ប្រាសាទទន្លេស្ងួតដែលជិតដួលរលំ ត្រូវបានជួសជុលឡើងវិញរួចរាល់!

ប្រាសាទទន្លេស្ងួត ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ របស់ព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅខាងជើងនៃរាជធានីអង្គរធំ ប្រាសាទនេះស្ទើតែដួលរលំទៅហើយ បន្ទាប់ពីមានអាយុកាលជាង ៧០០ ឆ្នាំនិងជាប្រាសាទមានហានិភ័យខ្ពស់ដោយសារកត្តាធម្មជាតិទឹកភ្លៀងច្រោះ និងរុក្ខជាតិដុះជុំវិញ ប៉ុន្តែត្រូវបានសង្គ្រោះឡើងវិញដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយលោក ជា សារិទ្ធិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ។

ប្រាសាទទន្លេស្ងួត បានសាងសង់នៅចុងសតវត្សទី១២ ក្រោមការគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបបច្ចុប្បន្ន ខាងជើងខ្លោងទ្វារដីឆ្នាំងប្រមាណ ៥០០ ម៉ែត្រ។ ដោយសារតែសំណង់ប្រាសាទមានហានិភ័យខ្ពស់ ខូចខាតគ្រឹះស្ទើតែទាំងស្រុងដោយសារឫសដើមឈើ និងទឹកភ្លៀងច្រោះជិតដួលរលំទៅហើយ ក្រុមអភិរក្សអាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមការងារជួសជុលប្រាសាទនេះឡើងវិញចាប់តាំងពីឆ្នាំ ២០១៩ និងបញ្ចប់នៅក្នុងឆ្នាំ២០២១ នេះ។ 

យោងតាមប្រសាសន៍របស់លោក ជា សារិទ្ធិ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងជាអ្នកដឹកនាំគម្រោងបានឲ្យដឹងថា ការងារជួសជុលប្រាសាទទន្លេស្ងួតឡើងវិញមាន ២ ដំណាក់កាលដោយឆ្នាំ២០១៩ ក្រុមការងារមានផែនការរុះរើ ស្រាវជ្រាវសិក្សាប្លង់ប្រាសាទ ចុះបញ្ជីថ្ម និងស្វែងរកថ្មដែលបាត់បង់។ ចំណែកឆ្នាំ២០២០ ពង្រឹងគ្រឹះប្រាសាទ នឹងចាប់ផ្ដើមផ្គុំថ្មប្រាសាទឡើងវិញ។ ជាលទ្ធផលនៅពាក់កណ្ដាលឆ្នាំ២០២១ ប្រាសាទទន្លេស្ងួត ទើបតែបញ្ចប់គម្រោងជួសជុលទាំងស្រុង ដែលធ្វើឲ្យបាសាទនេះ អាចឈរ និងបង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនឡើងវិញ និងក្លាយទៅជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរ។ 

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងគម្រោងជួសជុលប្រាសាទទន្លេស្ងួតនេះ ក្រុមការងារបានប្រទះឃើញនូវទ្វារបាលកម្ពស់ជិត ២ ម៉ែត្រ, ព្រះពុទ្ធស្តេចថ្នាំ, បដិមាជាច្រើនអង្គ, បំណែកជើងទ្វារបាល, និងស្លាកស្នាមរស់នៅរបស់ប្រជាជននាអតីតកាលជាច្រើនទៀត។ បច្ចុប្បន្ន យើងឃើញមានមន្ទីរពេទ្យចំនួន ៦ នៅក្នុងតំបន់អង្គរ ក្នុងនោះមន្ទីរពេទ្យចំនួន ៤ នៅក្នុងជុំវិញបរិវេណក្រុងអង្គរធំ ដូចនេះការជួសជុលប្រាសាទទន្លេស្ងួតឡើងវិញ មានគោលបំណងសង្គ្រោះសំណង់បេតិភណ្ឌមិនឲ្យបាត់បង់ លើកគុណតម្លៃនៃសិល្បៈវប្បធម៌បុរាណ និងជាសំណង់សម្រាប់បង្ហាញដល់អ្នកជំនាន់ក្រោយ ព្រមទាំងភ្ញៀវទេសចរបានទស្សនាផងដែរ។