយល់ពីប្រព័ន្ធជីវវិទ្យាពិសេសដោយឡែកៗទាក់ទងនឹងខ្លួនរបស់ពួកគេ និងមានសមត្ថភាពអាចគ្រប់គ្រងអាហាររូបត្ថម្ភ និងសុខភាពបាន។ ដោយបង្ហាញពីសារៈសំខាន់នៃចំណេះដឹងទាក់ទងនឹងការធ្លាក់ចុះកម្រិតស្ករក្នុងឈម ការសិក្សារបស់យើងបានត្រួសត្រាយផ្លូវ សម្រាប់ការចង្អុលបង្ហាញទិន្នន័យ និងការណែនាំផ្ទាល់ខ្លួន សម្រាប់អ្នកដែលស្វែងរកការគ្រប់គ្រងភាពស្រេកឃ្លាន និងកំណត់កម្រិតកាឡូរីក្នុងអាហារ តាមរបៀបដែលពួកគេអាចដោះស្រាយបានដោយខ្លួនឯង ជាជាងប្រឆាំងនឹងរាងកាយរបស់ពួកគេ។”