ខ្លោងទ្វារតាកាវ ត្រូវផ្អាកចរាចរណ៍ឆ្លងកាត់រហូតដល់ការដ្ឋានជួសជុលរួចរាល់!

យោងតាមការចុះផ្សាយពីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ អាជ្ញាធរជាតិអប្សរានឹងបិទការចេញ-ចូលតាមខ្លោងទ្វារតាកាវជាបណ្ដោះអាសន្ន ដោយសារតែក្រុមការងារបច្ចេកទេសត្រូវការដំឡើងរន្ទា ដើម្បីរើថ្ម ដាក់ពង្រាយបំណែកថ្ម ផ្គុំថ្ម និងបំណែកចម្លាក់សម្រាប់ជួសជុលដែលចាំបាច់។ ដូចនេះខ្លោងទ្វារតាកាវត្រូវបិទការចេញ-ចូល រហូតដល់ការដ្ឋានត្រូវបានជួសជុលរួចរាល់។ 

គម្រោងជួសជុលឡើងវិញនៃខ្លោងទ្វារតាកាវ ត្រូវបានដំណើរការរៀបចំរន្ទាតាំងពីចុងឆ្នាំឆ្នាំ២០១៩ ដោយសារតែមើលឃើញពីភាពទ្រុឌទ្រោមនៃខ្លោងទ្វារ និងការដួលរលំនៃបង្កាន់ដៃអសុរានិងទេវតាទ្រនាគជាច្រើនផ្នែក។ យ៉ាងណាមិញ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ គម្រោងជួសជុលខ្លោងទ្វារតាកាវត្រូវបានពន្យាពេល និងទើបតែបានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដីបើកការដ្ឋានជួសជុលនៅខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ក្រោមការគាំទ្រឧបត្ថម្ភដោយលោកស្រី ឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍។

យោងតាមប្រសាសន៍កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ហើយក៏ជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខ្លោងទ្វារតាកាវ បានបង្ហាញថា គម្រោងជួសជុលខ្លោងទ្វារតាកាវ នឹងត្រូវអនុវត្តប្រមាណ ២ ឆ្នាំព្រោះតែខ្លោងទ្វារនេះមានហានិភ័យខ្ពស់ត្រង់តួនៃខ្លោងទ្វារ ចំណុចដំរីអាទិទេព ដោយសារតែទម្ងន់ពីកំពូលខ្លោងទ្វារសង្កត់ធ្លាក់មកក្រោមចំដំរីទាំង ៤។ ដូចនេះដំណាក់កាលទី១ ត្រូវការជួសជុលពង្រឹងដំរីនេះ ដើម្រីទ្រទ្រង់រចនាសម្ព័ន្ធខ្លោងទ្វារ។ ចំណែកដំណាក់កាលទី២ នឹងជួសជុលតួខ្លោងទ្វារ ហើយដំណាក់កាលទី៣ សិក្សា និងពង្រឹងទួលដែលនៅជុំវិញខ្លោងទ្វារ។ 

សូមបញ្ជាក់ផងដែរថា រាជធានីអង្គរធំមានខ្លោងទ្វារចំនួន ៥ ដូចជា៖ ខ្លោងទ្វារជ័យ, ខ្លោងទ្វារទន្លេអុំ, ខ្លោងទ្វារខ្មោច, ខ្លោងទ្វារដីឆ្នាំង, និងខ្លោងទ្វារតាកាវ។ ខ្លោងទ្វារតាកាវនេះ ស្ថិតនៅទិសខាងលិច និងត្រូវបានប្រើប្រាស់ជាច្រកដែលគេត្រូវយកអ្នកទោស ឬជនដែលប្រព្រឹត្តបទល្មើសមិនអាចលើកលែងបាន យកទៅប្រហារជីវិតនៅក្រៅបរិវេណអង្គរធំ កាលពីសម័យអង្គរ។ ក្រៅពីគម្រោងជួសជុលខ្លោងទ្វារ គេក៏ត្រូវរៀបចំចម្លាក់បង្កាន់ដៃអសុរា-ទេវតាទ្រនាគឡើងវិញផងដែរ។