ផ្ទះល្វែងខ្នាតតូច រចនាទាន់សម័យ ងាយស្រួលក្នុង និងមានភាពបត់បែនសម្រាប់ការរស់នៅគ្រប់ទីកន្លែង

ផ្ទះល្វែង Grandio បានកំពុងទទួលបានចំណាប់អារម្មណ៍ពីមហាជន នៅក្នុងពិភពលោក អំពីភាពងាយស្រួលក្នុងការរស់នៅ ការច្នៃប្រឌិតនៃផ្នៃខាងក្នុង ដែលត្រូវបានគូសប្លង់ សម្រិតសម្រាំងឡើងយ៉ាងយកចិត្តទុកដាក់ ដែលធានាទៅដល់ភាពងាយស្រួល ជុំវិញការរស់នៅក្នុងលំនៅឋាន ដែលមានទំហំតូច តែភ្ជាប់មកជាមួយការច្នៃប្រឌិតខ្ពស់។

Grandio មានតែមួយជាន់ប៉ុណ្ណោះជាប់ដី និងមានឡៅតឿមួយ ជាប្រភេទផ្ទះល្វែង ដែលអាចសាងសង់នៅលើស្ថានដីរាប បានគ្រប់ទីកន្លែង ជាមួយនឹងសំណង់មានគុណភាព សម្រាប់ការរស់នៅសម័យថ្មី និងអ្នកដែលកំពុងស្វែងរកលំនៅឋានសម្រាប់គ្រួសារតូចមួយ។ ផ្ទះប្រភេទនេះត្រូវបាន រៀបចំឡើងយ៉ាងពិសេស ដើម្បីធានាទៅដល់ការរស់នៅ តាមរយៈការឌីហ្សាញមានភាពសាមញ្ញ ដោយនៅខាងមុខមានទ្វាររបង ដែលអាចបត់ឡើងទៅលើបាន ជាមួយច្រកទ្វារចូល និងផ្ទាំងកញ្ចក់មួយសម្រាប់ទទួលពន្លឺពីខាងក្រៅ និងមើលពីខាងក្នុងផ្ទះ ខណៈដំបូលខាងលើអាចអង្គុយ ទទួលទាន ឬជប់លាងខ្នាតតូច។

ផ្នែកខាងក្នុងមានបន្ទប់ទទួលភ្ញៀវមួយ ជាប់នឹងផ្ទះបាយ ដែលអាចដាក់សម្ភារ គ្រឿងបរិក្ខា គ្រឿងសង្ហារឹមផ្សេងៗ បន្ទប់ទឹក និងបន្ទប់គេងសម្រាប់មនុស្ស ២ នាក់នៅផ្នែកខាងក្រោយ ខណៈឡៅតឿខាងលើ ជាកន្លែងសម្រាប់បំពេញការងារ ឬអានសៀវភៅ។ Grandio ពុំប្រើប្រាស់ឥដ្ឋក្នុងការសាងសង់ឡើយ គឺប្រើប្រាស់ប៊េតុងលាយស្រេច សាងសង់តែម្ដង ជាមួយនឹងការធានាថា វាមានភាពធន់ទៅនឹងគ្រប់ស្ថានភាពនៃអាកាសធាតុ រាប់បញ្ចូលទាំងគ្រោះថ្នាក់ធម្មជាតិផ្សេងៗទៀត ដូចជា ខ្យល់ព្យុះ ភ្លើងឆេះព្រៃជាដើម។ ផ្ទះនេះ ក៏អាចយកទៅប្រើប្រាស់សម្រាប់បើកជាហាងលក់ទំនិញ ឬភេសជ្ជៈបានផងដែរ។

ផ្ទះល្វែងកម្ពស់១ ជាន់ជាប់ដី Grandio ត្រូវបានចំនាយពេលសិក្សា គូសប្លង់ ឌីហ្សាញអស់រយៈពេល ២៤ ខែ ក្រោមស្នាដៃស្ថាបត្យករលោក Cordoba, Huga ដែលបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគេបង្អស់ បង្កើតជាអគារ ដែលមានទំហំតូច តែផ្ដល់នូវភាពងាយស្រួលក្នុងការសាងសង់ និងការរស់នៅ។ Grandio ជាស្នាដៃរបស់ស្ថាបត្យករ ២៣ រូប បញ្ចូលគ្នា ដែលមានជំនាញច្បាស់លាស់ក្នុងវិស័យសំណង់ និងស្ថាបត្យកម្ម។ លក្ខណៈពិសេសមួយទៀតរបស់ Grandio គឺប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគេបង្អស់ ក្នុងការជម្រុញ និងបង្កើននៃការរៀបចំលំនៅឋានស្នាតតូច ឱ្យបានក្នុងល្បឿនមួយលឿន ស្របពេលកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ដែលត្រូវការលំនៅឋានឯកជនក្នុងការចាប់ផ្ដើមគ្រួសារផ្ទាល់ខ្លួនមួយ

លំនៅឋានខ្នាតតូចនេះ គ្រាន់តែជាកំណែអាប់ដេតទី២ ប៉ុណ្ណោះ ក្រុមស្ថាបត្យករ Grandio R&D នឹងបន្តអភិវឌ្ឍន៍លំនៅឋានបន្ថែមទៀត សម្រាប់ពេលអនាគត ដូចជាបង្កើតជាផ្ទះវីឡាខ្នាតតូច ផ្ដល់ភាពងាយស្រួលសម្រាប់ការកម្មង់ទិញ យកទៅរស់នៅ ដោយពុំចាំបាច់ចំនាយថវិការ ទៅលើកម្លាំងពលកម្មនោះឡើយ ឱ្យតែមានទីតាំងសមរម្យ គឺអាចមានលំនៅឋានរស់នៅបានហើយ ទៅតាមទំហំដែលបានជ្រើសរើស៕