ចិនត្រៀម បញ្ជូនអវកាសយានិក ទៅកាន់ស្ថានីយ៍អវកាសថ្មី (CSS) ជាលើកដំបូងនៅថ្ងៃពុធនេះ!

ប៉េកាំង៖ ការបញ្ជូនយាន្តទៅដល់ភពព្រះអង្គារ កាលពីពេលថ្មីៗកន្លងទៅនេះ គឺជាជោគជ័យដ៏ធំមួយ និងត្រូវកត់ត្រាចូលប្រវត្តិសាស្ត្ររបស់ចិន ជាមួយនឹងលទ្ធភាពអាចធ្វើទៅបាន ក្រោយចំនាយពេលវេលាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ បន្ថែមពីលើបេសកកម្មទាំងនោះ ចិនក៏បាននឹងកំពុងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបញ្ជូនអវកាសយានិក ទៅកាន់ស្ថានីយអវកាសថ្មីរបស់ចិន។

ក្រុមអ្នកវិទ្យាសាស្ត្រចិន នឹងបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រចំនួន ៣ នាក់ទៅកាន់ ស្ថានីយអវកាសថ្មីរបស់ខ្លួន ដែលកាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ បានបើកដំណើរនៅក្នុងលំហរ ស្ថិតក្នុងគន្លងផែនដីខាងលើ ដើម្បីបំពេញបេសកកម្មជាច្រើនរបស់ខ្លួន ក្នុងទីកន្លែងដែលគ្មានទំនាញផែនដីចំនួន ៣ ខែ ក្នុងគោលដៅរៀបចំឧបករណ៍សំខាន់ៗ និងថែទាំទៅលើគ្រឿងបរិក្ខារផ្សេងៗនៅទីនោះ ពិសេសគឺនាំមកនូវការធ្វើតេស្ត និងការដកពិសោធន៍ផ្សេងៗ មកកាន់ផែនដី ដើម្បីសិក្សាបន្ថែម។ 

ការធ្វើដំណើរទៅស្ថានីយ៍អវកាសចិនលើកនេះ នឹងធ្វើឡើងតាមគ្រាប់រ៉ុកកែត The Long March-2FY12 ដែលនឹងធ្វើឡើងនៅថ្ងៃពុធ ខាងមុខនេះឯង ដោយបេសកកម្មជាលើកដំបូង នេះមានតែបុរសប៉ុណ្ណោះ សម្រាប់ថ្ងៃអនាគត អវកាសយានិក នឹងមានស្ត្រីចូលរួមផងដែរ។ ក្រៅពីបេសកកម្មនេះ ចិន នៅមិនទាន់បង្ហាញអំពីតារាងពេលវេលាផ្លូវការ នៃការបាញ់គ្រាប់រ៉ុកកែតទៅកាន់លំហរនៅឡើយ គ្រាន់តែគម្រោងសម្រាប់ឆ្នាំ ២០២១ ទៅឆ្នាំ ២០២២ បេសកកម្មនឹងមានការបាញ់បង្ហោះគ្រាប់រ៉ុកកែតចំនួន ១១ ដងឯណោះ។

បេសកកម្មលើកដំបូងរបស់ក្រុមអ្នកវិទ្យសាស្ត្រទាំង ៣ នាក់របស់ចិន លើកនេះ ត្រូវបានបង្វឹក និងបណ្ដុះបណ្ដាលចាប់តាំងពីខែមីនា មកម្លេះ ដើម្បីធានាទៅដល់ការរស់នៅរយៈពេល ១២ សប្ដាហ៍នៅក្នុងលំហរ ជាមួយនឹងម្ហូបអាហារ និងសម្ភារៈសម្រាប់ការរស់នៅ ដែលបានដឹកជញ្ជូនទៅរួចជាស្រេច កាលពីខែឧសភា កន្លងទៅ។ ការបាញ់បង្ហោះគ្រាប់រ៉ុកកែត The Long March-2FY12 នឹងត្រូវធ្វើឡើងនៅស្ថានីយ៍ Jiuquan Satellite Launch Center។

គួរបញ្ជាក់ផងដែរថា ចិនបានបញ្ជូនអវកាសយានិករបស់ខ្លួនមានចំនួនសរុប ១១ នាក់ រួចមកហើយ ទៅកាន់ស្ថានអវកាសគិតមកដល់ពេលបច្ចុប្បន្ននេះ ដោយភាគច្រើន គឺជាអាកាសយានិកជំនាញៗ។ សម្រាប់ឆ្នាំ ២០២១ នេះ គឺជាបេសកកម្មផ្សេង និងធំមួយ ដែលមានទំនាក់ទំនងនឹងស្ថានីយ៍អវកាសរបស់ចិន ឬ Chinese Space Station  ដែលតាមផែនការ គឺនឹងត្រូវដាក់ឱ្យដំណើរការក្នុងលំហរសម្រាប់រយៈពេល ១៥ ឆ្នាំតទៅមុខទៀត៕