កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥១ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន(ASEAN STOM CHAIR) បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥១ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីពិនិត្យ និង ពិភាក្សាលើសកម្មភាព គម្រោង និងកម្មវិធីនានារបស់អាស៊ាន ដែលបានដាក់ចេញនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ និងពិនិត្យពិភាក្សាអំពីផែនការសកម្មភាព គម្រោង និងកម្មវិធីដែលត្រូវអនុវត្តនៅឆមាសទី២ ឆ្នាំ២០២១។

ប្រទេសកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥១ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង  និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាងគណៈប្រតិភូនៃបណ្ដា ប្រទេសអាស៊ានទាំងអស់ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន បានគូសបញ្ជាក់ថា៖ ទោះបីពិភពលោកកំពុងទទួលរងនូវការរាតត្បាតជាបន្តបន្ទាប់ពីជំងឺកូវីដ-១៩ មិនធ្លាប់ជួបប្រទះពីមុនមកក៏ដោយ ក៏ការរាតត្បាតនៃជំងឺនេះ មិនអាចបញ្ឈប់ និងពន្យាពេលការជួបជុំ ឬដំណើរការការងារកិច្ចប្រជុំ របស់យើងបានឡើយ។ 

ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានឧត្តមមន្ត្រីដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមការងារ និងលេខាធិការដ្ឋានអាស៊ានដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ទាក់ទងនឹងការដឹកជញ្ជូនឆ្នាំ២០២១ ដែលបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើក ចុងក្រោយ ក្នុងខណៈពេលមានជំងឺរាតត្បាតពីកូវីដ-១៩។

គួរកត់សម្គាល់ថា៖ សហសេវិកនិងដៃគូសន្ទនារបស់អាស៊ាន បន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រ របៀបវារៈស្តីពីការដឹកជញ្ជូន តាមរយៈកម្មវិធី និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ។ ដូច្នេះភាពជាដៃគូក្នុងការអភិវឌ្ឍជាមួយដៃគូសន្ទនាទាំងឡាយ ត្រូវតែពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បី ដោះស្រាយបញ្ហាប្រឈមថ្មីៗដែលអាចនឹងកើតមានឡើងនាពេលអនាគត៕

 

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន