ការនាំចេញផលិតផលចិន ទៅទីផ្សារអន្តរជាតិហក់ឡើងខ្ពស់ដល់ ២៨% ក្នុងខែឧសភាកន្លងទៅ

ប៉េកាំង៖ ការនាំចេញផលិតផលជាច្រើនរបស់ចិន ទៅកាន់ទីផ្សារអន្តរជាតិ បានកំពុងទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ការនាំចេញផលិតផលជាច្រើនទៅកាន់បរទេស បានហក់ឡើងក្នុងអត្រា ២៧,៩% ឯណោះ យោងតាមរបាយការណ៍ចេញផ្សាយជាផ្លូវការរបស់រដ្ឋាភិបាលចិន។

ការនាំចេញក្នុងខែឧសភា ឆ្នាំ២០២១ បានបំបែកកំណត់ត្រាថ្មីសម្រាប់ចិន ក្នុងបរិបត្តិនៃជំងឺកូវីដ ១៩ ដែលនៅមិនទាន់ធូស្បើយ ឬស្រាកស្រាននៅឡើយ ដោយកំនើននៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងខ្ពស់ជាងគេបំផុត ក្នុងរយៈពេល ៥ ខែដំបូងកន្លងទៅនេះ។ ការនាំចេញនៅក្នុងខែឧសភា មានរហូតដល់ទៅ ២៧,៩% ឬមានរហូតដល់ទៅ ៥១,១% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០២០ កន្លងទៅ។

តាមរយៈរបាយការណ៍ពន្ធគយរបស់ចិន បានបញ្ជាក់ឱ្យដឹងថា ការនាំចេញរបស់ចិនបានហក់ឡើងខ្ពស់ខ្លាំងមិនធ្លាប់មានអស់មួយទសវត្សរ៍ទៅ ដោយក្នុងនោះទីផ្សារធំរបស់ចិន ដែលបាននាំចេញទៅច្រើនជាងគេ គឺនៅអាស៊ីអាគ្នេយ៍ សហភាពអឺរ៉ុប និងអាមេរិក ដោយចំនួននេះ គឺស្ថិតក្នុងកម្រិតបៃតង។ ការកើនឡើងនេះ គឺដោយសារតែមានតម្រូវការចេញពីសកលលោកខ្ពស់ខ្លាំង ជាពេលវេលាក្នុងការដោះស្រាយបញ្ហាកន្លងមក និងជួសជុលទៅលើបញ្ហាកកស្ទះ។

ស្ថិតក្នុងកំនើននៃការនាំចេញនោះ ផលិតផលជាច្រើនលានមុខ ត្រូវបាននាំចេញដោយស្របច្បាប់ ដោយក្នុងនោះ ផលិតផលអេឡិកត្រូនិច បាននាំចេញច្រើនជាងគេបំផុត កើនឡើង ៣១,៩% រាប់គិតចាប់ពីខែមករា រហូតដល់ខែឧសភា កន្លងទៅ ដោយរាប់បញ្ចូលការនាំចេញម៉ាសការពារជំងឺកូវីដ ១៩ បានថយចុះ ១០,៣% វិញផងដែរ។ ស្ថិតក្នុងលទ្ធផលល្អប្រសើរនេះ អ្នកវាយតម្លៃសេដ្ឋកិច្ចឯករាជ្យបាន លើកឡើងអំពីតម្រូវការសកល ស្របពេលលុយយ័ន (Yuan) បានកំពុងឡើងថ្លៃ ធ្វើឱ្យផលចំនេញរបស់ចិន ស្ទុះឡើងខ្លាំងនាខែឧសភា។

ក្រៅពីការឡើងថ្លៃលុយយ័ន ផលិតផលធម្មជាតិផ្សេងៗទៀតដូចជា ប្រេងឆៅ វត្ថុធាតុផ្សេងៗដូចជាដែក ផលិតផលកសិកម្ម ក៏បានកើនឡើងថ្លៃផងដែរ ដោយជាសរុប ទឹកប្រាក់នៅក្នុងខែឧសភា ដែលទទួលបានពីការនាំចេញនោះ កើនឡើងហួសពីការរំពឹងទុកប្រមាណ ៤៥,៥៣ ពាន់លានដុល្លារអាមេរិក៕