អារ៉ាប់ ពង្រីកការផ្គត់ផ្គង់ថាមពលបៃតង (Clean Energy) បន្ថែម ស្របតាមចក្ខុវិស័យទៅឆ្នាំ ២០៥០

ឌូប៉ៃ៖ តម្រូវការប្រើប្រាស់ថាមពលអគ្គិសនី កំពុងតែកើនឡើងជាបន្តបន្ទាប់ ស្របពេលអារ៉ាប់ បានកំពុងអភិវឌ្ឍប្រទេសឱ្យកាន់តែធំសម្បើម តាមរយៈការសាងសង់អគារ និងលំនៅឋាន ជាច្រើនលើផ្ទៃប្រទេស ហេតុនេះការបន្ថែមលទ្ធភាព នៃការផលិតថាមពលគឺត្រូវតែធ្វើឡើង ដោយក្នុងឆ្នាំ ២០២១ អាជ្ញាធរអគ្គិសនី និងទឹកស្អាត របស់អារ៉ាប់ ត្រៀមបង្កើនកម្លាំង ៦០០ មេហ្គាវ៉ាត់បន្ថែម។

តាមការបញ្ជាក់របស់អាជ្ញាធរអគ្គិសនី និងទឹកស្អាតជាតិ របស់អារ៉ាប់ ហៅកាត់ថា (DEWA) បានឱ្យដឹងថា ផែនការចំបងសម្រាប់ឆ្នាំ ២០២១ គឺពង្រីកការផ្គត់ផ្គង់ថាមពលស្អាត (Clean Energy) ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងខ្ពស់ នៅទូទាំងប្រទេស ពិសេសនៅតាមទីក្រុងធំៗ ដែលមានតម្រូវការខ្ពស់ខ្លាំង។ ការពង្រីកបន្ថែម នេះគឺស្ថិតក្នុងចក្វុវិស័យវែងឆ្ងាយ សម្រាប់អនាគតរបស់ភពផែនដី ដោយធ្វើយ៉ាងណាកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅបរិយាកាសជាអតិបរមា។

អាជ្ញាធរ DEWA បានបញ្ជាក់ក្នុងសេចក្ដីប្រកាសថា នឹងពង្រីកអានុភាពផ្គត់ផ្គង់ថាមពលនេះឱ្យបាន ៦០០ មេហ្គាវ៉ាត់បន្ថែម ធ្វើឱ្យឆ្នាំ ២០២២ អារ៉ាប់ អាចផ្គត់ផ្គង់ថាមពលស្អាត បានក្នុងចំនួនសរុប ១,៦១៦ មេហ្គាវ៉ាត់ ដោយទាញចេញពីកាំរស្មីព្រះអាទិត្យ។ អារ៉ាប់នឹងប្រើប្រាស់បន្ទះសូឡា យ៉ាងច្រើនជាប្រភេទ (Photovoltaic និង Concentrated Solar Power) ក្នុងការស្រូបយក និងផលិតចេញជាថាមពល ដែលការបន្ថែមសម្រាប់ទំហំសរុបនោះ គឺស្ថិតក្នុងដំណាក់កាលទី ៥ នៃគម្រោងទាំងមូល។

ការបង្កើនទំហំផ្គត់ផ្គង់ថាមពលនេះ នឹងធ្វើឱ្យអារ៉ាប់ អាចផលិតថាមពលស្អាត ឬកកើតឡើងវិញ ដោយមិនមានការបំភាយឧស្ម័នពុលចូលទៅបរិយាកាស ក្នុងអត្រា ១០% នៅក្នុងខែកក្កដា ខាងមុខនេះ នៃទំហំថាមពលប្រើប្រាស់សរុប និងឈានដល់ ១២% នៅចុងឆ្នាំ ២០២១ ខណៈ ៨៨% ផ្សេងទៀត បង្កើតឡើងចេញពីប្រភពផ្សេងៗគ្នា ដូចជាធ្យូងថ្ម ថាមពលនុយក្លីអ័រ កម្លាំងខ្យល់ ជាអាទិ៍។ 

អារ៉ាប់រំពឹងថា នៅក្នុងរយៈពេល ៣០ ឆ្នាំទៅមុខទៀត ពោលគឺ ឆ្នាំ២០៥០ ការផ្គត់ផ្គង់ថាមពលស្អាត ឬកកើតឡើងវិញបាននឹងមានរហូតដល់ទៅ ៧៥% ខណៈ ២៥% ទៀត នឹងត្រូវកាត់បន្ថយបន្តិចម្ដងៗទៀត រហូតឈានដល់ការបញ្ចប់ ឬឈប់ប្រើប្រាស់ការបង្កើតថាមពល ដែលប៉ះពាល់ទៅដល់បរិស្ថានផែនដីតែម្ដង៕